អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ក្នុងសវនាការថ្ងៃនេះ បានប៉ះសម្តីជាមួយមេធាវីដើមបណ្តឹងរដ្ឋាភិបាល លោក លី ច័ន្ទតុលា ពេលសួរដេញដោលដល់ប្រភពចំណូល និងការចំណាយផ្សេងៗ របស់គណបក្សសិទ្ធិនុស្ស ក្នងសំណុំរឿងចោទថាឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល ។
ការប៉ះបង្គិចនេះ ខណៈលោក លី ច័ន្ទតុលា ព្យាយាមសួរម្តងហើយម្តងទៀត ពីការដែលលោកមិនអស់ចិត្តថា ហេតុអ្វីរបាយការណ៍របស់គណបក្សសិទ្ធិមនុស្ស ផ្ញើទៅក្រសួងមហាផ្ទៃពីការចំណាយផ្សេងៗ មានទំហំទឹកប្រាក់តិច មិនស៊ីសង្វាក់គ្នាទៅនឹងទំហំនៃការចំណាយ របស់គណបក្ស។
សំណួរបញ្ជាក់របស់លោក លី ច័ន្ទតុលា នេះ ត្រូវបាន លោក កឹម សុខា ឆ្លើយថា មិនដឹងព្រោះវាបានកន្លងទៅយូរហើយ។
ក្រៅពីឆ្លើយបែបនេះ លោក កឹម សុខា ចោទជាសំណួរវិញថា បើមេធាវីរដ្ឋាភិបាលរូបនេះចង់ដឹងច្បាស់មានតែទៅសួរក្រសួងមហាផ្ទៃវិញទៅ ដោយថារបាយការណ៍នោះគណបក្សបានឆ្លងកាត់ក្រសួងមហាផ្ទៃរួចហើយ ហើយក៏គ្មានការសួរដេញដោយអ្វីពីក្រសួងមហាផ្ទៃដែរ។
ភ្លាមៗមេធាវីការពាររដ្ឋាភិបាល លោក លី ច័ន្ទតុលា ស្នើប្រធានក្រុមប្រឹក្សាជំនុំជម្រះណែនាំលោក កឹម សុខា ក្នុងនាមជនជាប់ចោទ កុំបង្កើតសំណួរតមមកមេធាវីជាដើមបណ្តឹងវិញ។
ការសួរដេញដោយនៅថ្ងៃនេះ ក្រុមប្រឹក្សាជំនុំជ្រះ តំណាងអយ្យការ និងមេធាវីដើមបណ្តឹង បានសួរលោក កឹម សុខា ច្រើនសំណួរផងដែរ ពាក់ព័ន្ធប្រាក់ជំនួយរបស់សហរដ្ឋរដ្ឋអាមេរិក តាមរយៈវិទ្យាស្ថានIRI និងNDI ជួយទៅឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំឡុងលោក កឹម សុខា ធ្វើជាប្រធាន និងសួរថាជំនួយនេះបន្តឲ្យគណបក្សសិទ្ធិមនុស្សទៀត ឬក៏អត់?។
លោក ញឹម សុខន រាយការណ៍បន្ថែម