ជប៉ុនរកឃើញថ្នាំប្រឆាំងមេរោគកូរ៉ូណាថ្មី ឬកូវីដ-១៩ ហើយគ្រោងផ្សព្វផ្សាយពីការប្រើប្រាស់របស់វា ខណៈចិនរកឃើញវ៉ាក់សាំងបង្ការមេរោគឆ្លងនេះ។
តាមសារព័ត៌មាន NHK របស់ជប៉ុនបានឱ្យដឹងនៅថ្ងៃនេះថា ថ្នាំប្រឆាំងមេរោគកូវីដ-១៩ ឈ្មោះ Avigan អភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន Fujifilm Holdings ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាពរបស់វាដោយមជ្ឈមណ្ឌលជាតិចិន បន្ទាប់ពីប្រើសាកលើអ្នកជំងឺនៅក្រុងវូហាន និងស៊ិនជិន។
តាមប្រភពដដែល ប្រធានមជ្ឈមណ្ឌលជាតិចិនសម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា លោក Zhang Xinmin លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃម្សិលមិញថា ថ្នាំនេះបានប្រើសាកល្បងដោយជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្រុងវូហាន ២៤០នាក់ និងនៅក្រុងសិនជិន ៨០នាក់។
លោកបញ្ជាក់ថា អ្នកជំងឺបានជាសះស្បើយរកលែងឃើញមេរោគក្នុងខ្លួន ក្រោយប្រើថ្នាំនេះជាមធ្យម ៤ថ្ងៃ ខណៈអ្នកដែលមិនប្រើ ត្រូវការពេលមធ្យម ១១ថ្ងៃ ហើយពួកគេ ៩១ភាគរយមានលក្ខខណ្ឌសួតល្អប្រសើរឡើងវិញ ខណៈតួលេខនេះមានតែ ៦២ភាគរយសម្រាប់អ្នកមិនប្រើ។
លោក Xinmin បន្ថែមថា ថ្នាំនេះក៏មានសុវត្ថិភាពក្នុងការប្រើប្រាស់ផងដែរ និងត្រូវបានណែនាំជាផ្លូវការឱ្យប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនចិនដែលទទួលបានអាជ្ញាបណ្ណពីក្រុមហ៊ុនជប៉ុន អាចផលិតក្នុងទ្រង់ទ្រាយធំបាន។
ទន្ទឹមនឹងគ្នានេះ ចិនបានប្រកាសដាក់ឱ្យដំណើរការសាកល្បងវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ដំបូងរបស់ខ្លួន ដែលអភិវឌ្ឍដោយក្រុមឯកទេសជីវសង្គ្រាម នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន និងក្រុមអ្នកវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei។
តាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា វ៉ាក់សាំងនេះ ត្រូវបានប្រកាសចាប់ផ្តើមប្រើប្រាស់សាកល្បងនៅយប់ថ្ងៃម្សិលមិញ ក្នុងសន្និសីទកាសែតមួយនាទីក្រុងប៉េកាំង និងបន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ហើយកំពុងត្រៀមបញ្ជូនចូលក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំ។
យោងតាមប្រភពដដែល លោកស្រី Chen Wei ដែលគេស្គាល់ថា ជាអ្នកបញ្ចប់ជីវិតមេរោគអេបូឡា ថ្លែងប្រាប់ទូរទស្សន៍រដ្ឋចិន CCTV អំឡុងសន្និសីទថា វ៉ាក់សាំងដំបូងនេះ នឹងក្លាយជាអាវុធវិទ្យាសាស្រ្តខ្លាំងក្លាបំផុតរបស់ប្រទេសចិន សម្រាប់បញ្ចប់ជីវិតមេរោគរាតត្បាតកូរ៉ូណាថ្មី។
គិតត្រឹមរសៀលថ្ងៃពុធនេះ មេរោគកូវីដ-១៩ បានស្លាប់មនុស្សអស់ជិត ៨ពាន់នាក់ និងអ្នកជំងឺជាង ៨ម៉ឺន២ពាន់នាក់បានជាសះស្បើយ ក្នុងចំណោមអ្នកឆ្លងជិត ២សែននាក់។ ក្នុងនោះ ករណីឆ្លង និងស្លាប់ជាង ៤០ភាគរយ កើតឡើងនៅប្រទេសចិនដីគោកដែលជាប្រភពមេរោគ។
តាមប្រភពពីសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា រហូតមកទល់ពេលនេះមិនទាន់មានថ្នាំព្យាបាលជាក់លាក់ណាមួយត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ។ អ្នកជំងឺជាសះស្បើយភាគច្រើន ដោយសារប្រព័ន្ធការពារក្នុងខ្លួនពួកគេរឹងមាំ។
ប្រភពដដែលឱ្យដឹងបន្ថែមថា អ្នកដែលលេចអាការក្អក ឬឡើងកម្តៅក្នុងខ្លួនខ្លាំង និងទើបមកពីក្រៅប្រទេស ឬប៉ះផ្ទាល់ជាមួយអ្នកមានបញ្ហាសួត គួរកុំចាកចេញពីផ្ទះ ហើយនៅឱ្យឆ្ងាយពីអ្នកដទៃរយៈពេល១៤ថ្ងៃ។ បើអាការប្រែប្រួលកាន់តែអាក្រក់ក្នុងរយៈពេល៧ថ្ងៃ ត្រូវប្រញាប់ទាក់ទងទៅមន្រ្តីសុខាភិបាលទទួលបន្ទុកជំងឺកូវីដ-១៩ជាបន្ទាន់៕