លោក​ ​កឹម​ ​សុខា​៖ សន្តិភាព​ផ្លូវ​ចិត្ត​ដែល​កើត​មាន​នៅ​នឹង​​បុគ្គល​ម្នាក់​ៗ​​ជា​សន្តិភាព​ពិត​ប្រាកដ​ ​

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានលើកឡើងថា សូម​ឱ្យមនុស្សគ្រប់រូប ដែលតាំងខ្លួនថាប្រាថ្នាចង់បាននូវសន្តិភាព ត្រូវយល់ដឹងពីអត្ថន័យនៃ«សន្តិភាព»ពិតនោះ គឺជាសន្តិភាពដែលកើតមាននៅក្នុងផ្លូវចិត្តរបស់បុគ្គលរៀងៗខ្លួន ដែលស្តែងចេញតាមរយៈកាយ និងវាចា។

អំពាវនាវទៅថ្នាក់ដឹកនាំដែលតាំងខ្លួនថាចង់បានសន្តិភាព ត្រូវយល់ដឹង និងពង្រឹងការប្រតិបត្តិនូវព្រះពុទ្ធឱវាទ «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ» ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ         ខណៈសន្តិភាពកើតមាននៅក្នុងផ្លូវចិត្តរបស់បុគ្គលម្នាក់ៗ តាមរយៈកាយ និងវាចា ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ​បានបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុករបស់លោកនៅថ្ងៃអាទិត្យទី៥ ខែកុម្ភៈ​ ដែលចំថ្ងៃបុណ្យមាឃបូជា។ លោកលើកឡើងថា ថ្ងៃបុណ្យមាឃបុជា គឺជាថ្ងៃដែលប្រកាសបង្កើតព្រះពុទ្ធសាសនាដ៏អស្ចារ្យក្នុងលោក  និងជាថ្ងៃព្រះសម្មាសម្ពុទ្ធសម្តែងនូវព្រះឱវាទបាតិមោក្ខទូន្មានសត្វលោកឱ្យធ្វើអំពោះល្អ សំអាតចិត្តឱ្យបរិសុទ្ធ គឺមានសន្តិភាពផ្លូវចិត្តដែលជាសន្តិភាពពិត និងជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធដាក់អាយុសង្ខារ ឬថ្ងៃកំណត់របស់ទ្រង់ចូលព្រះនិព្វាន។

លោក កឹម សុខា បញ្ជាក់ថា ថ្ងៃបុណ្យមាឃបូជា ជាទិវាសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា​ ហើយអ្នកទាំងឡាយណា ដែលតាំងខ្លួនថាជាពុទ្ធសាសនិក ជាពិសេសប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកដឹកនាំប្រទេសកម្ពុជា ដែលមានរដ្ឋធម្មនុញ្ញចែងថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។ លោកថា ពួកគេទាំងអស់ ត្រូវយល់ដឹង និងពង្រឹងការប្រតិបត្តិនូវព្រះពុទ្ធឱវាទ ពីព្រោះថ្ងៃ១៥កើត ខែមាឃ កាលពី៥៨៨ឆ្នាំមុនគ្រឹស្តសករាជ គឺជាថ្ងៃមហាសន្និបាត ឬ ចតុរង្គសន្និបាតដែលជាការជួបជុំព្រះសាវៈរបស់ព្រះសម្មាសម្ពុទ្ធ១ ២៥០អង្គ។

លោកបញ្ជាក់ថា៖ «សូមឱ្យព្រះឱវាទបាតិមោក្ខដែលជាការទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ កើតមានដល់មនុស្សគ្រប់រូប ជាពិសេសសូមឱ្យមន្សគ្រប់រូប ដែលតាំងខ្លួនថា ប្រាថ្នាចង់បាននូវសន្តិភាពដែលកើតមាននៅក្នុងផ្លូវចិត្តរបស់បុគ្គលរៀងៗខ្លួនដែលស្តែងចេញតាមរយៈកាយ និងវាចា»។

ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃ​បុណ្យមាឃបូជានេះដែរថា  មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

លោក​ ហ៊ុន សែន បញ្ជាក់ថា ព្រះពុទ្ធសាសនា មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីបុណ្ណោះទេ ។ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុកសាររបស់លោក កឹម សុខា និងលោក​ ហ៊ុន សែន ផ្ញើជូនជនរួមជាតិនៅថ្ងៃបុណ្យមាឃបូជា គឺជាប្រយោជន៍ល្អសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងប្រទេសជាតិ។

ប៉ុន្តែលោក សេក សុជាតិ សង្កេតឃើញថា ការអនុវត្តជាក់ស្តែងជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំប្រទេសមិនបានអនុវត្តឱ្យបានល្អពេញលេញតាមព្រះពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធនោះទេ។ ករណីនេះលោកថា បើថ្នាក់ដឹកនាំនៅតែបន្តធ្វើបែបនេះទៀត អាចនឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «ទង្វើនិងសកម្មភាព វាផ្ទុយ ឬក៏ប្រាស់ចាកអំពីសារដែលគាត់[លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន]បានលើកឡើង ហើយពួកគាត់នៅតែធ្វើនូវអំពើដែលយើងឃើញថា វាមិនបានផ្តល់នូវផលចំណេញណាមួយសម្រាប់សង្គម ហើយជាពិសេសការអនវុត្តច្បាប់ឱ្យមានតម្លាភាព និងត្រឹមត្រូវក៏មិនមានដែរ»។

លោកបន្ថែមថា៖ «យើងឃើញថា ការប្រឆាំងគ្នាទៅវិញទៅមករវាងអ្នកនយោបាយនៅកម្ពុជា វាក្លាយទៅជាទម្លាប់មួយអាក្រក់។ វាធ្វើឱ្យសង្គមជាតិ និងអន្តរជាតិ និងអ្នកតាមដានសង្គមមើលឃើញថា កំហុសឆ្គងនៅកណ្តាលវាលតែម្តង ហើយអត់ព្រមកែប្រែនូវផ្នត់គំនិតខ្លួនឯងឱ្យបានវិជ្ជមានជាមួយនិងការនិយាយ   ហើយនិយាយបែបនេះ ហើយមិនធ្វើ និយាយទៅប្រាស់ចាកពីការពិត។ វានិងធ្វើឱ្យកិត្តិយស មុខមាត់ស្ថាប័នដែលខ្លួនការពារកាន់តែអាប់អោន កាន់តែទទួលបាននូវការរិះគន់ នៅក្នុងផ្លូវអវិជ្ជមាន ច្រើនជាងផ្លូវវិជ្ជមាន»។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ លោកថា ពិធីបុណ្យនេះប្រារព្ធឡើង ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នៅថ្ងៃ១៥ កើត ខែមាឃ ពោលគឺ៩ខែ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ