តំណាងពលរដ្ឋ ៩នាក់ មកពីសហគមន៍មានជម្លោះដីធ្លីនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួនសួរចម្លើយជាង ១០ម៉ោងកាលពីថ្ងៃម្សិលមិញ ខណៈដែលតំណាងពលរដ្ឋទាំងនោះឡើងមកដាក់ញត្តិនៅតាមស្ថាប័នរដ្ឋមួយ ដើម្បីស្នើទៅរដ្ឋាភិបាលឱ្យចេញវិធានការជាក់លាក់ក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋអំឡុងពេលមានជំងឺកូវីដ១៩។
អ្នកស្រី ផាវ ញើង ដែលអះអាងថា ជាតំណាងពលរដ្ឋមកពីខេត្តកោះកុង ប្រាប់វីអូឌីនៅថ្ងៃនេះថា តំណាងពលរដ្ឋ ៩រូប មកពីខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តផ្សេងទៀត បានយកញត្តិទៅដាក់នៅក្រសួងសុខាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នផ្សេងៗទៀតកាលពីម្សិលមិញនេះ។
តំណាងពលរដ្ឋរូបនេះ អះអាងថា ពួកគាត់ត្រូវបានក្រុមសន្តិសុខ និងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួននៅម៉ោងប្រហែល ១រសៀល អំឡុងពេលប្រមូលផ្ដុំដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហើយបាននាំយកទៅសួរចម្លើយនៅសាលាខណ្ឌរហូតដល់ម៉ោង ១០យប់។ អ្នកស្រីបន្ថែមថា អាជ្ញាធរខណ្ឌដូនពេញ បានបង្ខំពួកគាត់ឱ្យផ្ដិតមេដៃលើកិច្ចសន្យា មុននឹងត្រូវបានដោះលែងមកវិញ។
អ្នកស្រី ផាវ ញើង ប្រាប់ថា៖ «ខ្ញុំសោកស្តាយដែលយើងមានអាជ្ញាធរមិនគោរពច្បាប់សិទ្ធិមនុស្ស និងកតិកាសញ្ញាស្តីពីសិទ្ធិមនុស្ស ច្បាប់រដ្ឋធម្មនុញ្ញ។ អ៊ីចឹង ថ្ងៃក្រោយ ប្រសិនបើពួកគាត់ឃើញពួកខ្ញុំធ្វើអីក៏ដោយ សូមឱ្យពួកគាត់គោរពសិទ្ធិមនុស្សផង ព្រោះគាត់ក៏ជាមនុស្ស ខ្ញុំក៏មនុស្សដែរ មិនមែនឆ្កែទេ»។
តំណាងពលរដ្ឋនៅសហគមន៍មួយក្នុងរាជធានីភ្នំពេញ អ្នកស្រី នី សណ្តោស ប្រាប់ថា អ្នកស្រីក៏ត្រូវបានអាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួនដែរ ហើយអ្នកស្រីថា អាជ្ញាធរបានសួរចម្លើយពួកគាត់អំពីមូលហេតុនៃការដើរញត្តិ និងសួររកអ្នកនៅពីក្រោយ រួមទាំងស្ថាប័នដែលពួកគាត់ជំពាក់បំណុលផងដែរ។
អ្នកស្រី នី សណ្តោស បន្តថា ក្រោយសួរចម្លើយជាង ១០ម៉ោង អភិបាលខណ្ឌដូចពេញ លោក សុខ ពេញវុធ បានឱ្យតំណាងប្រជាពលរដ្ឋធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាពក្នុងរដូវកាលជំងឺកូវីដ១៩នេះ និងតម្រូវឱ្យតំណាងពលរដ្ឋចូលទៅបំភ្លឺនៅពេលអាជ្ញាធរកោះហៅផងដែរ។
អ្នកស្រី សណ្ដោស បន្ថែមថា៖ «កាលពីម្សិលមិញ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរងសម្ពាធច្រើន។ ត្បិតគាត់អត់បានវាយដំ ឬធ្វើបាបខ្ញុំក៏ដោយ ប៉ុន្តែ ខ្ញុំហាក់កំពុងរងការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ ហើយខ្ញុំគិតថា ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នមិនទាន់ចេញផង ពួកខ្ញុំត្រូវបានរឹតត្បិតយ៉ាងនេះហើយ ចុះទម្រាំដល់ពេលមានច្បាប់ហ្នឹងទៀត តើពួកខ្ញុំទៅជាយ៉ាងណាទៅវិញ»។
តំណាងពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ស្ពឺ លោក ស៊ឹង សុខុម មិនត្រូវបានអាជ្ញាធរខណ្ឌដូនឃាត់ខ្លួននោះទេកាលពីម្សិលមិញ ប៉ុន្តែ លោកត្រូវបាននគរបាលប៉ុស្តិ៍ត្រពាំងជោរ ក្នុងស្រុកឱរាល់ ហៅលោកទៅសួរនាំនៅប៉ុស្តិ៍នៅម៉ោង ២រសៀលថ្ងៃនេះ។
លោក ស៊ឹង សុខុម ឱ្យដឹងថា សំណើដែលដាក់តាមស្ថាប័នមួយចំនួននោះគឺ ស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារពន្យារពេលបង់ដើម និងការប្រាក់ ហើយចុះចែកអាល់កុល ម៉ាស់ និងអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍អំពីវិធីការពារជំងឺកូវីដ១៩ ខណៈដែលប្រជាពលរដ្ឋក្នុងសហគមន៍ទាំងនោះ កំពុងជួបបញ្ហាខ្វះខាតដោយសារបញ្ហាជំងឺមួយនេះ។
លោក សុខុម បន្ថែមថា៖ «ខ្ញុំអត់មានខុសអីផង។ ខ្ញុំគ្រាន់តែសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅលើផ្នែកមីក្រូហិរញ្ញវត្ថុ ដោយសុំពន្យារពេលនៃការបង់បំណុលរបស់ប្រជាពលរដ្ឋតែប៉ុណ្ណឹង និងសុំឱ្យក្រសួងសុខាភិបាលជួយផ្តល់ម៉ាស់ អាល់កុល ជែល ដល់សហគមន៍ក្រីក្រ ដើម្បីការពារជំងឺកូវីដហ្នឹង។ តែប៉ុន្មានចំណុចហ្នឹង ខ្ញុំគ្មានធ្វើអីខុសផង»។
វីអូឌីមិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌដូចពេញ លោក សុខ ពេញវុធ បានទេពាក់ព័ន្ធករណីនេះ ដោយទូរសព្ទចូល ប៉ុន្តែ អ្នកទទួលទូរសព្ទប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំមិនអាចឆ្លើយបាន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ពេលដែលប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ ហើយពួកគេដាក់ញត្តិជូនរដ្ឋាភិបាលដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយនោះ វាជាមធ្យោបាយដោយសន្តិវិធីល្អមួយ និងតាមផ្លូវច្បាប់ ដោយលោកថា វាមិនបានធ្វើឱ្យប៉ះពាល់ ឬធ្វើឱ្យចលាចលអ្វីដល់សង្គមនោះទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សរូបនេះ បានចាត់ទុកករណីអាជ្ញាធរឃាត់ខ្លួន និងកោះហៅពលរដ្ឋទៅសួរចម្លើយនេះ ជាការគំរាមកំហែងទៅលើស្មារតី និងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោក ស៊ឹង សែនករុណា បន្ថែមថា៖ «បើយើងពិនិត្យមើលសេរីភាពមូលដ្ឋាន ការបញ្ចេញមតិ ការជួបជុំដាក់ញត្តិរបស់ពួកគាត់ហ្នឹង គឺពួកគាត់មានសិទ្ធិក្នុងការដាក់ ដើម្បីទាមទារឱ្យស្ថាប័នរបស់រដ្ឋឱ្យដោះស្រាយ។ អ៊ីចឹង បើយើងប្រើមធ្យោបាយចាប់ឃាត់ខ្លួន និងបន្តហៅទៅសាកសួរនេះ វាជាកាគំរាមកំហែងទៅលើស្មារតីអ្នកដែលធ្វើការទាមទារទាំងអស់ហ្នឹងហើយ»៕