ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនអតីតនាយកស្ថានីយវិទ្យុ FM 99.75MHz និងគេហទំព័រ រិទ្ធិសែន នៅពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ឈួន ស៊ីវិន ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមស៊ើបសួរ លោក ផាន់ ឡេង បានសម្រេចឃុំខ្លួនលោក សុខ ឧត្ដម នៅពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីធ្វើការសាកសួររួច។ លោកបន្តថា លោក សុខ ឧត្ដម ត្រូវតុលាការចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ករណីដែលលោកបានចុះញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋឱ្យធ្វើការតវ៉ា ។
លោកថា៖ «លោក សុខ ឧត្តម បានញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋឱ្យធ្វើការតវ៉ា ដោយចោទប្រកាន់ថា អាជ្ញាធរយកដីបន្ទាយទាហាន និងដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឱ្យភាន់ច្រឡំ ធ្វើបាត់បង់ជំនឿលើអាជ្ញាធរ និងធ្វើឱ្យប៉ះពាល់សន្តិសុខសង្គម»។
លោក ឈួន ស៊ីវិន អះអាងថា ដើមបណ្ដឹងដែលប្ដឹងអតីតនាយកស្ថានីយវិទ្យុ FM 99.75MHz និងគេហទំព័រ រិទ្ធិសែន លោក សុខ ឧត្ដម នោះ គឺមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក នូរ សំរិទ្ធ។
ម្ចាស់ស្ថានីយវិទ្យុ 99.75MHz និងគេហទំព័រ «រិទ្ធិសែន» នៅខេត្តកំពង់ឆ្នាំង លោក សុខ ឧត្ដម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ សមត្ថកិច្ចចាប់ខ្លួនលោក សុខ ឧត្ដម ធ្វើឡើងបន្ទាប់ពីលោកចុះទៅឡាយផ្ទាល់រឿងប្រជាពលរដ្ឋតវ៉ា នៅមុខសាលាឃុំជៀប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកទឹកផុស ដែលប្រជាពលរដ្ឋចោទថា អាជ្ញាធរបានដកហូតដីធ្លីរបស់ពួកគេ។
អ្នកសារព័ត៌មានកម្ពុជា ២រូបហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយស្ថាប័នសារព័ត៌មានអនឡាញចំនួន ៣ ត្រូវបានក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណជាបន្តបន្ទាប់ចាប់តាំងពីដើមខែមេសាកន្លងមក៕