វៀតណាមនាំចេញទំនិញរួមទាំងទូរសព្ទ និងគ្រឿងម៉ាស៊ីនទៅលក់នៅទីផ្សារជប៉ុនកើនឡើង ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៩ ដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងបើកទូលាយ និងរីកចម្រើនតំបន់អាស៊ីប៉ាស៊ីហ្វិក(CPTPP) មិនជាប់ពន្ធរហូតដល់៨៦ភាគរយ។
របាយការណ៍រដ្ឋាភិបាលវៀតណាមបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំនេះ វៀតណាមទទួលចំណូលពីការនាំចេញទៅជប៉ុនបានចំនួន៩,៦៨ប៊ីលានដុល្លារគឺកើនឡើង៩,១ភាគរយ បើប្រៀបធៀបជាមួយឆ្នាំមុន។ មុខទំនិញសំខាន់ៗដែលវៀតណាមនាំចេញទៅលក់ឱ្យជប៉ុនរួមមាន សម្លៀកបំពាក់ គ្រឿងសមុទ្រ គ្រឿងម៉ាស៊ីន ផលិតផលឈើ ទូរសព្ទ និងឧបករណ៍គ្រឿបន្លាស់អេឡិចត្រូនិច។
របាយការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាមនេះ បង្ហាញថា ជប៉ុនគឺប្រទេសបោះទុនវិនិយោគធំលំដាប់ទី២នៅក្នុងប្រទេសនេះ មានទឹកប្រាក់គម្រោងវិនិយោគ៥៧,៣ប៊ីលានដុល្លារ។
ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មរបស់វៀតណាមដាក់ចេញគម្រោងក្នុងរយៈពេល៥ឆ្នាំទៀត នឹងខិតខំធ្វើយ៉ាងណា ឱ្យទំនិញរបស់វៀតណាមនាំចេញទៅលក់នៅជប៉ុនរួចពន្ធរហូតដល់៩០ភាគរយ។