លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការលើអាជ្ញាធរមូលដ្ឋាន ប្រសិនបើរកឃើញភាពមិនប្រក្រតីនៅក្នុងដំណើរការផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់ពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន។
លោក ហ៊ុន សែន ដែលជាមេដឹកនាំគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនៅកម្ពុជានោះ បានព្រមានបែបនេះនៅក្នុងសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ។
ក្នុងសំណេរលើទំព័រហ្វេសប៊ុកលោក លោក ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរមូលដ្ឋាននៅតាមឃុំសង្កាត់ទូទាំងប្រទេស ឱ្យចៀសវាងការដាក់បញ្ចូលសាច់ញាតិខ្លួនឯងទៅក្នុងបញ្ជីពលរដ្ឋក្រីក្រ ឬងាយរងគ្រោះ ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភនេះ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះបណ្ដាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាផ្លូវការកាលពីថ្ងៃពុធសប្ដាហ៍មុន ហើយលោកថ្លែងថា រដ្ឋាភិបាលនឹងត្រូវចំណាយប្រាក់ ២៥លានដុល្លារក្នុងមួយខែៗសម្រាប់ជួយដល់ពលរដ្ឋ ៥៦ម៉ឺនគ្រួសារ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាពលរដ្ឋក្រីក្រ ឬងាយរងគ្រោះ៕