ប្រមុខការទូតកម្ពុជា គ្រោងលើកឡើងពីបញ្ហាសណ្តាប់ពិភពលោកថ្មី នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៤ ដើម្បីឱ្យអង្គមហាសន្និបាតរួមគ្នាស្វែងរកដំណោះស្រាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីចុងសប្ដាហ៍មុន។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងការបរទេសបានលើកឡើងថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន គ្រោងចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅឯទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ ដែលនឹងផ្ដោតលើ «កិច្ចខំប្រឹងប្រែងពហុភាគីសម្រាប់លុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន»។
ក្រសួងការបរទេសប្រកាសថា ប្រមុខការទូតកម្ពុជារូបនេះ នឹងឡើងថ្លែងក្នុងកិច្ចប្រជុំនៃមហាសន្និបាតនោះ ហើយនឹងលើកឡើងពីការព្រួយបារម្ភរបស់កម្ពុជា ទៅលើបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី ផលប៉ះពាល់ជាអវិជ្ជមាននៃព័ត៌មានក្លែងបន្លំ និងបញ្ហាតំបន់ និងអន្តរជាតិជាដើម បន្ថែមពីលើសារសំខាន់នៃការខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាភេវរកម្ម អំពើជ្រុលនិយម និងចលនាជ្រុលនិយម បម្រែបម្រួលអាកាសធាតុ និងការគំរាមកំហែងថ្មីៗទៅលើសន្តិសុខ៕