ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក រ៉ុង ឈុន ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជានិងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់កាលពីម្សិលមិញ បន្ទាប់ពីលោកបានបញ្ចប់នូវបទសម្ភាសជាមួយនឹងវិទ្យុអាស៊ីសេរីជុំវិញបញ្ហាព្រំដែន។ លោកត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីត្រូវបានសាកសួរអស់ជាច្រើនម៉ោងនៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ។
លោក សំ សុខគង់ មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បានឱ្យដឹងថា លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរកូនក្តីរបស់លោកជុំវិញការចុះទៅមើលបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំនិងសេចក្តីថ្លែងការណ៍ដែលលោកបានធ្វើកាលពីថ្ងៃទី២១ ខែកក្កដា បន្ទាប់ពីលោកចុះទៅតំបន់នោះ។
លោក សំ សុខគង់ បានបន្ថែមថា៖ «ការចោទប្រកាន់នេះគឺជារឿងមួយដែលថាមិនអាចទទួលយកបានទេ ដោយសារកូនក្តីរបស់ខ្ញុំបាទនេះគាត់បានទៅធ្វើការងារសង្គមហើយអ្វីដែលគាត់បានលើកឡើងក្នុងបណ្តាញហ្វេសប៊ុករបស់គាត់នេះគឺជាការរកឃើញរបស់គាត់ និងជាការបញ្ចេញមតិដែលការពារដោយរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ»។
យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៤៩៥ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ អាចប្រឈមនឹងទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ ៤លានរៀល។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចុះហត្ថលេខាដោយលោក រ៉ុង ឈុន ដែលចេញកាលពីថ្ងៃទី២១ ខែកក្កដាបានលើកឡើងថា ក្រុមការងាររបស់ខ្លួនចុះទៅពិនិត្យបង្គោលព្រំដែនលេខ១១៤ដល់១១៩ ក្នុងភូមិសាស្រ្តឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២០ ខែកក្កដា។ លោករ៉ុង ឈុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលថាការបោះបង្គោលព្រំដែនពីលេខ១១៤ដល់១១៩នោះមានភាពមិនប្រក្រតីច្រើន ដែលធ្វើឱ្យដីអាស្រ័យផលរបស់ពលរដ្ឋនៅភូមិសាស្រ្តនោះជាច្រើនរយហិកតាបាត់បង់ទៅខាងភាគីវៀតណាម។
លោក រ៉ុង វិជ្ជា ដែលជាក្មួយប្រុសលោក រ៉ុង ឈុន បានអះអាងថា នៅយប់កើតហេតុនៃការឃាត់ខ្លួនលោក រ៉ុង ឈុន អាជ្ញាធរមានគ្នាប្រមាណ៣០នាក់បានគំរាមពួកលោកដែលពេលនោះមានគ្នា៤នាក់ឱ្យសហការ ដោយថាបើមិនសហការបើកទ្វារឱ្យទេ សមត្ថកិច្ចនឹងគាស់ទ្វារចូលតែម្តង។
លោក រ៉ុង វិជ្ជា បានហៅការចោទប្រកាន់និងសម្រេចឃុំខ្លួនពូរបស់លោកថាជារឿងអយុត្តិធម៌ ដោយលោកថាសកម្មភាពដែលលោក រ៉ុង ឈុន បានធ្វើកន្លងមកគឺដើម្បីផលប្រយោជន៍ជាតិ។ លោកស្នើសុំតុលាការឱ្យដោះលែងនិងទម្លាក់ចោលបទចោទប្រឆាំងនឹងពូរបស់លោកផងដែរ។
លោកបានបន្ថែមថា៖ «ស្អែក ពួកខ្ញុំនឹងនៅតែបន្តតវ៉ាឱ្យមានការដោះលែងលោកគ្រូ រ៉ុង ឈុន ទៀត»។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានបង្ហាញការសោកស្តាយចំពោះការឃុំខ្លួនលោក រ៉ុង ឈុន និងស្នើតុលាការឱ្យពិនិត្យករណីនេះឡើងវិញ។
លោកបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថាចៅក្រមលោកនឹងពិនិត្យនិងពិចារណាលើរឿងនេះ ហើយនឹងអាចធ្វើការដោះលែងលោកឱ្យនៅក្រៅឃុំបណ្តោះអាសន្នក្នុងពេលឆាប់ៗ»។
ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន ទាំងអតីតបក្សប្រឆាំងនិងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានបង្ហាញការខកចិត្តចំពោះសកម្មភាពរបស់សមត្ថកិច្ចកម្ពុជានិងបានស្នើសុំឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះជាបន្ទាន់។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គមប)បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះថាការចាប់ខ្លួនលោក រ៉ុង ឈុន ជាការកំហិតសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលហ៊ាននិយាយរឿងព្រំដែនរបស់ជាតិ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានសរសេរថា៖ «គមប យល់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជាអ្នកបម្រើរាស្រ្ត បានចេញសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នរដ្ឋធ្វើការបំភ្លឺនិងប្រាប់ការពិតកុំឱ្យប្រជាពលរដ្ឋយល់ច្រលំករណីព្រំដែននេះ គឺគ្រប់ហើយ មិនចាំបាច់ចាប់ចងនិងចោទប្រកាន់ដូច្នេះទេ»។
គណបក្សឆន្ទៈខ្មែរក៏បានទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ និងឥតលក្ខខណ្ឌផងដែរ។
គណបក្សនេះលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលចេញនៅថ្ងៃនេះថា៖«សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជានិងសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឱ្យបញ្ឈប់ការគំរាមកំហែង គាបសង្កត់ រឹតត្បិតលើសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់និងឥតលក្ខខណ្ឌ»។
ចំណែកឯអតីតគណបក្សសង្រ្គោះជាតិក៏បានបង្ហាញការសោកស្តាយចំពោះការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជានិងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន នេះដែរ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញនៅថ្ងៃនេះអតីតបក្សប្រឆាំងដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ បានលើកឡើងថា៖ «ការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ជាពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលធានាការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបថា ករណីលោក រ៉ុង ឈុន គឺសមត្ថកិច្ចបានរកឃើញថាមានបទល្មើសកើតឡើងនិងមានមូលដ្ឋានច្បាស់លាស់ដោយផ្អែកលើអង្គហេតុនិងច្បាប់ដែលមានជាធរមាន ដោយថាសំណុំរឿងកំពុងដំណើរការតាមនីតិវិធីតុលាការ។
លោកបានបន្ថែមថា៖ «អ៊ីចឹងទេប្រសិនបើសាច់ញាតិឬក៏សាមីខ្លួនយល់ថាខ្លួនមិនបានប្រព្រឹត្តបទល្មើសទៅតាមការចោទហ្នឹងទេ គឺត្រូវចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់»។
ខណៈដែលតុលាការកំពុងសាកសួរលោក រ៉ុង ឈុន នៅថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋដែលគាំទ្រលោកប្រហែល៥០នាក់ បានប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបាននាំគ្នាស្រែកនិងឈរកាន់ក្រដាសទំហំA4 ដោយសរសេរអក្សរទាមទារដោះលែង លោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ ដោយថាការចោទប្រកាន់លោក រ៉ុង ឈុន ជារឿងអយុត្តិធម៌។
សន្តិសុខនិងកងកម្លាំងសមត្ថកិច្ចរាប់សិបនាក់ក៏ត្រូវបានដាក់ពង្រាយនៅជុំវិញសាលាដំបូងរាជធានីភ្នំពេញផងដែរ។ នៅពេលឈរកាន់ក្រដាសទំហំA4 និងស្រែកទាមទារឱ្យដោះលែង លោក រ៉ុង ឈុន នោះ ក្រុមសន្តិសុខខណ្ឌ៧មករាបានឈរនៅពីមុខក្រុមអ្នកតវ៉ានិងឆក់យកក្រដាសនោះពីដៃហែកចោល។ ស្របពេលជាមួយគ្នានោះក៏មានអ្នកនៅក្នុងរថយន្តខណ្ឌ៧មករាស្រែកតាមឧគ្ឃោសនសព្ទឱ្យប្រជាពលរដ្ឋកុំជឿលើ “ការញុះញង់” របស់លោក រ៉ុង ឈុន ដោយថាលោកបាននិយាយបំភ្លៃខុសពីការពិតដែលថាកម្ពុជាធ្វើឱ្យបាត់បង់ទឹកដីមួយចំនួនទៅឱ្យភាគីវៀតណាម។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ដែលចូលរួមតវ៉ានៅមុខសាលាដំបូងរាជធានីទាំងនៅពេលកំពុងភ្លៀងផងនោះបាននិយាយថាលោក រ៉ុង ឈុន មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «គ្រាន់តែគាត់[លោក រ៉ុង ឈុន]ឈឺឆ្អាលរឿងកម្មកររោងចក្រ ឈឺឆ្អាលរឿងព្រំដែនដែលប្រទេសជិតខាងទន្ទ្រានយក ជារឿងអយុត្តិធម៌ចំពោះលោក រ៉ុង ឈុន ណាស់ គឺលោក រ៉ុង ឈុន មិនមានកំហុសទេ សុំឱ្យអន្តរជាតិជួយលោក រ៉ុង ឈុន ផង។កម្ពុជាវេទនាណាស់»៕
រាយការណ៍បន្ថែមដោយ៖លោក ណាត សុភាព