សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រ និងអ្នកជំនួញធំៗនៅកម្ពុជា ស្នើអឺរ៉ុបជាថ្មីទៀតពន្យារការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដើម្បីជួយសង្គ្រោះការងាររបស់ប្រជាពលរដ្ឋដែលកំពុងបាត់បង់ដោយសារឥទ្ធិពលធ្ងន់ធ្ងរពីមេរោគឆ្លងរាតត្បាតកូវីដ១៩។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានចេញលិខិតរួមគ្នាមួយ ស្នើទៅអឺរ៉ុបពន្យារពេលដក EBA ដោយសារវិបត្តិកូវីដ១៩ កំពុងប៉ះទង្គិចធ្ងន់ធ្ងរដល់រោងចក្រផលិតទំនិញ ដំណើរ សម្លៀក បំពាក់ និងស្បែកជើង រួមទាំងកម្មករធ្វើការនៅតាមរោងចក្រទាំងនោះ។
ចាប់តាំងពីសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយមក សមាគមទាំងនេះបានដាក់សំណើជាបន្តបន្ទាប់ ដើម្បីស្នើឱ្យអឺរ៉ុបលុបចោលការសម្រេចវិញ ព្រោះថា ការដាក់ទណ្ឌកម្មនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ខ្មែររាប់លាននាក់។
ក្នុងលិខិតចុះថ្ងៃទី០២ ខែមិថុនា សមាគមទាំង ៣ លើកឡើងបន្ថែមថា រោងចក្រនៅកម្ពុជាប្រមាណ ២៥០ដែលផលិតទំនិញទាំងនោះ បានបង្ខំចិត្តផ្អាកប្រតិបត្តិការទាំងស្រុង ខណៈរោងចក្រភាគច្រើនផ្សេងទៀត កំពុងកាត់បន្ថយចង្វាក់ផលិតកម្ម ដោយសារការធ្លាក់ចុះការបញ្ជាទិញ។
លិខិតដដែលលើកឡើងទៀតថា កម្មករជាង ១៣ម៉ឺននាក់ក្នុងវិស័យទាំងនេះ ដែលភាគច្រើនជាស្រ្តីបានបាត់បង់ការងារ ហើយតួលេខនេះ នឹងកើនឡើងខ្លាំងនៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ ។
អគ្គលេខាធិការសមាគមស្បែកជើងកម្ពុជា លោក បិន កែវ លើកឡើងក្នុងលិខិតថា ដំណើរការលក់ទំនិញ ស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជា នៅត្រីមាសទី ២ខាងមុខ នឹងធ្លាក់ចុះពី ៥០ ទៅ ៦០ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ហើយការលក់ នឹងកើនវិញតិចតួចនៅមុនឆ្នាំ២០២១។
លោក បិន កែវ សរសេរបន្ថែមថា៖ «គ្រួសារកម្ពុជារាប់សែនកំពុងស្ថិតក្នុងហានិភ័យនៃភាពបាត់បង់ការងារ ហើយពលរដ្ឋកម្ពុជារាប់លាននាក់ អាចនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រជាថ្មី ប្រសិនបើគ្មានដំណោះស្រាយណាមួយទេនោះ»។
គណៈកម្មការអឺរ៉ុប គ្រោងនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា លើផលិតផលសម្លៀកបំពាក់ ២០ភាគរយ ស្បែកជើង ៣០ភាគរយ និងសម្ភារធ្វើដំណើរគ្រប់មុខ ចាប់ពីខែសីហាខាងមុខ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រការ់ដេរនៅកម្ពុជា (GMAC) លើកឡើងថា ការសម្រេចនេះនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់វិស័យរោងចក្រទាំងនោះ បន្ថែមពីលើផលប៉ះពាល់ពីវិបត្តិជំងឺឆ្លង។
លោក វ៉ាន់ ស៊ូអៀង ព្រមានក្នុងលិខិតដដែលថា៖ «ប្រសិនការដក [EBA] ដំណើរការទៅមុខទៀត ការបញ្ជាទិញ និងការងារ នឹងត្រូវបាត់បង់ច្រើនឡើងថែមទៀត ឬនឹងមិនត្រឡប់មកវិញ។ សហភាពអឺរ៉ុប មិនត្រូវព្រងើយចំពោះស្ថានភាពចុះដុនដាបនេះ និងផលប៉ះពាល់ធ្ងន់ធ្ងរពីការដកប្រយោជន៍ EBA [ពីកម្ពុជា] ក្នុងខែសីហា ខណៈការខូចខាតមិនធ្លាប់មាន ដោយសារមេរោគឆ្លងកំពុងធ្លាក់មកលើវិស័យរបស់យើងនៅឡើយ»។
នៅថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបបានសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្នពីកម្ពុជា ក្រោមហេតុផលថា កម្ពុជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែលផ្ទុយពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា ករណីសមាគមស្នើទៅសហភាពអឺរ៉ុបពន្យាពេលដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជានោះ វាល្អមួយ ប៉ុន្តែ លោកក៏ស្នើទៅសមាគមទាំងនោះ ដាក់សំណើរទៅរដ្ឋាភិបាលកម្ពុជាឱ្យគោរពលក្ខខណ្ឌរបស់សហភាពអឺរ៉ុបផងដែរ។
លោក មឿន តុលា បន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាគោរពតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប គឺប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយដែលសហភាពអឺរ៉ុបត្រៀមដកនោះ អាចនឹងត្រូវពិចារណាផ្តល់ឱ្យកម្ពុជាវិញ។
ប៉ុន្តែ លោកមិនសង្ឃឹមថា សហភាពអឺរ៉ុបលើកលែងការដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយនោះពីកម្ពុជាទេ ដោយថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាចាប់ខ្លួនសកម្មជនបក្សប្រឆាំង ការគំរាមកំហែងសកម្មជនបរិស្ថាន និងការរំលោភសិទ្ធិផ្សេងៗរបស់ប្រជាពលរដ្ឋជាដើម។
លោក មឿន តុលា បន្ថែមថា៖ «លក្ខខណ្ឌដែលគេតម្រូវហ្នឹង គឺរឿងធ្វើឱ្យប្រសើរឡើងនូវបញ្ហាសិទ្ធិកម្មករ សិទ្ធិមនុស្ស សិទ្ធិដីធ្លីក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យហ្នឹងឯង។ អ៊ីចឹងសមាគមទាំងអស់ហ្នឹងកុំស្នើសុំទៅតែសហគមន៍អឺរ៉ុប គួរស្នើ និងជំរុញលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា លោកធ្វើការពិចារណាដោះស្រាយអនុសាសន៍របស់សហគមអឺរ៉ុបដែលផ្តល់កន្លងមក។ បើសិនជាដោះរឿងហ្នឹងបាន ខ្ញុំគិតថា អា២០ភាគរយហ្នឹងវាអាចនៅត្រឹមហ្នឹងឬក៏គេអាចដកវិញ។»។
លោក មឿន តុលា បន្តថា បច្ចុប្បន្ន កម្ពុជាមានបញ្ហាធំៗចំនួន៣ ដែលរដ្ឋាភិបាលត្រូវដោះស្រាយ គឺបញ្ហាការរីករាលដាលជំងឺកូវីដ១៩ បញ្ហាអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) និងបញ្ហាលាងលុយកក្វក់។ នៅថ្ងៃទី១២ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបបានសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្នពីកម្ពុជា ក្រោមហេតុផលថា កម្ពុជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែលផ្ទុយពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៕
រាយការណ៍បន្ថែមដោយលោក ឃុត សុគុណ