ទាហានរុស្ស៊ីប្រមាណ ១៨០ ០០០នាក់ បានស្លាប់ និងរងរបួសក្នុងសង្គ្រាម​នៅអ៊ុយក្រែន

(Photo: AFP/Anatolii Stepanov)

ទាហានរុស្ស៊ី​ចំនួន ១៨០ ០០០នាក់ បានស្លាប់ និងរងរបួស គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ខណៈ​ទាហាន​​អ៊ុយក្រែនស្លាប់ និងរបួសចំនួន ១០០ ០០០នាក់ ហើយជនស៊ីវិលចំនួន ៣០ ០០០នាក់បានស្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការប៉ាន់ប្រមាណដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយមេបញ្ជាការកងទ័ពរបស់ប្រទេសន័រវែស និងដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន CNA យកមកចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។

ប្រមុខការពារជាតិន័រវែស លោក អ៊ីរិក គ្រីស្តូហ្វឺសេន (Eirik Kristoffersen) បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ TV2 ថា៖ «ទាហានរុស្ស៊ីប្រមាណ១៨០ ០០០នាក់បានស្លាប់ និងរបួស ខណៈទាហានអ៊ុយក្រែនប្រមាណ១០០ ០០០នាក់បានស្លាប់ និងរបួស»។

ទីក្រុងមូស្គូ និងទីក្រុងកៀវ មិនបានផ្តល់ទិន្នន័យដែលអាចទុកចិត្តបាន ចំពោះទាហានរបស់ខ្លួនដែលបានស្លាប់ និងរបួសឡើយ ក្នុងសង្រ្គាមជាច្រើនខែមកនេះ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ប្រមុខសេនាធិការរួមនៃកងទ័ពអាមេរិក លោក ម៉ាក មីលី (Mark Milley) បាននិយាយថា ទាហានរុស្ស៊ីជាង ១០០ ០០០នាក់ បានស្លាប់ និងរបួស និងថាទិន្នន័យខាងអ៊ុយក្រែនក៏ប្រហាក់ប្រហែលនេះដែរ។

លោក Kristoffersen បាននិយាយកាលពីថ្ងៃអាទិត្យថា ទោះបីជាមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ រុស្ស៊ីនៅតែអាចបន្តធ្វើសង្រ្គាមរយៈពេលយូរ។

គួរបញ្ជាក់ថា រុស្ស៊ីបានបើកការឈ្លានពានលើអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាអ្វីដែលទីក្រុងមូស្គូហៅថាជា​ «ប្រតិបត្តិការយោធាពិសេស» បានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ