សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុធី នៅពន្ធនាគារជាថ្មីទៀត ដោយលើកហេតុផលថា លោកមិនគោរពតាមលក្ខខណ្ឌរបស់តុលាការ។
អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃនេះ ក្រោមបទចោទរួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាបទល្មើសចាស់។
មេធាវីការពារក្ដីឱ្យលោក ហេង ចន្ទសុធី គឺលោក សំ សុគង់ ប្រាប់វីអូឌីនៅរសៀលថ្ងៃនេះថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចឱ្យឃុំខ្លួនកូនក្ដីរបស់លោកនៅពន្ធនាគារជាថ្មីទៀត ដោយលើកហេតុផលថា កូនក្ដីរបស់លោកមិនបានអនុវត្តតាមលក្ខខណ្ឌរបស់តុលាការដែលបានដោះលែងឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្នកាលពីខែវិច្ឆិកាឆ្នាំ២០១៩។
លោកបន្តថា មូលហេតុដែលកូនក្ដីរបស់លោកមិនបានបំពេញតាមលក្ខខណ្ឌតុលាការ ដោយសារ មិនបានទទួលដីកាសម្រេចដោះលែង ហើយក៏មិនបានដឹងថា នៅក្នុងដីកានោះតុលាការមានភ្ជាប់លក្ខខណ្ឌអ្វីដែរ ករណីនេះ ធ្វើឱ្យកូនក្ដីរបស់លោកខកខានក្នុងការបំពេញកាតព្វកិច្ច។
លោក សំ សុគង់ ចាត់ទុកការសម្រេចឃុំខ្លួនកូនក្ដីរបស់លោកជាថ្មីទៀតថា ជារឿងមិនត្រឹមត្រូវតាមច្បាប់ ដោយសារ ការមិនបានបំពេញកាតព្វកិច្ចនោះ លោកថា មិនមែនជាកំហុសរបស់កូនក្ដីលោកឡើយ។
លោកថា៖ «មិនទាន់ត្រឹមត្រូវតាមនីតិវិធីច្បាប់ទេ ហើយក៏មិនផ្ដល់យុត្តិធម៌ចំពោះកូនក្ដីខ្ញុំបាទដែរ ដោយសារ តាមបញ្ញត្តិ មាត្រា ២៣០ គឺគេចវេះមិនបំពេញកាតព្វកិច្ចនូវជនត្រូវចោទហ្នឹង លុះត្រាតែជាចេតនា មានន័យថា គាត់ទទួលបានដីកាសម្រេចហើយ ទទួលបានលិខិតជូនដំណឹងផ្សេងៗហើយ គាត់មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន អាហ្នឹងបានចៅក្រមស៊ើបសួរមានសិទ្ធិសម្រេចឃុំខ្លួនឡើងវិញ ប៉ុន្តែនេះ ក្នុងសំណុំរឿងកូនក្ដីខ្ញុំបាទ រហូតមកដល់ពេលនេះ ដីកាសម្រេចឱ្យនៅក្រៅឃុំដោយភ្ជាប់លក្ខខណ្ឌ…»។
សមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹកនេះ បានចាប់ខ្លួនអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុធី នៅពេលដែលធ្វើដំណើរនៅតាមផ្លូវ នៅក្នុងសង្កាត់ចោមចៅ។
កូនស្រីលោក ហេង ចន្ទសុធី គឺអ្នកស្រី ហេង ស្រីរ័ត្ន ថ្លែងថា ការចាប់ខ្លួននេះ សមត្ថកិច្ចមិនបានបង្ហាញដីកាទេ។ អ្នកស្រីចាត់ទុកការចាប់ខ្លួនឪពុកថា ជារឿងអយុត្តិធម៌ ដោយថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវតុលាការរំលាយមក ឪពុករបស់អ្នកស្រីមិនបានធ្វើសកម្មភាពនយោបាយទៀតនោះទេ។
អ្នកស្រីថា៖ «រាល់ថ្ងៃ គាត់នៅតែផ្ទះ វាអត់មានយុត្តិធម៌សម្រាប់គាត់។ គាត់ជរា មានជំងឺប្រចាំកាយផង ម្យ៉ាងទៀត បើគាត់ធ្វើអីខុស ក៏យើងអស់ចិត្តដែរ។ គាត់លើសឈាម ឡើងខ្លាញ់ ហើយខ្លាញ់រុំបេះដូង»។
អ្នកស្រី ហេង ស្រីរ័ត្ន បន្តថា ឪពុករបស់អ្នកស្រីធ្លាប់ត្រូវបានគេលួចវាយត្រូវក្បាល កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ចេញពីពន្ធនាគារបាន ១ខែ ប៉ុន្តែ ចាប់តាំងពីថ្ងៃគេវាយរហូតមកដល់បច្ចុប្បន្ននេះ អ្នកស្រីថា សមត្ថកិច្ចរកមិនទាន់ចាប់បានជនល្មើសមកផ្ដន្ទាទោសនៅឡើយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា ការដែលសមត្ថកិច្ចឃាត់ខ្លួនអតីតក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ លោកថា អនុវត្តតាមដីការបស់តុលាការ។
លោកថា៖ «ដោះលែងហ្នឹង មិនមែនរួចផុតបទល្មើសណា! បើគាត់នៅធ្វើបទល្មើស គេចាប់ទៀត មិនមែនដោះលែងហើយ អ្នកឯងរួចខ្លួនមួយជីវិត ចង់បាញ់អ្នកណាចោលក៏បានដែរណា មិនមែនអ៊ីចឹងទេ។ វាស្ថិតក្រោមការឃ្លាំមើលរបស់តុលាការកាលគេដោះលែងហ្នឹង ប៉ុន្តែ គាត់នៅតែមិនរាងចាល ហើយគាត់នៅតែបន្តញុះញង់ទៀត គេចេញដីកាចាប់ហើយ។ សួរតុលាការតែម្ដងទៅ តែតុលាការគេអនុវត្តដីកា គេយកទៅតុលាការហើយ»។
នាយករងអង្គការលីកាដូ លោក អំ សំអាត យល់ថា មុននឹងសម្រេចឃុំខ្លួន តុលាការគួរតែចេញដីកា ឬលិខិតជូនដំណឹងឱ្យច្បាស់លាស់សិន។
លោកថា៖ «កាលណាកាតព្វកិច្ចផ្លូវច្បាប់ វាទាល់តែមានដីកាដែលដាក់លក្ខខណ្ឌ ដែលគាត់បានទទួល ហើយគាត់មិនអនុវត្ត អាហ្នឹងបានវាខុស ប៉ុន្តែ បើគាត់មិនបានទទួល ស្មើនឹងគាត់អត់ដឹង។ អ៊ីចឹងមិនអាចទៅអនុវត្តកាតព្វកិច្ចលើគាត់បានទេ បើសិនជាគាត់អត់បានទទួលនោះ»។
មេធាវីការពារក្ដីឱ្យអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ លោក សំ សុគង់ ឱ្យដឹងថា គិតចាប់តាំងពីខែមករា ឆ្នាំ២០២០មក សមត្ថកិច្ចបានចាប់ខ្លួនអតីតមន្ត្រី និងសកម្មជនបក្ស CNRP រាជធានី-ខេត្ត ចំនួន ១៤នាក់ ក្រោមបទចោទប្រកាន់រួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់មិនឱ្យយោធាស្ដាប់បង្គាប់។
ការចាប់ខ្លួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្ដងទៀតនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ថា យុទ្ធសាស្ត្រផ្តាច់ក្បាលបំបែកដងខ្លួន នឹងត្រូវវាយបក បើក្រុមប្រឆាំងយកបញ្ហាកូវីដ១៩ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់លោក។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ អតីតមន្ត្រី និងសកម្មជនបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការដោះលែង ក្នុងនោះក៏មានលោក ហេង ចន្ទសុធី ដែរ៕