លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានមន្ទិលសង្ស័យជុំវិញស្ត្រីជាអ្នកដំណើរម្នាក់ដែលចាកចេញពីនាវា MS Westerdam ហើយត្រូវបានអាជ្ញាធរម៉ាឡេស៊ីរកឃើញមានផ្ទុកមេរោគកូរ៉ូណាថ្មី នៅពេលស្ត្រីរូបនោះធ្វើដំណើរទៅដល់ព្រលានយន្តហោះទីក្រុងគួឡាឡំពួរ។
លោកនាយករដ្ឋមន្ត្រីបានបង្ហាញមន្ទិលសង្ស័យរបស់លោកបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់គរុសិស្ស និងគរុនិស្សិតនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ករណីកើតឡើងនៅម៉ាឡេស៊ី វាប្រាកដហើយ ឬនៅ ប្រាកដ ឬនៅ? បញ្ហាដែលត្រូវចោទសួរនៅត្រង់ថា មនុស្សរាប់រយនាក់បានទៅដល់ស្រុកកំណើតហើយ។ បញ្ហាដែលត្រូវចោទសួរនៅត្រង់ថា មនុស្សរាប់រយនាក់ដែលស្នាក់នៅកម្ពុជា និងនៅលើនាវា មនុស្សរាប់រយនាក់ទៅដល់ប្រទេសផ្ទះរបស់ពួកគេហើយ អត់ទាន់មានអ្នកណាមួយមានរោគសញ្ញាទេ»។
អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ប្រកាសពីការរកឃើញមេរោគកូរ៉ូណាថ្មីនៅលើស្ត្រីជាពលរដ្ឋអាមេរិកម្នាក់កាលពីថ្ងៃទី១៥ ខែកុម្ភៈ នៅពេលស្ត្រីរូបនោះបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិគួឡាឡំពួរ បន្ទាប់ពីបានចាកចេញពីនាវា MS Westerdam ដែលកំពុងសំចតនៅកម្ពុជា។
ក្រសួងសុខាភិបាលកម្ពុជាក៏បានចោទសួរអំពីសុក្រឹត្យភាពនៃការធ្វើតេស្តរបស់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីផងដែរ ហើយក៏បានទាមទារទៅម៉ាឡេស៊ី ឱ្យត្រួតពិនិត្យឡើងវិញ។
រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ឡើងវិញថា ការធ្វើតេស្តដល់ទៅពីរលើក នៅតែបង្ហាញពីសញ្ញា«វិជ្ជមាន» ដែលបញ្ជាក់ថា អ្នកដំណើរជាពលរដ្ឋអាមេរិករូបនោះ ពិតជាផ្ទុកមេរោគកូរ៉ូណាថ្មី។
ទោះជាយ៉ាងណា មេដឹកនាំកម្ពុជាចោទសួរពីករណីនេះម្ដងទៀត ដោយចង់ឃើញអាជ្ញាធរម៉ាឡេស៊ីសហការពេញលេញជាមួយអង្គការសុខភាពពិភពលោក។
លោក ហ៊ុន សែន ថ្លែងបន្តថា៖ «ច្បាស់ណាស់ថា បើសិនជា WHO និងអាជ្ញាធរម៉ាឡេស៊ី មានកិច្ចសហការពេញលេញ នោះនឹងឃើញបញ្ហាពិតប្រាកដ? តើជាកូរ៉ូណាពិត ឬយ៉ាងម៉េច?»។
លោក ហ៊ុន សែន បានស្នើឱ្យម្ចាស់កប៉ាល់ និងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា និងម៉ាឡេស៊ី ត្រូវសហការគ្នាពិនិត្យករណីនេះមើលអោយច្បាស់។ លោកសម្រេចឱ្យក្រសួងសុខាភិបាលយកសំណាកពីមនុស្សទាំងអស់នៅលើនាវានោះ ទៅពិនិត្យរកមេរោគកូរ៉ូណាថ្មីនេះ។
ទាក់ទងនឹងតេស្តនេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីម៉ាឡេស៊ី អ្នកស្រីវេជ្ជបណ្ឌិត Wan Azizah Wan Ismail ដែលថ្លែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ បានថ្លែងទាក់ទងនឹងស្ត្រីជនជាតិអាមេរិកមានផ្ទុកវីរុសកូរ៉ូណាថ្មី ដែលធ្វើដំណើរពីកម្ពុជា។ រដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានថ្លែងការពារដំណើរការត្រួតពិនិត្យរបស់អាជ្ញាធរម៉ាឡេស៊ីថា ត្រូវបានធ្វើឡើងតាមស្តង់ដារ «កម្រិតពិភពលោក»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា មានអ្នកដំណើរនៅសល់ ២៣៣នាក់ និងអ្នកបម្រើការលើនាវានៅសល់ ៧៤៧នាក់ កំពុងស្ថិតនៅលើនាវា MS Westerdam ចតនៅកំពង់ផែខេត្តព្រះសីហនុ។
ចំណែកឯអ្នកដំណើរស្នាក់នៅសណ្ឋាគារភ្នំពេញមានចំនួនប្រមាណជាង ៥០០នាក់។ នេះបើតាមការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជាតិ AKP។
នាវា MS Westerdam ដែលផ្ទុកទៅដោយអ្នកដំណើរ ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវា ៨០២នាក់ ត្រូវបានកម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។
នាវាមួយនេះ បានចំណាយពេល ២សប្ដាហ៍នៅលើផ្ទៃសមុទ្រ បន្ទាប់ពីវាត្រូវបានបដិសេធមិនឱ្យចូលចតពីសំណាក់ប្រទេស និងដែនដីកោះចំនួន៥ មានជប៉ុន តៃវ៉ាន់ កោះហ្គាំ ហ្វីលីពីន និងថៃ៕