លោក ហ៊ុន ម៉ាណែត ធ្លាប់ប្រាប់លោក ថាច់ សេដ្ឋា ឱ្យបញ្ឈប់ការជេរប្រមាថនិងលាបពណ៌លើបក្សកាន់អំណាច

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Hun Manet)

កូនប្រុសច្បងរបស់លោក ហ៊ុន សែន បានទម្លាយថា លោកធ្លាប់បានប្រាប់ទៅអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យណែនាំសកម្មជនរបស់ខ្លួនបញ្ឈប់វប្បធម៌សាបព្រោះនយោបាយជេរប្រមាថ និងលាបពណ៌មកលើ​គណបក្សប្រជាជនកម្ពុជាបន្តទៀត។

លោក ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី២៣ ខែមករា ថា ក្នុងជំនួបជាមួយលោក ថាច់ សេដ្ឋា នាពេលថ្មីៗនេះ ពោលគឺនៅពេលអនុប្រធានគណបក្សភ្លើងទៀនរូបនេះមិនទាន់ត្រូវបានចាប់ខ្លួន លោកបានស្នើទៅ​លោក ថាច់ សេដ្ឋា ឱ្យឈប់ប្រើវប្បធម៌នយោបាយជេរប្រមាថ និងលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជា ដែលជាវប្បធម៌បន្សល់ទុកដោយអតីតមេដឹកនាំគណបក្សភ្លើងទៀនកន្លងទៅ ហើយងាកមកឃោសនាតែអ្វីដែលជាគោលនយោបាយបក្សខ្លួន ទើបជាការប្រកួតប្រជែងត្រឹមត្រូវ។

លោកថា«ខ្ញុំប្រាប់គាត់ថា ឯកឧត្តម យើងល្មមដល់ពេលហើយ បក្សប្រឆាំងគួរនិយាយតែនយោបាយខ្លួនឯងទៅ។ អាយុទ្ធនាការវាយគេដើម្បីបានផលប្រយោជន៍ គួរតែនិយាយពីគោលនយោបាយហើយធ្វើ កុំនាំរឿង! បើអតីតមេគាត់នៅក្រៅប្រទេស គាត់ធ្វើតែយុទ្ធនាការជេរ លាបពណ៌ ប្រឆាំងពូជសាសន៍ ដើម្បីបង្កើតកំហឹង»។

បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរូបនេះមានប្រសាសន៍បន្តទៀតថា បើសិនជាបក្សប្រឆាំងមិនបង្កើតទំនុកចិត្ត ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាជឿជាក់ទេ បក្សកាន់អំណាចក៏ពិបាកនឹងទុកចិត្តលើបក្សភ្លើងទៀនដែរ។

លោកបន្ថែមថា«ភាពមិនទៀងត្រង់បែបនេះ ច្បាប់គឺជួយឱ្យមនុស្សចូលទៅក្នុងរបត់ដើម្បីបង្កើនទំនុកទុកចិត្តគ្នា បើអ្នកឯងជេរលេងហួសព្រំដែន ត្រូវតែទទួល។ ហ្នឹងហើយគឺការចូលរួមចំណែករបស់ច្បាប់ ក្នុងការថែរក្សាប្រជាធិបតេយ្យប្រកបដោយការទទួលខុសត្រូវ និងទុកចិត្តគ្នា។ លេងឱ្យស្រួលបួល បើមិនចង់ឱ្យគេធ្វើផ្លូវច្បាប់ កុំធ្វើខុសច្បាប់»។

ទន្ទឹមនឹងការថ្លែងរបស់លោក ហ៊ុន ម៉ាណែត នេះដែរ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ​គណបក្សភ្លើងទៀន ក៏បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សទាំង២៥រាជធានី-ខេត្ត​​ នៅទីស្នាក់កណ្ដាលរបស់គណបក្សភ្លើងទៀន នៅរាជធានីភ្នំពេញផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានណែនាំទៅសកម្មជននៅតាមមូលដ្ឋាន ឱ្យឈប់យករឿងបុគ្គលរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាមកធ្វើជាគោលដៅរិះគន់ ឬវាយប្រហារបន្តទៀត ដើម្បីបន្ថយកម្ដៅនយោបាយនាពេលបច្ចុប្បន្ន។

តំណាងគណបក្សភ្លើងទៀនមកពីខេត្តប៉ៃលិន លោក ខឹម មុនីកុសល ដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សបានប្រាប់ពួកគាត់រក្សាភាពស្ងៀមស្ងាត់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនយោបាយរវាងគណបក្សទាំងពីរ។

លោកបញ្ជាក់ថា ពួកគាត់នៅតែ​រិះគន់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ប៉ុន្តែមិន​រិះគន់ឬវាយប្រហាររឿងបុគ្គលឡើយ។

លោកថា៖ «ធ្វើយ៉ាងណាឱ្យសកម្មជនសំខាន់ៗរបស់យើងធ្វើការអត់ធ្មត់​ជាអតិបរ​មា ដើម្បីកុំឱ្យស្ថានភាពហ្នឹងកាន់តែធ្ងន់ធ្ងរ​ ក៏ប៉ុន្តែយើងមិនចាំតែរងសម្ពាធគេគ្រប់បែបណាទេ ​គ្រាន់តែជាគោលដៅរបស់គណបក្ស គឺយើងនៅតែគោរពគោលដៅ។ គោលការណ៍របស់យើងដែលយើងទាមទារចង់បានឱ្យមានការផ្លាស់ប្ដូរ គឺជាវិជ្ជមាន តាមរយៈការបោះឆ្នោត។ អ៊ីចឹងយើងនៅតែចង់បានឱ្យមានការបោះឆ្នោតមួយដែលមានបរិយាកាសល្អ អាចទទួលយកបានទាំងភាគីទាំងសងខាង។ អ៊ីចឹងទាក់ទងវោហារសព្ទអី ក៏យើងជជែកគ្នាដែរ បន្ថយវោហារសព្ទ ធ្វើម៉េចកុំឱ្យមានការប៉ះទង្គិចគ្នាទៅវិញទៅមក»។

គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង បានលើកឡើងថា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំបានឱ្យពួកគាត់បន្តពង្រឹងសកម្មភាពរបស់ខ្លួននៅតាមមូលដ្ឋាន ដោយបារម្ភពីការធ្លាក់ចុះប្រជាប្រិយភាព។

លោកបញ្ជាក់ថា ថ្នាក់ដឹកនាំក៏បានណែនាំឱ្យសមាជិកនៅតាមមូលដ្ឋានកុំឱ្យប្រើប្រាស់ពាក្យពេចន៍បង្កឱ្យមានជម្លោះ ស្របពេលកម្ដៅនយោបាយរវាងគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់ថយចុះ។

លោកថា៖ «​សម្រាប់បញ្ហានេះដែរ គ្រាន់តែគេជម្រាបសកម្មជនថ្នាក់ដឹកនាំមូលដ្ឋាន​ កុំឱ្យផុសអីផ្ដេសផ្ដាស ក្នុងនាមជាមនុស្សនៅក្នុងបក្ស​ កុំឱ្យប្រើភាសាណាដែលមិនសមរម្យ មិនសមជាអ្នកនយោបាយ រក្សានូវក្រមសីលធម៌នយោបាយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ថាជារឿងល្អ ហើយជាការរួមគ្នាមួយដែលបង្កជាបរិយាសនយោបាយល្អឆ្ពោះកាន់ការបោះឆ្នោតនាពេលខាងមុខនេះ។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលយកពាក្យរិះគន់ ដើម្បីស្ថាបនាចំណុចខ្វះចន្លោះ។

លោកថា៖ «គណបក្សកាន់អំណាចចង់បានអ៊ីចឹងតើ! ព្រោះវាជាបន្ទុករបស់យើង។ យើងមិនចង់ឱ្យមានបញ្ហា ចំណុចអវិជ្ជមាន។ អ៊ីចឹងមានការត្រេកអរដែរ បើសិនជាណែនាំឱ្យគ្នាគាត់មានឥរិយាបថត្រឹមត្រូវ។ ត្រូវយល់អ្វីទៅដែលហៅថាពាក្យរិះគន់ យើងចង់បានការរិះគន់ ដើម្បីស្ថាបនា ប៉ុន្តែយើងមិនបានការជេរប្រមាថ ការលាបពណ៌ ការវាយប្រហារទេ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ដោយចាត់ទុកការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ជារឿងល្អ។ លោកបន្តថា ការយកបុគ្គលម្នាក់ៗមកធ្វើការវាយប្រហារគ្នា មិនបានចំណេញអ្វីដល់ជាតិទេ ផ្ទុយទៅវិញ វាកាន់តែធ្វើឱ្យជាតិបែកបាក់បន្ថែមទៀត។ ដូច្នេះ លោកថា គណបក្សនយោបាយនីមួយៗគួរ​ប្រកួតគ្នាទៅលើគោលនយោបាយ និងសកម្មភាព ព្រមទាំងសមិទ្ធផលរបស់គណបក្ស​ដែលបានសន្យានាពេលកន្លងមក យកមកជជែកគ្នា ទើបជាការប្រសើរ។

លោកថា«ខ្ញុំគិតថាជារឿងល្អ ការឈប់ជេរប្រមាថហ្នឹង ក៏ប៉ុន្តែទាមទារដែរ គណបក្សកាន់អំណាច ត្រូវឈប់ជេរប្រមាថដែរ។ កាលណាជេរទៅ គេជេរមកវិញហើយ គេមានមាត់ដែរ។ អាហ្នឹងវាចេញពីសុទ្ធចិត្តទាំងសងខាង។ ខ្ញុំគាំទ្រកុំឱ្យមានការជេរប្រមាថហ្នឹង ហើយឱ្យលើកយកការរិះគន់ពាក់ព័ន្ធនឹងគោលនយោបាយ ពាក់ព័ន្ធនឹងការអនុវត្តមិនបាននៅក្នុងការឃោសនាការបោះឆ្នោត និងនយោបាយរបស់ខ្លួន»។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុ​​ន សែន បាន​ស្នើឱ្យគណបក្ស​ភ្លើង​ទៀន ចេញ​មុខ​សុំទោសជាសាធារណៈ ប្រសិន​បើមិន​ដូច្នេះ​ទេ លោក​​នឹ​​ង​​​​​​​ប​ង្គា​ប់ឱ្យលោក គី តិច ដែលជាមេធាវីរបស់លោក ពិនិត្យ​ខ្លឹម​សារ​ដែល​មាន​នៅក្នុង​សេចក្តី​​ថ្លែង​​ការណ៍​​នោះ នឹ​ងដាក់បណ្តឹងទៅតុលាការ។

បើតាម​លោក ហ៊ុន សែន មានតែការធ្វើដូច្នេះទេ ទើប​អាច​ស្វែងរក​យុត្តិធម៌ និង​ប៉ះប៉ូវ​ការ​ចោទ​​​ប្រ​​កា​ន់ ដែល​​​លោ​​ក​ចាត់​ទុក​ជា​ការ​មួល​បង្កាច់​ខុស​ពី​ការ​ពិត​នេះ​បាន។

លោក ហ៊ុន សែន ក៏បានព្រមាន​ចាប់​ខ្លួន​អ្នក​រិះ​គន់​ដាក់​ពន្ធនាគារដោយ​មិន​​​រុញ​​រា​​ទៀតឡើយ ​​រាប់ចាប់​​​តាំ​​​​ង​​ពីថ្នាក់មូលដ្ឋានដល់ថ្នាក់​​ជា​តិ នៅពេលរកឃើញថា នៅបន្តសាបព្រោះ​​វប្បធម៌​​​រិះគន់​​​គណបក្សប្រជាជនកម្ពុជា គឺ​លោក​​នាយក​រដ្ឋមន្រ្តីអះអាងថា ​​​នឹង​​ឈប់​​​ឱ្យ​អ្នក​រិះគន់ទាំ​ងនោះ​​រត់រួច​​ខ្លួន​​ទៀត​ហើយ ទោះពួកគេត្រូវភៀស​ខ្លួនតាមមធ្យោបាយណាក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ