ជប៉ុនស្នើរដ្ឋាភិបាលកម្ពុជាឱ្យរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិជប៉ុន ប្រសិនបើក្រសួងសុខាភិបាលរកឃើញថា មានជនជាតិជប៉ុនណាម្នាក់ដែលកំពុងស្នាក់នៅប្រទេសកម្ពុជា មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នោះ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី២៤ ខែកុម្ភៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានស្នើមកក្រសួងឱ្យជូនដំណឹងទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ កុំឱ្យធ្វើការផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋជប៉ុន ប្រសិនបើក្រសួងសុខាភិបាលរកឃើញថា ជនជាតិជប៉ុនមានផ្ទុកវីរុសកូរ៉ូណាថ្មីនោះ។
សេចក្ដីជូនដំណឹងដដែលថា ស្ថានទូតជប៉ុន បានស្នើបែបនេះ បន្ទាប់ពីមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានបង្ហាញទាំងស្រុងនូវព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងលេខលិខិតឆ្លងដែន បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ មានផ្ទុកវីរុសកូរ៉ូណាថ្មី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
ករណីនេះ ក្រសួងព័ត៌មានស្នើទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សាយជាសាធារណៈ បង្ហាញព័ត៌មានទាក់ទងឯកជនភាពដូចជាឈ្មោះ រូបថត ថ្ងៃខែឆ្នាំកំណើត និងលិខិតឆ្លងដែន បើសិនជាអ្នកផ្ទុកវីរុសកូរ៉ូណាមិនបានអនុញ្ញាត។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បន្ថែមថា ក្រសួងព័ត៌មានក៏ជូនដំណឹងនេះទៅស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
លោក ផុស សុវណ្ណ ប្រាប់ថា៖ «យើងបានជូនព័ត៌មានទៅគ្រប់អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ហើយយើងសង្ឃឹមថា អ្នកនាំពាក្យទាំងអស់ ក៏គាត់បានយល់ និងជ្រាបរឿងទាំងអស់ហ្នឹងហើយ ព្រោះយើងមាន Group [គ្រុប] អ្នកនាំពាក្យរដ្ឋាភិបាល Group អ្នកនាំពាក្យមន្ទីរព័ត៌មានគ្រប់រាជធានី-ខេត្ត ដើម្បីជូនដំណឹងឱ្យគាត់ជ្រាបដែរ»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ម៉ៃ ទិត្យថារ៉ា ចាត់ទុកសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានទៅប្រព័ន្ធផ្សព្វផ្សាយ និងក្រសួងពាក់ព័ន្ធថា ជារឿងត្រឹមត្រូវ ដោយលោកហៅ ការបញ្ចេញអត្តសញ្ញាណទាំងស្រុងនេះថា ធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គល។
លោក ម៉ៃ ទិតថារ៉ា ប្រាប់ថា៖ «អាហ្នឹងយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលទេ។ ប្រសិនបើក្រសួងសុខាភិបាលគាត់បញ្ចេញឈ្មោះអីហើយ អ៊ីចឹងអ្នកសារព័ត៌មានយើងនឹងធ្វើការផ្សាយទៅតាមហ្នឹងហើយ។ សំខាន់ក្រសួងសាម៉ីទេថា តើគាត់ជាអ្នកសម្រេចចិត្តខ្លួនគាត់ថា តើគួរតែបង្ហាញ ឬក៏មិនបានបង្ហាញអត្តសញ្ញាណ ព្រោះអ្នកសារព័ត៌មានគាត់ធ្វើតាមសេចក្ដីប្រកាសរបស់គេទេ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្រសួងមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។ លោកស្រីបន្តថា ប្រសិនបើស្ថានទូតជប៉ុនស្នើសុំមិនឱ្យបង្ហាញអត្តសញ្ញាណទាំងស្រុងបែបនេះ លោកស្រីថា ក្រសួងអនុវត្តតាមសំណើនោះ។
អ្នកស្រី ឱ វណ្ណឌីន ប្រាប់ថា៖ «បើអត់មាន [ស្នើសុំ] ទេ អាហ្នឹងអាស្រ័យទៅលើសាច់រឿងទេ ប៉ុន្តែ សំខាន់យើងមានភាពច្បាស់លាស់ ហើយកុំឱ្យមានការលើកឡើងថា មានការលាក់លៀម។ ពេលខ្លះថា និយាយមិនច្បាស់អ៊ីចឹង។ អ៊ីចឹង កន្លែងនេះ វាជាគោលការណ៍ យើងនឹងអនុវត្តទៅតាមការស្នើសុំរបស់ស្ថានទូតហ្នឹងហើយ»។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ក្រសួងរកឃើញការឆ្លងវីរុសកូរ៉ូណាលើកដំបូងទៅលើបុរសជនជាតិចិនម្នាក់ និងសមាជិកក្រុមគ្រួសារលោក ៣រូបទៀត បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ។ ក្នុងសន្និសីទនោះ ក្រសួងបានបញ្ចេញអត្តសញ្ញាណទាំងស្រុងរបស់ជនជាតិចិនទាំងនោះដល់អ្នកសារព័ត៌មានផងដែរ៕