អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោក ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារមិនក្រោម ១០ឆ្នាំនោះឡើយ នៅក្នុងសំណុំរឿងឃាតកម្មលើស្រីកំណាន់ អ្នកនាង ចេវ សុវឌ្ឍនា។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី ប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសសាលក្រមដោយសម្រេចឲ្យលោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ ១៣ឆ្នាំ។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា អតីតស្នងការរងនគរបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ ដែលជាបងប្រុសរបស់លោក ឡាយ វណ្ណៈ ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ។
បើតាមលោក សួស វិទ្យារ៉ាឌី បុរសឈ្មោះ ម៉ែន សាម៉ៃ ដែលជាអ្នកបើកបររថយន្តឱ្យលោក ឡាយ វណ្ណៈ និងបុរសឈ្មោះ ជឹម វុធ ដែលជាប្ដីនៃស្ត្រីអ្នកបម្រើនៅផ្ទះរបស់អ្នកស្រី ចេវ សុវឌ្ឍនា ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ២ឆ្នាំផងដែរ ក្រោមបទចោទថា បានលាក់កំបាំងតម្រុយ។
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោកដែលជាអតីតស្នងការរងនគរបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ រួមទាំងមនុស្ស ២នាក់ទៀត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសុំណុំរឿងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា កាលឆ្នាំមុន។
ប៉ុន្តែ កាលពីថ្ងៃទី២២ ខែសីហានេះ លោក ឡាយ វណ្ណៈ បន្តអះអាងថា លោកមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ដូចការចោទប្រកាន់ឡើយ៕