រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពីធីដុតបំផ្លាញសារធាតុញៀនជាង ២តោន កាលពីថ្ងៃទី២៦ ខែមិថុនា បានក្រើនរំឭកមន្ត្រីកុំឱ្យជាប់ពាក់ព័ន្ធជាមួយបណ្តាញជួញដូរគ្រឿងញៀន ដើម្បីសហការរួមគ្នាស្វែងរកចាប់មេខ្លោងមកផ្តន្ទាទោស ឈានទៅលុបបំបាត់ការចរាចរគ្រឿងញៀនតាមក្លឹបកម្សាន្តនៅត្រឹមបំណាច់ឆ្នាំ២០១៩នេះ។
លោក ស ខេង ថ្លែងនៅពេលនោះថា វិធានការនេះ ជាផ្នែកមួយនៃ «ការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះមុខប្រវត្តិសាស្ត្រ ធានាដល់សុខមាលភាពសង្គម»។
ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ទំនងជាមិនមែនជារឿងចៃដន្យទេ បើពិនិត្យមើលលិខិតចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ របស់រដ្ឋាភិបាល។
លិខិតនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់តាំងលោក ស ខេង ជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ រយៈពេល ១ឆ្នាំ (ចាប់គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) និងប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយាន ជាអនុប្រធាន។
តាមលិខិតដដែលនេះ រដ្ឋាភិបាលបានចេញវិធានការ ៥ចំនុច ជាយុទ្ធនាការវះកាត់ឈានទៅសម្រេចយុទ្ធសាស្ត្ររបស់ខ្លួន ដូចជា ប្រើពាក្យថា ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ សំដៅបង្រួមទីផ្សារជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្វែងរកចាប់មេខ្លោងជួញដូរគ្រឿងញៀនមកផ្តន្ទាទោស។
ប៉ុន្តែ ក្នុងរបាយការណ៍ប្រចាំឆ្នាំ ក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាបច្ចុប្បន្ន ជាប្រទេសរងគ្រោះពីការដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់។
ក្រសួងបញ្ជាក់ថា ផលលំបាកទាំងនេះ មានប្រភពមកពីតំបន់ត្រីកោណមាស ពីតំបន់អាហ្វ្រិច អាមេរិកខាងត្បូង និងអឺរ៉ុប ឆ្លងកាត់តាមរបៀងព្រំដែនគោក ទឹក និងភាគឦសានប្រទេស រួមទាំងភូមិសាស្ត្រ តំបន់ព្រំដែន កត្តាជីវភាពពលរដ្ឋ គួបផ្សំនឹងការភ្លើតភ្លើនរបស់យុវជនមួយចំនួន។
ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងការរកឃើញរបស់ស្ថាប័នជំនាញបង្កើតជាចម្ងល់ថា តើរដ្ឋាភិបាលអាចលុបបំបាត់បញ្ហានេះ ត្រឹមឆ្នាំ២០១៩ ដូចការគ្រោងទុកបានដែរឬទេ?
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ វិភាគថា សារព្រមានរបស់រដ្ឋាភិបាលនេះ អាចគ្រាន់តែធ្វើឱ្យពលរដ្ឋបាត់ការភ័យខ្លាចមួយរយៈខ្លី តែអាចជំនួសមកវិញនូវការខកចិត្ត បើអាជ្ញាធរពាក់ព័ន្ធនៅតែគ្មានលទ្ធភាពវែកមុខមន្ត្រីពុករលួយ និងមន្ត្រីកាងបទល្មើសបាន។
លោក សន ជ័យ បានដាក់ជាសំណួរថា បទល្មើសព្រៃឈើដែលឧក្រិដ្ឋជនមួយចំនួនដឹកតាមរថយន្តធំៗលើផ្លូវជាតិ សមត្ថកិច្ចនៅតែមិនអាចទប់ស្កាត់បានក្នុងរយៈពេលច្រើនឆ្នាំមកនេះ ចុះទម្រាំគ្រឿងញៀន ដែលបណ្តាញឧក្រិដ្ឋជនអាចវេចខ្ចប់តាមធម្យោបាយផ្សេងៗបានទៀតនោះ វារឹតតែពិបាកជឿថា រដ្ឋាភិបាលអាចលុបបំបាត់បានត្រឹមឆ្នាំ២០១៩នេះ ដែលនៅសល់តែ ៥ខែទៀតប៉ុណ្ណេាះ។
លោកថា៖ «ក្លឹបមួយចំនួនហ្នឹង ការចែកចាយ ការជួញដូរហ្នឹង មិនមែនទើបតែកើតពីម្សិលម៉្ងៃ ពីពីរខែមុនទេ យើងសង្ស័យថា វាបានកើតឡើងយូរយារណាស់មកហើយ។ ប៉ុន្តែ សួរថា ប៉ូលីសនៅមូលដ្ឋានហ្នឹងគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ក្រាប គាត់មិនហ៊ានបង្ក្រាប ឬមួយគាត់មិនរាយការណ៍អំពីព័ត៌មានពីការប្រើប្រាស់គ្រឿងញៀនហ្នឹង។ ចំនុចនេះហើយដែលយើងមានការសង្ស័យអំពីទំហំនៃការទទួលបានផលប្រយោជន៍ពីក្លឹបកម្សាន្តរកស៊ីខុសច្បាប់ហ្នឹង»។
បើតាមលោក សន ជ័យ ការបង្ក្រាបក្លឹបកម្សាន្តរ៉ក់ និងក្លឹបកម្សាន្តលុចសារី នៅរាជធានីភ្នំពេញ និងឈានទៅចាប់ឃុំខ្លួនម្ចាស់ក្លឹបផងនោះ ជាជ្រុងមួយនៃការទប់ស្កាត់បញ្ហាសង្គម ប៉ុន្តែ មិនទាន់អាចប៉ះប៉ូវទំហំភ័យខ្លាចរបស់ពលរដ្ឋបាននៅឡើយទេ ព្រោះថា មេខ្លោងធំៗមិនទាន់ត្រូវបានវែកមុខយកមកផ្តន្ទាទោសនៅឡើយ។
របាយការណ៍ប្រចាំឆមាស ក្រសួងមហាផ្ទៃ រកឃើញថា គិតពីចុងឆ្នាំ២០១៨ ដល់ដើមឆ្នាំ២០១៩នេះ ស្ថានភាពនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានរីកសាយភាយនៅតាមរង្គសាល ក្លឹបកម្សាន្ត ខារ៉ាអូខេ និងក្លឹបរាត្រី ឬបារបារាំង ជាដើម។
បើតាមរបាយការណ៍គិតត្រឹមខែកុម្ភៈ នៅរាជធានីភ្នំពេញ មានទីតាំងសេវាកម្សាន្ត សណ្ឋាគារ ផ្ទះ សំណាក់ និងកន្លែងកម្សាន្តផ្សេងៗសរុប ១១៦៨កន្លែង។
របាយការណ៍ដដែល រកឃើញថា គិតត្រឹមរយៈពេល ៥ខែដើមឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានជាងបីពាន់ករណី (៣ ៣៣៥) ឃាត់ខ្លួនមនុស្សបានជាង ៧ពាន់នាក់ (៧,០៩៧) សារធាតុញៀនគ្រប់ប្រភេទសរុបជាងបីរយគីឡូក្រាម។ របាយការណ៍បញ្ជាក់ថា ចំនួននេះកើនឡើងបើធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការចាប់ខ្លួនមនុស្សពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន អាចចាត់ទុកថា ជាការខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ ប៉ុន្តែ លោកថា បើការអនុវត្តច្បាប់មានអំពើពុករលួយ មេខ្លោងជួញដូរគ្រឿងញៀននឹងរួចខ្លួន រីឯអ្នករងគ្រោះដែលផុងខ្លួនប្រើប្រាស់សារធាតុញៀន ក្លាយជាជនជាប់ចោទជំនួសមេខ្លោងគ្រឿងញៀន ពេលនោះវិធានការស្វែងរកចាប់ខ្លួនមេខ្លោងដើម្បីធានាសុខមាលភាពសង្គមដែលរដ្ឋាភិបាលដាក់ចេញ អាចមិនទទួលបានជោគជ័យ។
លោក ស៊ឹង សែនករុណា វិភាគថា ជាទូទៅក្រុមឧក្រិដ្ឋជនគ្រឿងញៀន តែងតែសម្ងំពង្រីកមុខរបរខុសច្បាប់របស់ពួកគេនៅប្រទេសដែលមានអំពើពុករលួយ ឬប្រទេសដែលមានប្រព័ន្ធច្បាប់ទុនខ្សោយនៅឡើយ។ លោកថា ការចាប់បានតែឈ្មួញតូចតាច ឧក្រិដ្ឋជនរួចខ្លួន មិនអាចលុបបំបាត់បញ្ហាក្នុងសង្គមបានទេ។
លោកថា៖ «ការចាត់វិធានការនេះ គួររកអ្នកពាក់ព័ន្ធ ជាពិសេសអ្នកដែលមានអំណាចនៅក្នុងជួរសមត្ថកិច្ចមួយចំនួនហ្នឹង គួរតែចាត់វិធានការផងដែរ ព្រោះយើងយើងថា ការចាត់វិធានការហាក់ផ្តោតទៅលើតែអ្នកជួញដូរតូចតាច និងអ្នកប្រើប្រាស់តែប៉ុណ្ណឹង យើងមិនទាន់មានការចាត់វិធានការទៅសមត្ថកិច្ចដែលពាក់ព័ន្ធហ្នឹងនៅឡើយទេ»។
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ក្នុងកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកក្កដា បានចេញបញ្ជាឱ្យមន្ត្រីស្វែងរកចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន ដោយអះអាងថា ពួកឧក្រិដ្ឋជនបានយកកម្ពុជាធ្វើជាទីតាំងកែច្នៃគ្រឿងញៀន និងចែកចាយ។
អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា ក្បាលម៉ាស៊ីនដឹកនាំបច្ចុប្បន្ន បានប្រមូលផ្តុំអំណាចទៅលើក្រុមនាយករដ្ឋមន្ត្រី។ លោកវិភាគថា ការវះកាត់មន្ត្រីពុករលួយ ដើម្បីលុបបំបាត់គ្រឿងញៀន ទាល់តែមានភ្លើងខៀវពីលោក ហ៊ុន សែន មិនអាស្រ័យលើលោក ស ខេង ទេ។
លោកថា៖ «បើអំណាចស្ថិតនៅក្នុងដៃត្រកូល ហ៊ុន ដដែល គ្មានព្រះឥទ្ទ្រណាបង្ក្រាបគ្រឿងញៀនបានទេ កុំឱ្យតែវារីកកាន់តែធំទៅ វាល្អពេកណាស់ទៅហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសប្រើកណ្តាប់ដៃដែកស្វែងរកមេខ្លោងគ្រឿងញៀន ក្នុងតម្លៃណាក៏ដោយ ដោយថា ត្រូវផ្តើមចេញបញ្ហាដែលបានរកឃើញសារធាតុញៀន និងអ្នកពាក់ព័ន្ធពីនៅក្លឹមកម្សាន្តរ៉ក់ទៅ។
នៅថ្ងៃនេះដែរ ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់មួយកន្លែងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា លោក ហ៊ុន សែន ព្រមានថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តអនុវត្តវិធានការវះកាត់មន្ត្រីពុករលួយដែលធ្វើឱ្យខូចមុខមាត់រដ្ឋាភិបាល។
លោកថា៖ «ប៉ុន្មានថ្ងៃនេះ ខ្ញុំធ្វើពាក់ព័ន្ធទៅនឹងមន្ត្រី ហើយទាក់ទងទៅនឹងអភិក្រមទី៥ វះកាត់ដែរ និយាយឱ្យត្រង់ៗ អត់មានតទៅទៀតទេ។ ពីថ្ងៃនេះទៅ បញ្ជូនអង្គភាពប្រឆាំងអំពើពុករលួយចាប់ត្រង់ៗហ្មង មិនចាំបាច់មកតាមខ្សែរីឡេទេ។ អាហ្នឹងបោកឆៅហ្មង។ អភិក្រមទី៥ ត្រូវបានអនុវត្ត អត់មានលើកលែង បើមិនអ៊ីចឹងខូច ហ្អែងបំផ្លាញជាតិ បំផ្លាញរដ្ឋបាល ហ៊ុន សែន»។
ការិយាល័យអង្គការសហប្រជាជាតិ ស្ដីពីគ្រឿង និងឧក្រិដ្ឋកម្ម កាលពីថ្ងៃទី១៨ ខែកក្កដា បានចេញរបាយការណ៍ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំន់អាស៊ីអាគ្នេយ៍ និងបង្ហាញពីការព្រួយបារម្ភសម្រាប់កម្ពុជា ទាក់ទិនបញ្ហាលាងលុយ និងបញ្ហាគ្រឿងញៀន។
បើតាមរបាយការណ៍ ១៩៤ទំព័រនោះ តំបន់អាស៊ីអាគ្នេយ៍ កាស៊ីណូចំនួន ២៣០ មានអាជ្ញាប័ណ្ណ ១៥០ មានទីតាំងនៅក្នុងប្រទេសកម្ពុជា។ ចំនួននេះ បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការបង្រ្កាបលើការលាងលុយកខ្វក់នៅទីក្រុងម៉ាកាវនៃប្រទេសចិន។
សម្រាប់ប្រទេសកម្ពុជា កើនឡើង ៧០០% ក្នុងការរឹបអូសថ្នាំញៀនប្រភេទមេតាំហ្វេតាមីន ចន្លោះ ឆ្នាំ២០១៤ និង ឆ្នាំ២០១៨ ។
ស្ថាប័នអន្តរជាតិមួយនេះព្រមានថា ការបង្ក្រាបការលាងលុយកខ្វក់ នៅទីក្រុងម៉ាកាវ ក្នុងឆ្នាំ២០១៤ ទំនងជាបាននាំឱ្យមានការផ្លាស់ប្តូរសកម្មភាពឧក្រិដ្ឋកម្មទៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅក្នុងតំបន់ទន្លេមេគង្គដែលខ្វះយន្តការត្រួតពិនិត្យ និងសមត្ថភាពអនុវត្តច្បាប់៕