លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងគណៈប្រតិភូ នឹងទៅចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុននេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយកាលពីម្សិលមិញ ឱ្យដឹងថា ដំណើរទស្សនកិច្ចនោះ លោក ហ៊ុន សែន នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។
សេចក្ដីប្រកាសដដែលថា ក្នុងជំនួបទ្វេភាគីនោះ នាយករដ្ឋមន្ត្រីទាំងពីរនឹងចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍នៅប្រទេសកម្ពុជាចំនួន២ ក្នុងនោះមាន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម – សាងសង់ស្ថានីយ៍កុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន (ប្រមាណ ១លាន ៨សែនដុល្លារអាមេរិក) និងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩ លានយ៉េនជប៉ុន (ប្រមាណ ៣លាន ១សែនដុល្លារអាមេរិក)។
យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចនេះ ក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅប្រទេសជប៉ុន គ្រោងនឹងនាំគ្នាតវ៉ា ដើម្បីប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន និងគណៈប្រតិភូផ្សេងទៀត ដែលបានទៅចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៊ីសប្ដាហ៍ក្រោយនេះ។ ការតវ៉ារបស់ពួកគេ នឹងធ្វើនៅទីតាំងចំនួនបី គឺនៅមុខសណ្ឋាគារ ដែលរៀបចំសន្និសីទនោះ នៅមុខក្រសួងការបរទេសជប៉ុន និងមុខរដ្ឋសភា។