នាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះបញ្ហារវាងកម្លាំងទ័ពកម្ពុជា និងឡាវនៅតាមព្រំដែន ហើយបញ្ជាក់នៅថ្ងៃនេះថា កងទ័ពភាគីទាំងពីរបានដកថយរៀងៗខ្លួនហើយ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់Fresh Newsថា នៅម៉ោង៩ព្រឹកនេះ លោកបានជួបនាយករដ្ឋមន្ត្រីឡាវ លោក ថង លូនស៊ីស៊ូលីត តាមទូរសព្ទហើយចរចាគ្នាក្នុងបរិយាកាសល្អ និង រីករាយ។
លោកហ៊ុន សែន៖«នៅព្រឹកមិញវេលាម៉ោង៩ ខ្ញុំបានជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះ មិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ។»
អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លាមានប្រសាសន៍ថា កងទ័ពឡាវបានលើកគ្នាចូលមកកាន់កាប់ទឹកដីខ្មែរក្នុងតំបន់មុំបីចំណុចទន្លេរពៅនេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ ដោយឡាវសំអាងថានេះជាទឹកដីរបស់គេ។