បញ្ហាបំណុលដែលកើតចេញពីកូវីដ១៩ ត្រូវបានអ្នកឃ្លាំមើលបង្ហាញការព្រួយបារម្ភថា ជាប្រធានបទក្តៅ តម្រូវឱ្យមានវិធានការដោះស្រាយបន្ទាន់ផងដែរ ដើម្បីទប់ស្កាត់វិបត្តិសង្គម ខណៈរកឃើញថា ពលរដ្ឋជាង ២លាន ៦សែននាក់ បានជាប់បំណុលជាមធ្យមម្នាក់ជិត ៤ពាន់ដុល្លារ។
ប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានចុះធ្វើសិក្ខាសាលាតាមខេត្តមួយចំនួនជាបន្តបន្ទាប់ ដូចជានៅខេត្តបាត់ដំបង និងបន្ទាយមានជ័យជាដើម។
លោក ជា ចាន់តូ ក្រើនរំឭកឱ្យស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោះស្រាយបញ្ហាជាមួយអតិថិជនដែលជាកូនបំណុល ដោយភាពទន់ភ្លន់ និងអនុគ្រោះ។
ជាការកត់សម្គាល់ ការក្រើនរំឭករបស់មន្ត្រីជាន់ខ្ពស់នៅធនាគារជាតិនេះ មិនមែនជារឿងថ្មីទេ។ កាលពីខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តពោធិ៍សាត់ ក៏បានបញ្ជាផ្ទាល់មាត់ទៅគ្រឹះស្ថានផ្តល់ប្រាក់កម្ចីឱ្យយោគយល់ដល់កូនបំណុលផងដែរ។
របាយការណ៍ថ្មីមួយចេញផ្សាយរួមគ្នាដោយអង្គការសង្គមស៊ីវិលជាង១០០ កាលពីថ្ងៃទី២៧ ខែមេសា បង្ហាញថា អ្នកធ្វើការងារនៅវិស័យសំណង់ រោងចក្រកាត់ដេរ ទេសចរណ៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្មជាដើម មានពលរដ្ឋរាប់លាននាក់បាត់បង់ចំណូលដោយសារឥទ្ធិពលនៃមេរោគកូវីដ១៩។
បណ្តុំអង្គការជាង១០០ដែលមានទាំងអង្គការលីកាដូដែរនោះ បានបញ្ជាក់ទៀតថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយផ្គត់ផ្គង់ចំពោះការបាត់បង់ចំណូលកន្លងមក គឺនៅមានភាពខ្វះខាតនៅឡើយ ។
បញ្ហានេះបង្កើតជាសំណួរថា តើវិធានការរដ្ឋាភិបាលបានជួយពលរដ្ឋជំពាក់បំណុលធ្ងន់ធ្ងរកម្រិតណា?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី និយាយថា ទិដ្ឋភាពទូទៅ លោកមើលឃើញថា កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាបំណុលស្ថិតក្នុងកម្រិតអំពាវនាវ ដែលលោកគិតថាអាចមកពីរដ្ឋខ្វះធនធាន។
បើតាមលោក មាស នី កន្លែងខ្លះម្ចាស់បំណុលព្រមឱ្យកូនបំណុលបង់តែការប្រាក់ តែប្រាក់ដើមនៅបន្តគិតការដដែល ដែលលោកថា បញ្ហានេះហាក់មិនបានជួយដោះបន្ទុកពលរដ្ឋដែលជាប់បំណុលទេ ព្រោះប្រាក់ដើមទុកកាន់តែយូរ ការប្រាក់កាន់តែកើន ។
លោកថា៖ «បើនិយាយមែនទែនទៅ ដូចយកថ្នាំមកដាក់ដើម្បីបំបាត់ការឈើចាប់ ប៉ុន្តែ នៅពេលដែលសាបជាតិថ្នាំហ្នឹងទៅ ភាពឈឺចាប់ហ្នឹងវានឹងកើតឡើងដដែល។ បានន័យថា ការដំឡើងការប្រាក់ និងពន្យារសងហ្នឹង ទូទាត់ចុះឡើង វាមិនមានស្អីជាការជួយសង្គ្រោះនៅពេលហ្នឹងទេ»។
អ្នកឃ្លាំមើលរូបនេះ បង្ហាញការព្រួយបារម្ភថា ជំងឺនេះវានឹងរាលដាលកាន់តែខ្លាំង បើរដ្ឋាភិបាលគ្មានលទ្ធភាពបញ្ចេញកញ្ចប់ថវិកាដូចប្រទេសជិតខាង ដើម្បីសង្គ្រោះគ្រឹះស្ថានផ្តល់ប្រាក់កម្ចី និងពលរដ្ឋដែលកំពុងរងផលប៉ះពាល់ទេនោះ។
លោកថា៖ «ទីចុងបំផុតបើកាលណាបញ្ហានេះ វាអូសបន្លាយយូរទៅស្ថាប័នប្រាក់កម្ចីគ្នាក៏អត់លុយសម្រាប់ទប់ ចិញ្ចឹមបុគ្គលិកដែរ ជួនកាលវាអាចដួលទាំងអស់គ្នា បើគ្មានវិធានច្បាស់លាស់ដើម្បីជួយសង្គ្រោះរឿងហ្នឹង»។
សមាគមមីក្រូហិរញ្ញវត្ថុ អះអាងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា អតិថិជនជាង ១៧ម៉ឺននាក់ (១៧៥៣៦៤) បានដាក់ពាក្យស្នើសុំរៀបចំកម្ចីឡើងវិញ ដោយសារតែមិនមានលទ្ធភាពសង។ ចំនួននេះ បង្ហាញតែខាងសមាគមមីក្រូហិរញ្ញវត្ថុ ចំណែកខាងសមាគមធនាគារមិនបានបង្ហាញទេ។
នាយករងអង្គការលីកាដូទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត និយាយថា វិធានការរបស់រដ្ឋាភិបាលបានជួយមួយផ្នែក តែថា មិនទាន់ឆ្លើយតបទៅនឹងទំហំនៃផលប៉ះពាល់របស់ពលរដ្ឋជាប់បំណុលទេ បើធៀបអ្នកទទួលបានកម្ចីឡើងវិញ និងចំនួនអ្នកជំពាក់លុយធនាគារនោះ។
លោកថា៖ «ខ្ញុំមើលទៅ មិនបដិសេធទេរឿងរដ្ឋាភិបាលជួយមីក្រូហិរញ្ញវត្ថុ ទៅលើប្រជាពលរដ្ឋដែលជំពាក់លុយ។ ប៉ុន្តែ គ្រាន់ថា បើយើងមើលតួលេខទៅជាង១០ម៉ឺននាក់ ធៀបនឹងប្រជាពលរដ្ឋ ២លាន ៦សែនជាង ក៏វានៅតិចដែរ»។
លោក អំ សំអាត ព្រួយបារម្ភថា បញ្ហាបំណុល វានឹងក្លាយជាវិបត្តិសង្គម បើរដ្ឋាភិបាលមិនបង្កើនវិធានការពង្រឹងប្រសិទ្ធភាពរកដំណោះស្រាយទេនោះ ដោយអះអាងថា បញ្ហាបំណុលពេលនេះវាបានរអិលចូលទៅជារឿងនយោបាយ។
លោកថា៖ «ខ្ញុំគិតថាអញ្ចេះទេ បើសិនជាពលរដ្ឋដែលជំពាក់បំណុលហ្នឹង គ្មានលទ្ធភាពសងមែន ហើយនៅតែទាមទារ វាមិនដឹងយកអីមកបានទេ ហើយក៏បង្កជាបាតុភាពកើតឡើងដែរ។ អីចឹងអ្នកដែលគ្មានលទ្ធភាពហ្នឹង គួរតែមានការចរចាណាមួយហើយ»។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃចន្ទ បានបង្ហោះលិខិតមួយលើហ្វេសប៊ុករបស់លោក ដោយលើកឡើងថា បច្ចុប្បន្ន បញ្ហាប្រឈមធំបំផុតរបស់ប្រជាពលរដ្ឋខ្មែរ គឺវិបត្តិជំពាក់បំណុល។
លោក សម រង្ស៊ី អះអាងទៀតថា៖ «វិធានការរបស់រដ្ឋាភិបាលកន្លងទៅគ្មានប្រសិទ្ធភាពទេ ធ្វើឱ្យពលរដ្ឋបង្ខំចិត្តលក់កេរអាករ ឬរកកម្ចីឯកជនដែលមានអត្រាការប្រាក់ខ្ពស់ ជំរុញឱ្យមានចំណាកស្រុកទាំងប្រថុយប្រថានដើម្បីដោះបំណុល។»
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែឧសភា ថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ប្រើគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
លោកថា៖ «រាជរដ្ឋាភិបាលអត់បែរខ្នងដាក់ប្រជាជនទេ យើងដឹងហើយសព្វថ្ងៃដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមក ភ្លូកទឹកភ្លូកដី យើងក៏បានបម្រើផ្តល់ទៅវិញនូវអ្វីដែលជាសេចក្តីត្រូវការរបស់មហាជន»។
កាលពីថ្ងៃទី២៧ ខែមីនា ធនាគារជាតិបានចេញសេចក្តីណែនាំចំនួន ៩ចំណុច ឱ្យស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ អនុវត្តដើម្បីសម្រួលដល់អ្នកជំពាក់បំណុល។ ក្នុងចំណោម ៩ចំណុចនេះ ធនាគារជាតិមិនបានចាប់បង្ខំឱ្យអនុវត្តទេ គឺការជ្រើសរើសយកចំណុចណាមួយទៅអនុវត្ត ជាការសម្រេចដោយផ្ទាល់ទៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងថា ចំណុចដែលស្ថាប័នផ្តល់កម្ចីប្រើភាគច្រើនយកទៅប្រើមាន ២ចំណុច គឺការតម្រូវឱ្យបង់តែការប្រាក់ និងផ្អាកការបង់ទាំងដើមទាំងការ រយៈពេលពី ៣ ទៅ ៦ខែ។
អ្នកជំពាក់លុយធនាគារមួយចំនួនអះអាងថា វិធានការនេះមិនបានជួយសម្រួលដល់ពួកគាត់ទេ ព្រោះថា បើបង់តែការប្រាក់ បានន័យថា គាត់នៅតែជំពាក់ដដែល ត្រូវខំរកលុយបង់ការប្រាក់ ចំណែកការផ្អាកបង់ទាំងដើមទាំងការ ធនាគារតម្រូវឱ្យបង់ការប្រាក់សរុប ដល់ពេលផុតពេលពន្យារនេះ អាចក្លាយជាការដាក់បន្ទុកបន្ថែមទៀត។
ពលរដ្ឋអ្នកជំពាក់លុយមួយចំនួន ស្នើឱ្យក្នុងពេលផ្អាកបង់ ៦ខែនេះ គឺមិនត្រូវគិតការប្រាក់ទេ ទើបហៅថា ជាការជួយពលរដ្ឋក្នុងពេលលំបាក។
ទោះយ៉ាងណា វិធានការធនាគារជាតិហាក់មិនត្រូវស្ថាប័នផ្តល់កម្ចីមួយចំនួនយកទៅប្រើទេ ព្រោះការបង្ខំឱ្យពលរដ្ឋលក់ទ្រព្យសម្បត្តិ ឬបង្ខំឱ្យទៅចងការប្រាក់កន្លែងផ្សេងមកបង់ធនាគារនៅតែមាន ហើយករណីខ្លះ រហូតដល់ពលរដ្ឋថតពីសកម្មភាពនៃការឈ្លោះប្រកែកគ្នារវាងពលរដ្ឋអ្នកជំពាក់បំណុលជាមួយបុគ្គលិកធនាគារ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមជាបន្តបន្ទាប់ទៀតផង៕