រដ្ឋាភិបាលបារាំងអនុម័តហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន១,៥លានអឺរ៉ូដែលស្មើប្រមាណ១,៧លានដុល្លារ ក្នុងគោលបំណងដើម្បីពង្រឹងវិស័យទេសចរណ៍កម្ពុជាក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩។
ក្រសួងទេសចរណ៍បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី២៤ ខែកក្កដានេះថា ជំនួយរបស់រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គឺធ្វើឡើងដោយភាគីបារាំងមើលឃើញពីផលប៉ះពាល់ខ្លាំងទៅលើវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការផ្អាកជើងហោះហើរអន្តរជាតិក្នុងបរិបទជំងឺកូវីដ១៩។
ក្នុងជំនួបកាលពីម្សិលមិញ ភាគីទាំងពីរក៏បានពិភាក្សាការងារលើគម្រោងស្តារឡើងវិញនូវវិស័យទេសចរណ៍ ព្រមទាំងប្រើប្រាស់គម្រោងអភិវឌ្ឍន៍ទាំង២៤គម្រោងសម្រាប់ពង្រឹងទេសចរណ៍ឱ្យដំណើរការល្អឡើងវិញ។
អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ លោក ណេប សាមុត បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំងនោះត្រូវអនុវត្តដើម្បីពង្រឹងអភិបាលកិច្ច ពង្រឹងសមត្ថភាព រចនាសម្ព័ន្ធវិស័យឯកជន ពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាដៃគូរដ្ឋនិងឯកជន និងជួយផ្សព្វផ្សាយគម្រោងជួយអេកូទេចរណ៍ ម្ហូបអាហារ ទេសចរណ៍ទីក្រុងជាដើម។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសបានត្រឹមប្រមាណ១,១លាននាក់ប៉ុណ្ណោះ គឺមានការថយចុះរហូតដល់ទៅ៣៨,៥%៕