លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកធុញទ្រាន់នឹងមន្ត្រីដែលមានសមាជិកក្រុមគ្រួសារលូកដៃចូលពាក់ព័ន្ធនៅក្នុងការគ្រប់គ្រង និងដឹកនាំនៅក្នុងស្ថាប័នរដ្ឋ ដោយថា បញ្ហានេះជាផ្នែកមួយបង្កឱ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំ។
ក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិតនៅសាលាភូមិន្ទរដ្ឋបាល ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន ព្រមានថា លោកនឹងបន្តវះកាត់មន្ត្រីទាំងឡាយណាដែលពើងទ្រូងតាំងខ្លួនជាចៅហ្វាយនាយពលរដ្ឋ។
មេដឹកនាំរូបនេះ បន្តរំឭកថា មន្ត្រីទាំងអស់ត្រូវចាំថា ពលរដ្ឋខ្មែរស្អប់បំផុតប្តីសក្តិ ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ និងបានព្រមានជាប្រយោលថា លោកធុញទ្រាន់នឹងមន្ត្រីដែលបើកដៃឱ្យប្រពន្ធធ្វើជាឈ្មួញបង្កឱ្យមានជម្លោះដីធ្លី។
លោក ហ៊ុន សែន ថ្លែងថា៖ «មានកន្លែងខ្លះ ខ្ញុំនិយាយរួម ខ្ញុំមិនចេញឈ្មោះនរណាទេ ខ្ញុំធុញទ្រាន់ដែរៗដោយឃើញថា មន្ត្រីរបស់យើងមួយចំនួនបណ្តែតបណ្តោយឱ្យប្រពន្ធ និងកូនធ្វើរឿងមិនគប្បី។ ដីធ្លី ទៅកន្លែងណាក៏ឮថា ដីធ្លីរបស់ប្រពន្ធលោកនេះ ប្រពន្ធលោកនោះ។ អ៊ីចឹង វាបង្កើតរឿងៗ។ ប៉ុន្តែ យើងក៏ប្រឹងអប់រំៗ»។
បើតាមមេដឹកនាំរូបនេះ បើមន្ត្រីនៅថ្នាក់ស្រុក និងថ្នាក់ខេត្ត មិនអាចបំពេញតួនាទីបម្រើពលរដ្ឋបានល្អ ឬធ្វើឱ្យពលរដ្ឋស្អប់ ពលរដ្ឋនឹងស្អប់ដល់នាយករដ្ឋមន្ត្រីផងដែរ។ លោកថា បញ្ហានេះមន្ត្រីទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្ន។
អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ហៅសារក្រើនរំឭកនេះថា នឹងគ្មានប្រសិទ្ធភាពទេ បើរដ្ឋាភិបាលមិនបង្កើតក្រុមការងារដែលមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន ចុះសិក្សាស្រាវជ្រាវរកការពិត និងចាត់វិធានការច្បាប់រកយុត្តិធម៌ឱ្យអ្នកភូមិ។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «ការស្រាវជ្រាវហើយ ត្រូវតែមានវិធានការផ្លូវច្បាប់របស់កម្ពុជាយើងទៅ ខ្ញុំជឿថា ទាំងមន្ត្រី និងក្រុមគ្រួសារមន្ត្រីដែលមានអំណាចទាំងអស់ហ្នឹង នឹងមានការខ្លាចរអារ និងមិនប្រព្រឹត្តអំពើបែបហ្នឹងទៀតទេ»។
បើតាមមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ ជម្លោះដីធ្លីដែលបានអូសបន្លាយពាក់ព័ន្ធនឹងមន្ត្រីមានអំណាច មាននៅខេត្តមណ្ឌលគិរី រតនគិរី និងខេត្តមួយចំនួនទៀត រួមទាំងខេត្តកំពង់ឆ្នាំងជាដើម ជាប់ពាក់ព័ន្ធជាមួយភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។
អតីតគ្រូបង្រៀនដែលត្រូវបានបញ្ឈប់តួនាទីក្រោយចេញតវ៉ារឿងដីធ្លី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី អះអាងថា ដីពួកគេជាង ១០០ហិកតា ប៉ះពាល់ ៤៩គ្រួសារ ត្រូវក្រុមហ៊ុន KDC របស់ភរិយាលោក ស៊ុយ សែម ធ្វើរបងព័ទ្ធយកច្រើនឆ្នាំមកហើយ ទាំងមិនទាន់ផ្តល់ដំណោះស្រាយសព្វគ្រប់នៅឡើយ។
អ្នកស្រី អ៊ុំ សុភី ប្រាប់ថា៖ «អ្នកដែលមករំលោភបំពានដីរបស់ពួកខ្ញុំ គឺលោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម។ គាត់មករំលោភបំពានដីរបស់ពួកខ្ញុំ ព្រោះពួកខ្ញុំមករស់នៅយូរហើយតាំងពីឆ្នាំ១៩៨២ បន្តបន្ទាប់មក។ បច្ចុប្បន្ននេះ នៅសល់តែ ៤៩គ្រួសារទេ។ អ៊ីចឹង ខ្ញុំសង្ឃឹមថា សម្តេចនឹងបង្កើតក្រុមការងារចុះមកដោះស្រាយឱ្យពួកខ្ញុំ»។
បើតាមតំណាងរូបនេះ ជម្លោះដីធ្លីនៅតំបន់នេះ កើតឡើងតាំងពីឆ្នាំ២០០៦។ អ្នកស្រីថា ជម្លោះដែលបានអូសបន្លាយ ១៤ឆ្នាំមកនេះ ធ្វើឱ្យតំណាងអ្នកតវ៉ាជិត ១០នាក់ជាប់ពន្ធនាគារ អ្នកភូមិ ១៥នាក់ផ្សេងទៀត កំពុងជាប់បណ្តឹងនៅតុលាការទៅតាមបណ្តឹងរបស់ក្រុមហ៊ុនភរិយាលោក ស៊ុយ សែម។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រសួងដែនដី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ ដល់ដំណាច់ឆ្នាំ២០១៩ ក្រសួងទទួលបានបណ្ដឹងវិវាទដីធ្លីចំនួនជាង ២ពាន់ករណី (២០៩៦) ហើយដោះស្រាយបានជាង ៤ពាន់ករណី បញ្ចប់វិវាទទាំងស្រុង ២១១ករណី ធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្ដឹង និងបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធដោះស្រាយ ២៦៧ករណី។
ក្នុងពិធីថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានព្រមានដែរថា ការរុះរើគណៈរដ្ឋមន្ត្រីនៅពេលខាងមុខ មន្ត្រីអសកម្មមួយចំនួននឹងត្រូវដកចេញ។
ទោះជាយ៉ាងណា អង្គការអន្តរជាតិក្លូបល វីតណេស (Global Witness) អំឡុងឆ្នាំ២០១៦ បានចេញរបាយការណ៍លាតត្រដាងពីអាណាចក្រជំនួញត្រកូល ហ៊ុន។
របាយការណ៍នោះអះអាងថា មហាគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសមាជិក ២១នាក់ រាប់ចាប់ពីកូនៗបងប្អូនបង្កើតរហូតដល់សាច់ថ្លៃ ក្មួយប្រុស ក្មួយស្រី និងប្ដីប្រពន្ធរបស់ពួកគេ មានភាគហ៊ុនធំៗក្នុងក្រុមហ៊ុនជាង ១០០ ដែលមានដើមទុនសរុបជាង ២០០លានដុល្លារ។
របាយការណ៍បញ្ជាក់ថា ក្រុមហ៊ុនទាំងនោះមាននៅពាសពេញក្នុងវិស័យចំនួន ២០ រាប់ចាប់ពីវិស័យហិរញ្ញវត្ថុរហូតដល់វិស័យព្រៃឈើ ហើយមានកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនយីហោអន្តរជាតិធំៗ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន General Electric ផងដែរ៕