សមត្ថកិច្ចខេត្តស្វាយរៀងឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នកាលម្សិលមិញ ដោយចោទថា បានជេរប្រមាថដល់អង្គព្រះមហាក្សត្រ។
ដីកាចៅក្រមស៊ើបសួរ សុវណ្ណ ច័ន្ធន៍គ្រឹះស្នា នៃសាលាដំបូងខេត្តស្វាយរៀងចេញផ្សាយកាលពីថ្ងៃម្សិលមិញ បញ្ជាក់ថា បុរសម្នាក់នោះឈ្មោះ គឹម បញ្ញា ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមដីកាចោទប្រកាន់បុរសនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថអង្គព្រះមហាក្សត្រ។ ដីកាចោទថា បុរសនោះបានប្រព្រឹត្តកំហុសនៅកន្លែងរស់នៅ គឺមុនមួយថ្ងៃនៃការចាប់ខ្លួន។
ដីកាបញ្ជាក់ថា រយៈពេលនៃការឃុំខ្លួនបុរសនេះចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ និងមិនឱ្យហួសពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ លើកលែងតែមានដីកាបង្គាប់ឱ្យពន្យារពេលនៃការឃុំខ្លួន ឬ ដីកាបង្គាប់ឱ្យរក្សាទុកជនត្រូវចោទក្នុងការឃុំរង់ចាំការជំនុំជម្រះ។
ចៅក្រមស៊ើបសួរ សុវណ្ណ ច័ន្ធន៍គ្រឹះស្នា ចោទប្រកាន់នេះ ផ្អែកលើមាត្រា៣០៥ មាត្រា៣០៧ មាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៣៧ (ស្ទូន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។