មន្ត្រីជាន់ខ្ពស់នគរបាលជាតិឱ្យដឹងថា ជនជាតិចិនជាង២០នាក់ ដែលបានបង្ហោះវីដេអូខ្លីមួយគំរាមកំហែងបង្កអសន្ដិសុខ និងគ្រោះថ្នាក់ផ្សេងៗនៅខេត្តព្រះសីហនុ លោកថា ពួកគេមិននៅក្នុងប្រទេសកម្ពុជាទេ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា សមត្ថកិច្ចកម្ពុជា និងចិន កំពុងស្រាវជ្រាវរកក្រុមជនជាតិចិនជាង២០នាក់ ដែលបានបង្ហោះវីដេអូគំរាមកំហែងបង្កអសន្ដិសុខនៅខេត្តព្រះសីហនុ ទោះបីជាជនជាតិចិនទាំងអស់នោះមិននៅក្នុងប្រទេសកម្ពុជាក៏ដោយ។
លោកថា៖ «យើងរកឃើញថា ពុំមានពួកនៅក្នុងឃ្លីបហ្នឹងនៅក្នុងប្រទេសកម្ពុជាទេ បានន័យថា ពួកគាត់អត់នៅកម្ពុជាទេ។ យើងកំពុងបន្តកិច្ចសហកាជាមួយភាគីចិន ដើម្បីជួយស្វែងរក និងសហការគ្នា ដើម្បីស្រាវជ្រាវរកបន្តទៀត។ ខ្ញុំមិនដឹងថា នៅណាផង? ខ្ញុំមិនដឹងឆ្លើយថាចាប់ មិនដឹងថាកាត់ទោសគាត់ម៉េច? ជូនព័ត៌មានបានប៉ុណ្ណឹងសិន រកឱ្យឃើញសិន»។
លោក ឆាយ គឹមខឿន បញ្ជាក់ថា ឃ្លីបវីដេអូដែលក្រុមជនជាតិចិនគំរាមកំហែងបង្កអសន្ដិសុខ និងគ្រោះថ្នាក់ផ្សេងៗនៅខេត្តព្រះសីហនុ លោកថា ជាវីដេអូចាស់ដែលគេយកមកផុសឡើងវិញ ប៉ុន្តែមិនអាចបញ្ជាក់ថា វីដេអូចាស់នេះ មានរយៈពេលប៉ុន្មានឆ្នាំមកហើយនោះទេ។
ក្នុងវីដេអូឃ្លីបរយៈពេលប្រហែល១០វិនាទី ដែលត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម បុរសម្នាក់ស្ថិតក្នុងចំណោមក្រុមបុរសជនជាតិចិនជាង ២០នាក់ បាននិយាយជាភាសាចិន ដែលត្រូវបានបកប្រែមកជាភាសាខ្មែរថា ពួកគេជាជនជាតិចិនមកពីទីក្រុងឆុងជីង នឹងបង្កភាពវឹកវរនៅខេត្តព្រះសីហនុ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ។