អ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួនបង្ហាញការព្រួយបារម្ភថា ពលរដ្ឋនឹងក្លាយជាជនរងគ្រោះ បើរដ្ឋាភិបាលដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមិនបានត្រៀមស្បៀងបម្រុងជាមុននោះ។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពី២ថ្ងៃមុន បានថ្លែងថា លោកកំពុងពិចារណាទូលព្រះមហាក្សត្រសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរាលដាលនៃមេរោគរលាកផ្លូវដង្ហើមថ្មី ហៅ កូវីដ១៩ ប្រសិនបើវិធានការស្នើសុំរបស់លោកគ្មានប្រសិទ្ធភាព។
អ្នកឃ្លាំមើលសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា រដ្ឋាភិបាលគួរប្រើវិធានការផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងបញ្ហាកូវីដ១៩ ជាជាងដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈវិស័យសុខាភិបាលមិនទាន់បញ្ជ្រាបគុណភាពទៅដល់តំបន់ជនបទ ហើយពលរដ្ឋភាគច្រើរកចំណូលបានតិចនៅឡើយ បើធៀបនឹងប្រទេសជិតខាងនោះ ។
លោកថា៖ «បើសិនជាបិទមែន ប្រជាពលរដ្ឋអាចនឹងលំបាករស់នៅហើយ។ អ្នកខ្លះអាចនឹងដាច់បាយ អ្នកឈឺល្មមៗអាចនឹងស្លាប់ ការឆ្លងកូវីដ១៩ទៀត»។
លោក ប៉ា ច័ន្ទរឿន បង្ហាញការយល់ឃើញថា ការដាក់ប្រទេសក្នុងគ្រាអាសន្នពេលនេះ វានឹងបង្ហាញរូបភាពកាន់តែអាក្រក់ដល់ក្រសែភ្នែកអន្តរជាតិ ដែលទាមទារឱ្យរដ្ឋាភិបាលប្រឹងប្រែងស្តារប្រជាធិបតេយ្យឡើងវិញ។
លោកថា៖ «បើសិនដាក់ប្រទេសក្នុងភាពអាសន្នមែន ហើយការបន្តធ្វើនយោបាយបែបនេះបន្តទៅទៀត វានឹងធ្វើឱ្យការរំលោភបំពានសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយហ្នឹង កាន់តែអាក្រក់ជាងមុន»។
ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច បានផ្តល់បទសម្ភាសន៍ដល់VOD កាលពីថ្ងៃទី២៥ ខែមីនា អះអាងថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន រដ្ឋាភិបាលមានសិទ្ធិគ្រប់ពេលក្នុងការប្រើអាវុធ ដោយមិនគិតពីសិទ្ធិមនុស្ស ដើម្បីទប់ស្ថានការណ៍។
លោកថា៖ «យើងដឹងហើយថា ទាហានជាឧបករណ៍របស់រដ្ឋ អីចឹងពេលដែលរដ្ឋដាក់ឱ្យមានភាពអាសន្ន គេ [រដ្ឋាភិបាល] អាចប្រើប្រាស់កម្លាំងដោយឥតខុសច្បាប់ទេ»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ទីណាច្បាប់ចប់ លែងមានគេគោរព ទីនោះគឺអំណាចផ្តាច់ការចាប់ផ្តើមហើយ»។
រដ្ឋធម្មនុញ្ញមាត្រា២២ថ្មីចែងថា៖ «នៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណ: ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា បើរដ្ឋាភិបាលចង់ធ្វើដូចនេះមែន គ្មានអ្វីជំទាន់ទេ ព្រោះប្រធានរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញផង ជាសមាជិកបក្សកាន់អំណាច។
ប៉ុន្តែ អ្នកវិភាគរូបនេះ អះអាងថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្នពេលនេះ ជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ បើរដ្ឋាភិបាលមិនបានត្រៀមស្បៀងទុកជាមុន ដូចបណ្តាប្រទេសមួយចំនួននោះ ។
លោកថា៖ «បើយើងដាក់ ស្ថានភាពសេដ្ឋកិច្ចរឹតតែលំបាកទៅទៀត ដោយសារ យើងអត់មានស្បៀងសម្រាប់បម្រុងទុក ដូចនៅអាមេរិក និងអឺរ៉ុបអី គេមានបម្រុងទុក១ឆ្នាំ។ ដល់ពេលប្រទេសគេមានបញ្ហាគេយកអាសម្ភារបម្រុង ស្បៀងបម្រុង មកប្រើការ ដោយឡែក កម្ពុជាយើង អត់មានរៀបចំលក្ខណៈហ្នឹង អីចឹងបើយើងដាក់ប្រទេសក្នុងភាពអាសន្ន អ្នកផលិតខាងឧស្សាហកម្មអីដួលទាំងអស់»។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សកម្មជនគណបក្សប្រជាជនកម្ពុជា នឹងចុះចែកស្បៀងជូនពលរដ្ឋដល់ផ្ទះចំពោះអ្នកខ្វះខាត។
លោកថា៖ «ចុះចែកក្រមា ចែកអង្ករ ចែកត្រីខដល់ផ្ទះ ដល់អ្នកដែលខ្វះខាត មន្ត្រីគណបក្សប្រជាជនច្រើនណាស់ដែលចុះមូលដ្ឋាន»។
លោក ឯម សុវណ្ណរ៉ា បង្ហាញការព្រួយបារម្ភពីបញ្ហានេះ ដោយថា ការដែលរដ្ឋាភិបាលបិទតែក្លឹបកម្សាន្តមួយជាជំហានដំបូងផង អាជ្ញាធរមិនមានលទ្ធភាពដោះស្រាយនៅឡើយ ។
លោកថា៖ «កាលណាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់ពលរដ្ឋ វាអាចផ្ទុះជាបញ្ហាសង្គមទៅថ្ងៃណាមួយដែលយើងពិបាកស្មាន»។
បញ្ហានេះ អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ ហៅការដែលមេដឹកនាំចង់ដាក់ប្រទេសក្នុងគ្រាមានអាសន្នពេលនេះ អាចជាយុទ្ធសាស្ត្រដើម្បីក្តោបអំណាចឱ្យណែនក្នុងដែន ទប់ស្កាត់បញ្ហាផ្ទៃក្នុងផង និងការតវ៉ាណាមួយពីអ្នករងផលប៉ះពាល់ផង។
ប៉ុន្តែ អ្នកវិភាគរូបនេះ រំឭកថា ជាជម្រើសដើម្បីស្តារសេដ្ឋកិច្ច និងរក្សាទីផ្សារការងារ រដ្ឋាភិបាលត្រូវបង្រួបបង្រួមជាតិឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុពន្ធ EBA របស់សហភាពអឺរ៉ុប និងពីមហាអំណាចលោកសេរី។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់កាលពីថ្ងៃទី២៥ ខែមីនា ថា កម្ពុជាមិនទាន់មានច្បាប់ដាច់ដោយឡែកសម្រាប់ក្នុងប្រទេសក្នុងគ្រាមានអាសន្ននៅឡើយទេ ហើយលោកកំពុងតែឱ្យអ្នកជំនាញច្បាប់ពិនិត្យសិក្សាលើករណីនេះ។
ចំណែកបញ្ហាស្បៀងអាហារវិញ ទាំងសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាល សុទ្ធតែអះអាងថា កម្ពុជាមានស្បៀងគ្រប់គ្រាន់ មិនជួបបញ្ហាខ្វះខាតនោះឡើយ ហើយអំពាវនាវកុំឱ្យពលរដ្ឋព្រួយបារម្ភពីបញ្ហានេះ៕