នាយករដ្ឋមន្រ្តីឥណ្ឌាដែលទើបជាប់ឆ្នោតសារជាថ្មី លោក ណារិនដ្រា ម៉ូឌី បានដាក់ចេញនូវគោលនយោបាយ“ប្រទេសជិតខាងមុនគេ” ដើម្បីតទល់ទៅនឹងគោលនយោបាយ”ផ្លូវមួយខ្សែក្រវ៉ាត់មួយ”របស់ប្រទេសចិន ដែលកំពុងព្យាយាមឱបក្រសោបប្រទេសភូមិផងរបងជាមួយខ្លួន។
ក្រោយឈ្នះការបោះឆ្នោតលើកទី២ ភ្លូកទឹកភ្លូកដី ក្នុងខែឧសភា លោក ម៉ូឌី បានចាប់ផ្តើមអភិវឌ្ឍគោលនយោបាយចម្បង និងជាអទិភាព ២ របស់ខ្លួន ដើម្បីបន្សាបឥទ្ធិពលនៃមហាអំណាចចិន ទៅលើប្រទេសប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ប៊ូតាន និងស្រីលង្ការ ដែលនៅជាប់ព្រំដែននឹងប្រទេសរបស់ខ្លួន។
តាមរយៈគោលនយោបាយក្នុងអណត្តិថ្មីរបស់លោក ជាជំហានដំបូង លោក ម៉ូឌី បានប្រកាសនៅថ្ងៃទី៥ សីហាថា នឹងដកហូតដែនដីស្វ័យតកាស្មៀរ និងជេមម៊ូ មកបញ្ចូលក្នុងដែនអធិតេយ្យរបស់ឥណ្ឌា ដើម្បីពង្រឹងឯកភាពទឹកដីរបស់ខ្លួន បន្ទាប់មកលោកនឹងយុទ្ធសាស្រ្តអភិរក្ខនូវរង្វង់ដែនឥទ្ធិពលរបស់ខ្លួនដែលមានស្រាប់។
ជំហានបន្ទាប់ លោក ម៉ូឌី បានជ្រើសយកប្រទេសម៉ាឌីវ និងស្រីសង្ការ ដែលជាប្រភពថាមពលគន្លឹះ និងផ្លូវដឹកជញ្ជូន សមុទ្រដ៏សំខាន់រវាងតំបន់អាស៊ាន និងអាស៊ីបូពា៍ ជាគោលដៅទស្សនកិច្ចក្រៅប្រទេសមុនដំបូងរបស់ខ្លួនក្នុងអណត្តិទី២ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសប្រជុំកោះដែលឋិតនៅភាគនិរតីមហាសមុទ្រឥណ្ឌា។
តាមរយៈយុទ្ធសាស្ត្រនោះដែរ រដ្ឋាភិបាលក្រុងញូដេលី កំពុងស្វះស្វែងរារាំងដែនអំណាចគូបដិបក្ខរបស់ខ្លួន នៅប្រទេសម៉ាឌីវ ដោយការធានានូវសិទ្ធិជាមូលដ្ឋាន ឬការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅទីនោះ ដើម្បីប្រឆាំងវត្តមានយោធាចិននៅដែនសមុទ្រនៃប្រទេសដែលជាសមាជិកនៃនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ។
នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ២០១៨ លោក Ibrahim Mohamed Solih ដែលមានទំនោរទៅរក ឥណ្ឌា បានដណ្តើមជ័យជម្នះពីលោក Yameen Abdul Gayoom ដែលមានទំនោទៅរកចិន។ បន្ទាប់ពីឡើងកាន់តំណែងមក លោក Ibrahim បានបង្កើនទំនាក់ទំនងភាពជាដៃគូជាមួយរដ្ឋាភិបាលក្រុងញូដេលី ហើយរិះគន់លោក Yameen ថាបានចាយវាយខ្ជះខ្ជាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាមួយចិន ដែលធ្វើឱ្យបំណុលជាតិគ្មាននិរន្តរភាព ពិសេសលើគម្រោងសាងសង់ស្ពានមិត្តភាពចិន-ម៉ាឌីវជាដើម។
ក្រៅពីនេះ ឥណ្ឌា ទើបសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធរ៉ាដាស៊ើបការនៅដែនកោះប្រទេសម៉ាឌីវ ដើម្បីតាមឃ្លាំមើលសកម្មភាពយោធារបស់ប្រទេសចិនក្នុងតំបន់នៃប្រទេសក្បែរខាងខ្លួន រាប់បញ្ចូលប្រទេស ស្រីលង្ការ ម៉ូរីតានី ម៉ាដាហ្គាស្ការ និង សីស្ហែល៕