​កម្ពុជា​​ថា បុរសចិន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្រោយ​​​ជា​សះ​ស្បើយ​

​បុរស​ជន​ជាតិ​ចិន លោក ចា ជៀនហួ (Jia Jianhua) ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយពេលការពិនិត្យមិនមានមេរោគកូរ៉ូណា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួងសុខាភិបាលកម្ពុជា អះអាងថា បុរស​ជន​ជាតិ​ចិន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ព្រឹក​ថ្ងៃ​នេះ ក្រោយ​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​ឈាម​ មិន​បាន​រក​ឃើញ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ខ្លួន​បុរស​រូប​នោះ​ទៀត​នោះ​ឡើយ។

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន​ចេញ​នៅព្រឹក​ថ្ងៃនេះ ក្រសួងសុខាភិបាល បាន​រៀបរាប់​ថា លទ្ធផល​ពិនិត្យ​ឈាម​លើក​ទី​៣ ទៅ​លើ​បុរស​ជន​ជាតិ​ចិន លោក ចា ជៀនហួ (Jia Jianhua) ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​ម្សិល​មិញ​នេះ ហើយ​រក​មិន​ឃើញ​មេរោគ​ទៀត​នោះ​ឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់  ប្រាប់វីអូឌីនៅថ្ងៃនេះថា លទ្ធផលមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ លើកទី៣ បានបញ្ជាក់ថា បុរសជនជាតិចិនបានជាសះស្បើយ ដោយក្នុងខ្លួនមិនមានផ្ទុកមេរោគកូរ៉ូណាទៀតទេ។ លោកបញ្ជាក់ថា បុរសជនជាតិចិនអាចជួបជុំគ្នាគ្រួសារ ៣​នាក់ទៀត និងអាចទាក់ទងអ្នកផ្សេងបានធម្មតា។

លោក លី សូវ៉ាន់ ប្រាប់ថា៖ «ពាក្យជាសះស្បើយភាសាពេទ្យ បានន័យថា គាត់អត់មានរោគសញ្ញាអីទៀតទេ។ ទី២ គ្មានមេរោគក្នុងខ្លួន និងទី៣ មិនអាចចម្លងទៅអ្នកដទៃទៀត»

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស​ពី​ការ​រកឃើញ​​ការ​ឆ្លង​វីរុស​កូរ៉ូណា​លើក​ដំបូង​ទៅ​លើ​បុរស​ជន​ជាតិ​ចិន ចា ជៀនហួ កាលពីថ្ងៃទី២៧ ខែមករា​កន្លង​មក​នេះ ៥​ថ្ងៃ​ក្រោយ​ពី​លោក និង​សមាជិក​ក្រុម​គ្រួសារ​លោក ៣​រូប​ទៀត បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះសីហនុ។

លោក ចា ជៀនហួ និង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​វូហាន ជា​ទីដែល​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី និង​កំពុង​រាត​ត្បាត​ចេញ​ទៅ​កាន់​តំបន់ និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ