ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ បានផ្តល់អំណាចដល់ក្រុមប្រឹក្សា ដើម្បីឱ្យពួកគេជំរុញយន្តការធ្វើកំណែទម្រង់អភិបាលកិច្ចល្អរដ្ឋបាលថ្នាក់ក្រោមជាតិ ធានាដល់ការអភិវឌ្ឍបែបប្រជាធិបតេយ្យ។
ច្បាប់នេះចែងថា ក្រុមប្រឹក្សាត្រូវធ្វើយុទ្ធសាស្ត្រអនុវត្តផែនការអភិវឌ្ឍ ដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យភាព ចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុឱ្យមានតម្លាភាព និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ តាមដានការដេញថ្លៃគម្រោង ពិនិត្យលើការចាយវាយថវិការបស់គណៈអភិបាល និងទប់ស្កាត់ការទារថ្លៃសេវាលើសច្បាប់កំណត់ ជាដើម។
មិនតែប៉ុណ្ណោះ ច្បាប់នេះបានផ្តល់អំណាចដល់ក្រុមប្រឹក្សា អាចចេញដីការារាំងដល់សកម្មភាពណាមួយក៏បាន បើខ្លួនយល់ថា សកម្មភាពទាំងនោះបង្កផលប៉ះពាល់ដល់ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ពួកគេ ។
មាត្រា ៦១ចែងថា៖ «ក្រុមប្រឹក្សាត្រូវអនុវត្ត និងពង្រឹងការអនុវត្តដីកាទាំងអស់របស់ខ្លួន។ ក្នុងករណីចាំបាច់ ក្រុមប្រឹក្សាត្រូវពង្រឹងការអនុវត្តដីការបស់ខ្លួនតាមរយៈ ឬដោយមានកិច្ចសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌។ មន្ត្រីយុត្តិធម៌ត្រូវជួយក្រុមប្រឹក្សា ដើម្បីពង្រឹងការអនុវត្តដីការបស់ក្រុមប្រឹក្សា នៅពេលដែលមានការស្នើសុំជាលាយលក្ខណ៍អក្សរពីក្រុមប្រឹក្សា»។
ប៉ុន្តែ បើគេនិយាយពីប្រជាធិបតេយ្យ គេត្រូវនឹកដល់ការប្រកួតអំណាចតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយក្បាលម៉ាស៊ីនដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវមានគណបក្សចូលរួមលើសពីពីរ ដើម្បីឱ្យប្រព័ន្ធដឹកនាំនេះមានការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត។
ប៉ុន្តែ បើយើងក្រឡេកមើលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ដែលធ្វើឡើងនៅអាទិត្យម្សិលមិញវិញ អ្នកនាំពាក្យគណបក្សប្រជាជនម្ពុជា លោក សុក ឥសាន អះអាងថា ព័ត៌មានបឋម គណបក្សនេះឈ្នះការបោះឆ្នោតលើ ២០៣មណ្ឌលនៅទូទាំងប្រទេស គិតជាភាគរយ ជាង ៩៩ភាគរយ ដូចចំនួនអង្គបោះឆ្នោតដែលខ្លួនមានច្រើនជាងគេ។
បញ្ហានេះបង្កើតជាសំណួរថា បើក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ មកពីបក្សតែមួយ វាបានរារាំងដល់ការជំរុញការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅមូលដ្ឋានឬទេ?
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ពន្យល់ថា តំណែងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ បានពីការបោះឆ្នោតគាំទ្ររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតជាអ្នកបោះឱ្យ។
លោក សន ជ័យ ឱ្យដឹងទៀតថា ក្រុមប្រឹក្សាបានដើរតួនាទីសំខាន់ជាអ្នកឃ្លាំមើលការអនុវត្តរបស់គណៈអភិបាល ជំរុញតម្លាភាព និងគណនេយ្យភាពសង្គម ធានាដល់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
ប៉ុន្តែ លោក សន ជ័យ វិភាគថា បើប្រព័ន្ធតាមដាននេះ កើតចេញពីបក្សតែមួយ ការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវនឹងធ្លាក់ចុះ ព្រោះប្រព័ន្ធនេះបាត់តុល្យភាពអំណាច ។
លោកថា៖ «តួអង្គប្រកួតប្រជែងដ៏ធំដែលមានក្រុមប្រឹក្សារាប់ពាន់នាក់របស់អតីតគណបក្សប្រឆាំងដែលត្រូវបានគេរំលាយចោលនោះ វាជារូបភាពមួយដែលធ្វើឱ្យរូបភាពអំណាចនៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌនេះ ក៏ដូចជា ច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សានេះ ក៏អាចមានឥទ្ធិពលថយចុះ»។
ក្រោយបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា មានសំឡេងឆ្នោតគាំទ្រជាង ៣លាន ៥សែននាក់ (៣៥៤០០៥៦) ស្មើ ៥០.៧៦ ភាគរយ គិតជាអាសនៈមាន ៦៥០៣។
គណបក្សសង្គ្រោះជាតិពេលនោះមានសំឡេងឆ្នោតគាំទ្រ ៣០៥៦៨២៤ ស្មើ ៤៣.៨៣ ភាគរយ គិតជាអាសនៈមាន ៥០០៧។
ប៉ុន្តែ ក្រោយគណបក្សនេះត្រូវបានរំលាយ គ.ជ.ប បានយកអាសនៈឃុំ-សង្កាត់របស់អតីតគណបក្សប្រឆាំងទាំងជាង៥ពាន់នេះ ទៅចែកឱ្យគណបក្សផ្សេងទៀត តែគណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ ដល់ទៅ ៤៥៤៨ អាសនៈ ដែលកត្តានេះ អង្គបោះឆ្នោតគណបក្សកាន់អំណាច សម្រាប់ការប្រកួតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ឡើងដល់ទៅជាងមួយម៉ឺន (១១០៥១) ស្ទើរតែគ្របដណ្តប់លើអាសនៈក្រុមប្រឹក្សានៅទូទាំងប្រទេសដែលមាន ១១៥៧២។
មន្ត្រីផ្នែកអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត ហៅ ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ប្រៀបដូចសភាជាន់ទាបដែរ ព្រោះពួកគេជាអ្នកប្រមូលបញ្ហាពលរដ្ឋ ហើយជំរុញឱ្យមានដំណោះស្រាយដោយតម្លាភាព ដូចជា ការចូលរួមប្រឹក្សាយោបល់ពីផែនការអភិវឌ្ឍនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ជាដើម។
ប៉ុន្តែ អ្នកឃ្លាំមើលរូបនេះ វិភាគថា បើសភាជាន់ទាបនេះជាសភាឯកបក្ស ដូចថ្នាក់ជាតិដែរ ប្រសិទ្ធភាពនៃការជំរុញអភិបាលកិច្ចល្អដល់រដ្ឋបាលថ្នាក់ក្រោមជាតិអាចធ្លាក់ចុះ ព្រោះយន្តការឆ្លុះបញ្ចាំង និងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានបាត់បង់។
លោក ថា៖ «យើងមើលឧទាហរណ៍ជាក់ស្តែង ដូចបច្ចុប្បន្ននេះ ពេលដែលសភាថ្នាក់ជាតិមានតែមួយគណបក្ស ឬហៅថាសភាឯកបក្សហ្នឹង។ ឥឡូវនេះមានការជួបជុំ [អតីតមន្ត្រីបក្សប្រឆាំងជុំគ្នាហូបនំបញ្ចុក តុលាការកោះហៅ] មានការកោះហៅ អាហ្នឹងជាតួនាទីរបស់តំណាងរាស្ត្រដែលគាត់មានតួនាទីចុះជួបពលរដ្ឋមើលពីបញ្ហាហ្នឹង។ ប៉ុន្តែ យើងអត់ដែលបានឃើញតំណាងរាស្ត្រចុះសួរទេ អាហ្នឹងដែលយើងមើលឃើញថា ជាចំនុចដែលអសកម្ម»។
ជ្រុងមួយទៀតនៃបញ្ហាសង្គមក្រោយពីតុលាការកំពូល បានរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧នេះ ជាការបើកឱកាសឱ្យគណបក្សកាន់អំណាចបន្តគ្រប់គ្រងទាំងស្រុងទៅលើស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រួមទាំងក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ដូចពេលនេះ។
របត់នយោបាយបែបនេះ បាននឹងកំពុងជំរុញកម្ពុជាឱ្យប្រឈមទៅនឹងបញ្ហាផ្ទៃក្នុងផង និងរងការគំរាមកំហែងពីទណ្ឌកម្មអន្តរជាតិដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ ពីការគំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម។
អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី យល់ថា ដំណើរកម្ពុជាពេលនេះកំពុងវិលទៅរករបបដឹកនាំដូចមុខទសវត្សរ៍៩០ ដែលពេលនោះ គណបក្សប្រជាជនគ្រប់គ្រងចាប់តាំងពីប្រធានក្រុមរហូតដល់ស្ថាប័នជាតិទាំងអស់។
ប៉ុន្តែ អ្នកវិភាគរូបនេះ ព្រមានថា ស្ថានភាពបែបនេះវានឹងធ្វើឱ្យគណបក្សកាន់អំណាចស្គាល់រស់ជាតិបរាជ័យវិញ បើជ័យជម្នះផ្ទួនៗរបស់ខ្លួនក្រោមសំឡេងរិះគន់នេះ ភ្លេចធ្វើកំណែទម្រង់ ត្រឡប់ទៅការពារប្រយោជន៍ពលរដ្ឋទូទៅវិញនោះ។
លោកថា៖ «បើមិនធ្វើកំណែទម្រង់ទេ មិនធ្វើឱ្យមានប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអីឡើងវិញទេ ខ្ញុំគិតថា នៅពេលដែលកម្ពុជាមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើងវិញមកដល់ពេលណា ហានិភ័យរបស់គណបក្សប្រជាជនកម្ពុជានៅតែកើតមានពេលហ្នឹង»។
អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លោក អៀ សុផល មានប្រសាសន៍ថា ការបោះឆ្នោតក្រុមប្រឹក្សាលើកនេះ មិនឆ្លុះបញ្ចាំងគោលការណ៍សេរី និងយុត្ដិធម៌នៅក្នុងដំណើរការបោះឆ្នោតបែបប្រជាធិបតេយ្យនោះទេ ថាវាជាប្រព័ន្ធដឹកនាំឯកបក្ស។
អ្ននជំនាញការទូតអន្តរជាតិរូបនេះ យល់ថា ប្រព័ន្ធដឹកនាំបែបនេះធ្វើឱ្យរដ្ឋាភិបាលជិះសេះលែងដៃ និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់យន្តការលើកកម្ពស់អភិបាលកិច្ចល្អ រដ្ឋបាលថ្នាក់ក្រោមជាតិ តាមបែបប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងក្នុងបណ្ដាញសង្គមថាបក្សតិច ឬច្រេីន អាស្រ័យលេីការសម្រេចចិត្តរបស់ប្រជាជនប្រទេសនីមួយៗ ។ លោក ថាប្រទេសប្រជាធិបតេយ្យតាមបែបបក្សតែមួយ មានការភិវឌ្ឍរីកចម្រេីនដូចតែប្រទេសមានបក្សច្រេីនដែរ។ លោក បានលើកជាឧទាហរណ៍ថា ប្រទេសចិនមានប្រជាជន ១៥០០លាននាក់ មានបក្សតែមួយតាំងពីឆ្នាំ១៩៤៩មក បានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលេីលោកដែលបណ្តាប្រទេសបក្សច្រេីននាំគ្នាភ័យខ្លាច៕