មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូប បានចូលទៅបំភ្លឺនៅតុលា ការស្ងាត់ៗមុនការកំណត់ ដែលត្រូវធ្វើឡើងនៅថ្ងៃនេះ ដោយអះអាងថាមានធុរៈសំខាន់ចំថ្ងៃចូលបំភ្លឺនេះ។
តុលាការបានចេញដីកាកោះលោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកឲ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោង៩ព្រឹកថ្ងៃពុធនេះក្នុងនាមជាសាក្សីករណីសំណុំរឿងដែលគេចោទថា លោកកឹម សុខា មានស្នេហាលួចលាក់។
តែទោះយ៉ាងណាថ្ងៃពុធនេះលោកស្រី ឆន សុគន្ធាមិនបានចូលបំភ្លឺនោះទេ ដោយមន្រ្តី អាដហុកម្នាក់លោកស៊ឹង សែនករុណា ប្រាប់វីអូឌីថាលោកស្រី ឆន សុគន្ធាបានចូលបំភ្លឺរួច ហើយមុនកំណត់ ប៉ុន្តែលោកមិនបានចាំថ្ងៃណានោះទេ។
លោកអះអាងថាការចូលបំភ្លឺមុនពេលកំណត់នេះដោយសារលោកស្រី ឆន សុគន្ធាមានបេសកកម្មសំខាន់ចេញទៅក្រៅប្រទេសចំថ្ងៃចូលបំភ្លឺនេះ ។
លោកបន្ថែមថា៖ “យើងគ្រាន់តែប្រាប់បានថាគាត់(លោកស្រី ឆន សុគន្ធា)បានចូលបំភ្លឺហើយ ហើយគាត់មានបេសកកម្មចេញក្រៅប្រទេស អញ្ចឹងដោយសារតែយើងគិតថាខ្លាចលោគាត់ មានបញ្ហាហ្អីនៅពេលយើងប្រាប់ទីតាំងណាមួយ អញ្ចឹងយើងសុំអធ្យាស្រ័យត្រង់ចំណុចហ្នឹង”។
គួរបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប កំពុងជាប់ពន្ធនាគារពាក់ព័ន្ធករណីលោក កឹម សុខា។ អ្នកទាំងនោះរួមមាន លោក ណៃ វង់ដា លោកស្រី លឹម មុនី លោក យី សុខសាន្ត និងលោក នី សុខា៕