លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាអាចដាក់ប្រទេសក្នុងភាពអាសន្ន មានកម្រិតត្រឹមតែ ០.១% ប៉ុណ្ណោះ បើសិនជាជំងឺកូវីដ-១៩ នៅតែឆ្លងរីករាលដាលកាន់តែខ្លាំង ហើយនិយាយជាមួយពលរដ្ឋលែងស្តាប់។
ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាពនាព្រឹកថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ហើយច្បាប់នេះនឹងចូលជាធរមាននៅក្រោយចូលឆ្នាំខ្មែរខាងមុខនេះ។
លោក ហ៊ុន សែន ថ្លែងថា ដើមចមដែលនាំឱ្យកម្ពុជាបង្កើតច្បាប់ត្រៀម «គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដើម្បីទប់ស្កាត់បញ្ហាចលាចលនានាក្នុងសង្គម បើសិនជាជំងឺកូវីដ-១៩ កាន់តែឆ្លងរីករាលដាលកាន់តែខ្លាំង ហើយរដ្ឋាភិបាលនិយាយជាមួយប្រជាពលរដ្ឋលែងស្តាប់គ្នាបានជាដើម។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ថ្លែងបញ្ជាក់ថា កម្រិតដែលដាក់ប្រទេសកម្ពុជាក្នុងស្ថានភាពអាសន្ននេះ មានលទ្ធភាពត្រឹមតែ ០.១% តែប៉ុណ្ណោះ។
លោកថ្លែងបែបនេះថា៖ «លទ្ធភាពមានត្រឹមតែ ០.១% តែប៉ុណ្ណោះ ជាលទ្ធភាពនៃការប្រកាសអាសន្ន ដោយកូវីដ១៩ ដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ន លទ្ធភាពវាតិចណាស់ តែបើទោះបីជាតិចយ៉ាងណាក៏ដោយ ក៏ត្រូវមានឧបករណ៍ច្បាប់ក្នុងដៃ ក្រែង០.១%វាលេចឡើង បើលេចឡើង យើងត្រូវដាក់វាក្នុងស្ថានភាពមានអាសន្ន»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានជំនឿថា រដ្ឋាភិបាលមិនដាក់ប្រទេសក្នុងស្ថានភាពអាសន្ននោះទេ។ លោកបន្តថា បើរដ្ឋាភិបាលដាក់កម្ពុជាក្នុងស្ថានភាពអាសន្ននោះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង។
លោកមានប្រសាសន៍ថា៖ «កាលណាដាក់ សូម្បីតែរោងចក្រក៏បិទទ្វារដែរ កាលណារោងចក្របិទទ្វារ សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពេលហ្នឹងគឺសេដ្ឋកិច្ចទូទាំងប្រទេសលែងដំណើរការ គឺនៅស្ងៀមគ្រប់កន្លែងទាំងអស់»។
សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នេះ ចែកចេញជា ៥ជំពូក និង ១១មាត្រា ហើយចែងពីគោលបំណង វិសាលភាព បែបបទ នីតិវិធី រួមទាំងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ឬការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងទោសប្បញ្ញត្តិជាដើម។
ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ក៏បានចែង ដាក់ពិន័យធ្ងន់ធ្ងរដល់ជនណាដែលរារាំងកិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលនាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ដោយត្រូវប្រឈមជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ៥០លានរៀល រហូតដល់ ១ពាន់លានរៀល។
សេចក្តីព្រាងច្បាប់នេះចែងទៀតថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីមានការឯកភាព ពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
បច្ចុប្បន្ន សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យរួចរាល់ហើយ ហើយបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំអនុម័តនៅថ្ងៃសុក្រទី១០ ខែមេសានេះ រួចបញ្ជូនទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យលើធម្មនុញ្ញភាព ដោយពុំចាំបាច់ឆ្លងកាត់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីទៀតនោះទេ ដែលច្បាប់នេះនឹងចូលជាធរមាននៅក្រោយចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕