ក្រសួងពាណិជ្ជកម្ម អៈអាងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះកម្ពុជាទទួលបានចំណូលប្រមាណជិត៧សែនដុល្លារបន្ទាប់ពីការនាំចេញចេកអំបូងលឿងប្រមាណ១៤ម៉ឺនតោនទៅកាន់ទៅទីផ្សារក្នុងតំបន់ និងក្រៅតំបន់ ជាពិសេសប្រទេសចិន។
ការលើកឡើងបែបនេះស្របពេលដែល លោកប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចុះបំពេញទស្សនកិច្ចនៅកសិដ្ឋានផលិតចេកអំបូងលឿងរបស់ក្រុមហ៊ុន Longmate Agriculture នៅស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។
លោកប៉ាន់សូរស័ក្តិ មានប្រសាសន៍ថា ដើម្បីឱ្យបរិមាណនៃការនាំចេញទៅទីផ្សារអន្តរជាតិរក្សារបាននិរន្តភាព អ្នកផលិតត្រូវមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមី ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ។
លោក ប៉ាន់ សូរស័ក្តិ បន្តថា ការនាំចេញចេកអំបូងលឿនរបស់ខ្មែរ ភាគច្រើនគឺនាំចេញទៅកាន់ទីផ្សារចិន ហើយក្នុងនោះក៏មានទីផ្សារអាស៊ី អឺរ៉ុប និងអូសេអានី។
លោកថ្លែងថា៖«ការនាំចេញចេកអំបូងលឿងមិនមែនត្រឹមតែជួយបង្កើតការងារជូនប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែវាអាចជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបានជាច្រើន»។
តាមប្រភពក្រសួងឱ្យដឹងថា ការនាំចេញចេកអំបូងលឿង១៤ម៉ឺនតោនកម្ពុជាទទួលបានប្រាក់ចំនួន ៦៨,៥៦២,៧៩៣ដុល្លារ។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកជាង ១៥ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩,៣៣៦,៨៥៤ ដុល្លារ ទៅកាន់ទីផ្សារ អាស៊ី និងអូសេអានី៕