ប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមអំពាវនាវទៅពលរដ្ឋខ្មែរកាន់ឥស្លាមនៅក្នុងប្រទេសកម្ពុជាទាំងអស់ឱ្យថ្វាយបង្គំនៅតាមផ្ទះរៀងៗខ្លួនដោយមិនចាំបាច់មកជួបគ្នាថ្វាយបង្គំនៅវិហារដូចមុនៗទេ ដើម្បីទប់ស្កាត់ការរីករាលដានជំងឺកូវីដ-១៩។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃម្សិលមិញ ប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីម លោក អូស្មាន ហាស្សាន់ លើកឡើងថា ការផ្អាកជួបជុំគ្នាថ្វាយបង្គំនៅវិហារនេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ លោកបន្តថា ទោះបីជាពលរដ្ឋខ្មែរឥស្លាមមិនបានទៅថ្វាយបង្គំនៅវិហារក៏ដោយ ប៉ុន្តែពលរដ្ឋខ្មែរឥស្លាមទាំងអស់អាចថ្វាយបង្គំនៅផ្ទះរៀងៗខ្លួនបាន ដោយលោកថា ការថ្វាយបង្គំនៅផ្ទះនេះ មិនបានខុសច្បាប់សាសនាឡើយ។
លោកថា៖«ដូច្នេះ សូមអំពាវនាវជាចុងក្រោយ បងប្អូនឥស្លាមដែលរស់នៅកម្ពុជាទាំងអស់ គឺសូមឱ្យប្រតិបត្តិការថ្វាយបង្គំ ឬបំពេញកាតព្វកិច្ចផ្សេងៗ ឬថ្វាយបង្គំចង្អាបក៏ដោយ គឺថាយើងធ្វើតាមផ្ទះ គឺមិនខុសទេ ព្រោះថា ច្បាប់របស់ឥស្លាម នៅក្នុងកាលៈទេសៈណាមួយគឺឥស្លាមអាចអនុញ្ញាត អាចអនុគ្រោះ អាចលើកលែង អត់មានថា លែងអ៊ីចឹងទៅខ្លាចបាប លែងអ៊ីចឹងទៅខ្លាចខុស គឺអត់មានទេ»។
លោក អូស្មាន ហាស្សាន់ បន្តថា ពលរដ្ឋខ្មែរឥស្លាមថ្វាយបង្គំនៅតាមវិហារនីមួយៗ ក្នុងមួយថ្ងៃមួយយប់ចំនួន ៥ ដង។
លោក អូស្មាន ហាស្សាន់ឱ្យដឹងទៀតថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ពលរដ្ឋខ្មែរឥស្លាមចំនួន ៧៩នាក់ ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី គ្រូពេទ្យបានពិនិត្យសុខភាពគ្រប់គ្នា ដោយក្នុងចំណោមអ្នកទាំង៧៩ នាក់ គឺ មាន ២៣នាក់ ឆ្លងជំងឺកូវីដ-១៩។ លោកបន្តថា សម្រាប់មនុស្សជិត៣០០ នាក់ដែលប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកកូវីដ-១៩ ចំនួន២៣នាក់នេះគឺ ត្រូវបានក្រសួងធ្វើតេស្ត រកអ្នកឆ្លងចំនួន ៥នាក់ទៀត។