សង្គម​​ស៊ីវិល​​ស្នើ​​ឱ្យ​​កែ​​ខ្លឹម​សារ​​ខ្លះ​​នៃ​​សេចក្ដី​ព្រាង​​ច្បាប់​​ស្ដី​ពី​​សិទ្ធិ​​ទទួល​​បាន​​ព័ត៌មានដើម្បី​​ជំរុញ​​តម្លា​ភាព​​សង្គម​​

ក្រុមអ្នកឃ្លាំមើល​ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ រង់ចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកព័ត៌មានទាក់ទងនឹងរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (ទុយ អេងលី)

ក្រុម​អ្នកឃ្លាំមើល​មួយចំនួន ហៅ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ក្រសួង​គ្រោង​បញ្ជូន​ទៅ​គណៈរដ្ឋ​មន្ត្រី​នៅ​ខែក្រោយ​នោះ​ថា មិន​អាច​ជំរុញ​ដល់​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​តាម​បែប​ប្រជាធិបតេយ្យ​បាន​នោះ​ឡើយ ប្រសិនបើ​មាត្រា​ខ្លះ​នៃ​សេចក្ដីព្រាង​ច្បាប់​នេះ មិន​ត្រូវ​បាន​កែប្រែ​នោះ​ទេ។

ក្រុម​អ្នកឃ្លាំមើល​បាន​លើកឡើង​បែបនេះ​នៅក្នុង​សិក្ខាសាលា​ស្ដីពី​បច្ចុប្បន្នភាព​នៃ​សេចក្ដីព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​គោលនយោបាយ និង​តស៊ូ​មតិ (API) នៅ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃអង្គារនេះ។

ទីប្រឹក្សា និង​ជា​អ្នកជំនាញ​ច្បាប់​របស់​អង្គការ API លោក រ៉េ​ម៉ុន លី​អូ បាន​ថ្លែង​តាមរយៈ​អ្នកបកប្រែ​ក្នុង​សិក្ខាសាលា​នេះ​ថា ខ្លឹមសារ​នៃ​សេចក្ដីព្រាង​ច្បាប់​នេះ មិន​ត្រឹមតែ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ទេ ប៉ុន្តែ លោក​ថា ក៏​ត្រូវ​ស្របតាម​ច្បាប់អន្តរជាតិ​ដែល​ចែង​អំពី​សិទ្ធិពល​រដ្ឋ និង​សិទ្ធិ​នយោបាយ​ផង​ដែរ។

លោក រ៉េម៉ុន និយាយ​ទៀត​ថា មាត្រា១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពីសិទ្ធិពល​រដ្ឋ និង​សិទ្ធិ​នយោបាយ បាន​ចែង​ច្បាស់​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស ហើយ​ថា ដើម្បី​ធានា​សិទ្ធិ​នេះ ចំណុច៧ ត្រង់​មាត្រា២០ នៃ​សេចក្តី​ព្រាងច្បាប់​នេះ ដែល​និយាយអំ​ពី​ព័ត៌មាន​សម្ងាត់​របស់​ជាតិ គួរ​លុបចេញ។

លោក រ៉េម៉ុន មានប្រសាសន៍​ថា៖ «ព័ត៌មាន​ដទៃទៀត​ដូច​មាន​ចែង​នៅ​ក្នុង​[បទ]ប្ប​ញ្ញ​ត្តិ​ស្តី​ពី​ការ​ហាមឃាត់ ខ្ញុំ​គិតថា កន្លែង​នេះ​មិន​ច្បាស់​ទេ ហើយក៏​វា​ទូលំទូលាយ​ពេក។ អ៊ីចឹង អារម្មណ៍​របស់​ខ្ញុំ​ៗគិតថា យើង​គួរតែ​លុបចេញ»។

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ មាន ១០ជំពូក ៣៦មាត្រា។ បើ​តាម API ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ បាន​ធ្វើឡើង​តាំងពី​ឆ្នាំ២០០៤ ពោល​គឺ​ជាង ១០ឆ្នាំ​មក​ហើយ។

ប្រធាន​ក្រុមប្រឹក្សា​ច្បាប់​ទីប្រឹក្សា​អម្រិ​ន្ទ និង​ជាទី​ប្រឹក្សា​ច្បាប់​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក​មេធាវី សុក សំ​អឿន ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នោះ​ដែរ បាន​និយាយ​ថា ការ​បញ្ចេញ​ព័ត៌មាន​ពី​ស្ថាប័នរដ្ឋ អាច​នៅតែ​ជា​ឧបសគ្គ​ដល់​ការជំរុញ​តម្លាភាព​សង្គម ព្រោះថា អ្នក​សរសេរ​ច្បាប់ ផ្តោត​ការ​ដាក់ទោស​ទៅលើ​តែ​អ្នកគ្រប់គ្រង​ឯកសារ តែ​មិនបាន​ផ្តោត​អ្នក​ទម្លាយ​ព័ត៌មាន​សម្ងាត់​ទេ។

លោក សុក សំ​អឿន ប្រាប់​ថា៖ «ច្បាប់​នេះ​ដាក់ទោស​តែម​ន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​ហ្នឹង មាន​ដាក់ទោស​មន្ត្រី​ដែល​កាន់​ព័ត៌មាន​ឯណា!»

លោក សុក សំ​អឿន បង្ហាញ​ការ​ព្រួយបារម្ភ​ទៀត​ថា ច្បាប់​នេះ​ក៏​មិនបាន​ចែង​ពី​ការ​អស់​សុពលភាព​នៃ​ព័ត៌មាន​សម្ងាត់​មួយ ក្រោយពី​ព័ត៌មាន​សម្ងាត់​មួយ​នោះ ត្រូវ​បាន​ទម្លាយ​ដោយ​មន្ត្រី​ណាមួយ​ទៅ​ហើយ​នោះ ដែល​លោក​ថា ធ្វើឱ្យមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន នៅតែ​មិន​ហ៊ាន​បញ្ចេញ​ព័ត៌មាន​ឱ្យសាធារណជន ព្រោះ​ខ្លាច​មានទោស។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែន​ករុណា ដែល​ចូលរួម​សិក្ខាសាលា​នោះ​ដែរ និយាយ​ថា មាត្រា២០ នៃ​សេចក្តី​ព្រាងច្បាប់​នេះ ក៏បាន​ចែង​ពី​ការ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ថវិកាជាតិ ដោយ​ថា ជា​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ដែរ ដែល​លោក​ថា នេះ​ជា​ឧបសគ្គ​ដល់​ការធានា​គណនេយ្យ​ភាព​សង្គម ទប់ស្កាត់​អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «យើង​ដឹង​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​រង​ការរិះគន់​អី​ពី​អំពើពុករលួយ​ក្នុង​ការប្រើ​ប្រាស់​ថវិកាជាតិ​នេះ ដោយសារតែ​វា​បាន​ទៅ​តែម​ន្ត្រី​ខិលខូច​មួយចំនួន​មានបាន​ដោយសារ​អនុវត្ត​គម្រោង​អភិ​វឌ្ឍន៍ជាតិ​របស់​យើង។ អ៊ីចឹង​ហើយ​បាន​យើង​គិតថា ​ចំនុច​នេះ​សំខាន់ ​ត្រូវ​កែ»។

ទោះជាយ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល អះអាង​ថា ពួក​គេ​នឹង​បន្ត​តស៊ូ​មតិ​ទៅ​ស្ថាប័នរដ្ឋ​សភា​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យច្បាប់​នេះ​ធានា​សិទ្ធិមនុស្ស​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​តាម​បែប​ប្រជាធិបតេយ្យ។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័​ណ្ឌ បាន​បកស្រាយ​នៅក្នុង​សិក្ខាសាលា​នា​ព្រឹក​ថ្ងៃនេះ​ថា លើ​ពិភពលោក​នេះ គ្មាន​ច្បាប់​ណា​ល្អឥតខ្ចោះ​នោះ​ទេ សូម្បី​តែ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ និយាយ​ទៀត​ថា កម្ពុជា​ជា​ប្រទេស​លេចធ្លោ​ជាងគេ​ក្នុងចំណោម​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ទាំងអស់ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន ដូចជា​ការបង្កើត​ច្រកចេញ​ចូល​តែមួយ និង​បង្កើត​ក្រុម​អ្នកនាំពាក្យ​ចាប់ពី​ថ្នាក់​ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ សម្រាប់​ឆ្លើយតបទៅនឹង​អ្នកសារព័ត៌មាន​ជាដើម។

លោក មាស សុភ័​ណ្ឌ ថ្លែង​ថា៖ «កម្ពុជា​ផ្តល់​សច្ចាប័ន៨ក្នុងចំណោម​សច្ចាប័ន៩ ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នេះ ​អត់​ទាន់​មាន​ប្រទេស​ណា​បាន​ផ្តល់​សច្ចាប័ន​ទៅលើ​សន្ធិសញ្ញា និង​កតិកា​សញ្ញា​និយាយ​អំពី​សិទ្ធិមនុស្ស សិទ្ធិពល​រដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​ការងារ ​សិទ្ធិ​សហជីព សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី​អី​ដូច​កម្ពុជា​ទេ»។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ អះអាង​ទៀត​ថា សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ត្រូវ​បាន​គណៈកម្មការ​អន្តរក្រសួង​បិទ​បញ្ចប់​ដំណើរការ​នៃ​កិច្ច​ពិ​ភា​ក្សាហើយ ហើយ​លោក​ថា ក្រសួង​នឹង​បញ្ជូន​សេចក្តី​ព្រាងច្បាប់​នេះទៅ​គណៈរដ្ឋ​មន្ត្រី​ ដើម្បី​ពិភាក្សា​សម្រេច​នៅ​ខែក្រោយ។

នាយិកា​រង​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិ​ការ​ប្រចាំ​កម្ពុជា អ្នកស្រី ណា​ឌា អូ​តធី​ហ្គ័រ (Nadia Ottiger​) បាន​ថ្លែង​ដែរ​ថា សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន គឺជា​សិទ្ធិមនុស្ស​មួយ​ដ៏​សំខាន់​សម្រាប់​សាធារណជន​ក្នុង​ប្រទេស​ទាំងអស់ ​ក៏​ដូច​កម្ពុជា​ផង​ដែរ ហើយ​ថា ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​គណនេយ្យ​ភាព​សង្គម និង​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​ស្ថិតនៅ​ក្រោម​នីតិរដ្ឋ។

មាត្រា១ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ចែងថា ច្បាប់​នេះ​មាន​គោលបំណង​ធានា​ឱ្យសាធារណជន​មាន​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ចំណែក​គោលដៅ​នៃ​ច្បាប់​វិញ ជំរុញ​យ៉ាងណា​ឱ្យ​ស្ថាប័ន​សាធារណៈ​បំពេញ​កាតព្វកិច្ច និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​អតិ​បរមា​ជូន​សាធារណជន​ និង​លើកទឹកចិត្ត​ឱ្យសាធារណជន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គមនិង​វប្បធម៌ និង​យល់ដឹង​ពី​សេចក្តី​សម្រេច​នានា​របស់​រដ្ឋាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ