លោក ប្រាយុទ្ធ ចាន់អូចា បានតែងតាំងអ្នកដែលស្មោះស្ម័គ្រជាមួយលោកឲ្យកាន់តំណែងធំៗក្នុងជួរគណៈរដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មីនេះ។
ព្រះមហាក្សត្រថៃ កាលពីថ្ងៃពុធម្សិលមិញ បានចេញព្រះរាជក្រឹត្យទទួលស្គាល់គណៈរដ្ឋមន្រ្តីថ្មីដែលស្នើឡើងដោយក្រុមលោក ប្រាយុទ្ធ។
តាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post របស់ហុងកុង អ្នកដែលស្មោះត្រង់ និងដើរតាមលោក ប្រាយុទ្ធ ត្រូវបានតែងតាំងឲ្យកាន់តួនាទី និងតំណែងធំៗចាប់ពីរដ្ឋមន្រ្តីក្រសួងសំខាន់ៗ រហូតដល់ឧបនាយករដ្ឋមន្រ្តី។
អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិដែលត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតរបស់លោក ប្រាយុទ្ធ គឺលោក Prawit Wongsuwon ត្រូវបានរក្សាតួនាទីជាឧបនាយករដ្ឋមន្រ្តីដដែល ទោះបីលោកមានរឿងអាស្រូវទាក់ទងនឹងការប្រព្រឹត្តិអំពើពុករលួយយ៉ាងណាក្តី។ លោក Prawit Wongsuwon អះអាងថា ការដែលលោកមិនបន្តធ្វើជារដ្ឋមន្រ្តីក្រសួងការពារតទៅទៀត ព្រោះតែសុខភាពរបស់លោកមិនអំណោយផល។
តាមការចុះផ្សាយរបស់សារព័ត៌មានហុងកុងដដែលនេះ លោក ប្រាយុទ្ធ ខ្លួនឯងផ្ទាល់ នឹងធ្វើជារដ្ឋមន្រ្តីក្រសួងមហាការពារជាតិជំនួសលោក លោក Prawit Wongsuwon ។ អ្នកវិភាគមួយចំនួនយល់ថា ការកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងធ្វើឲ្យលោក ប្រាយុទ្ធ ចាក់គ្រឹះកាន់តែមាំរវាងក្រុមយោធា និងរដ្ឋាភិបាល ដែលវាអាចជួយបញ្ចៀសការធ្វើរដ្ឋប្រហារណាមួយដែលបង្កឡើងដោយក្រុមយោធា។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ក៏បានតែងតាំងមនុស្សដែលស្និទ្ធបំផុតរបស់លោកម្នាក់ទៀតគឺ Anupong Pauchinda ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ។
ដោយឡែកមេដឹកបក្សធំៗដែលចូលរួមចងសម្ព័ន្ធភាពបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក ប្រាយុទ្ធ ក៏ទទួលបានតំណែង និងតួនាទីធំៗផងដែរ។
មេដឹកនាំបក្ស Bhumjaithai លោក Anutin Charnvirakul ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ចំណែកឯមេដឹកនាំបក្សប្រជាធិបតេយ្យ Jurin Laksanawisit ក៏ទទួលបានការតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Ubon Ratchathani លោក Titipol Phakdeewanich មានប្រសាសន៍ប្រាប់សារព័ត៌មាន South China Morning Post ថាគណៈរដ្ឋមន្រ្តីថ្មីនេះ ឆ្លុះបញ្ចាំងពីផលប្រយោជន៍របស់ក្រុមដែលបង្កើតរដ្ឋាភិបាលចម្រុះ ច្រើនជាងប្រយោជន៍ជាតិ ហើយការតែងតាំងទៀតសោតគឺមិនបានផ្តោតលើសមត្ថភាពនោះទេ តែវាយោងទៅតាមកិច្ចព្រមព្រៀង និងផលប្រយោជន៍របស់បក្ស។
លោក បន្ថែមថា រដ្ឋាភិបាលចម្រុះថ្មីនេះ នឹងមិនខុសអ្វីពីរដ្ឋាភិបាលយោធានោះទេ ព្រោះថា ថ្នាក់ដឹកនាំនៅតែជាអ្នកចាស់ ហើយវប្បធម៌នយោបាយក៏គ្មានអ្វីថ្មីដែរ៕