ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញដល់ប្រជាកសិករ សហការជាមួយស្ថាប័ននិងក្រុមហ៊ុនពាក់ព័ន្ធ ធ្វើកសិកម្មបែបបច្ចេកទេសទំនើបស្របតាមស្តង់ដារសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីបរទេសនិងត្រៀមខ្លួននាំចេញលក់នៅលើទីផ្សារអន្តរជាតិ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម លោក ងិន ឆាយ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នៅទីស្ដីការគណៈរដ្ឋមន្ដ្រីថា ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម ត្រូវធ្វើការសហការជាមួយប្រជាកសិករ ដើម្បីចងក្រងជាសហគមន៍ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសដាំដុះបន្លែ និងផ្លែឈើ ជាពិសេសផ្លែស្វាយនិងចេក ជាដើម ដើម្បីឱ្យស្របតាមស្តង់ដារអន្តរជាតិ កាត់បន្ថយការនាំចូលពីបរទេស និងត្រៀមខ្លួននាំទៅលក់នៅលើទីផ្សារអន្តរជាតិផងដែរ។
លោកថ្លែងថា៖ «ប្រសិនបើការដាំដុះមិនអនុវត្តទៅតាមគោលការណ៍កសិកម្មល្អនិងស្របទៅតាមលក្ខខណ្ឌភូមិគាមអនាម័យទេ គឺយើងមិនអាចនាំផលិតផលកសិកម្មកម្ពុជាចេញបានទេ ក្នុងន័យនេះ យើងនឹងជំរុញការចរចាផ្នែកឯកសារជាមួយនឹងប្រទេសនាំចូល ហើយទន្ទឹមនឹងនេះ យើងនឹងចុះទៅបណ្តុះបណ្តាលកសិករបណ្តើរៗឱ្យរៀបចំខ្លួនជាស្រេច ក្នុងការអនុវត្តគោលការណ៍ការអនុវត្តកសិកម្មល្អ ដែលជាការតម្រូវពិសេសពីរសំខាន់សំរាប់បើកទីផ្សារកសិផលទៅទីផ្សារអឺរ៉ុប ក៏ដូចជាទៅទីផ្សារកសិកម្ម»។
នាយិកាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការ CEDAC) លោកស្រី តុង ចាន់ធាង យល់ស្របចំពោះការលើកឡើងរបស់មន្ត្រីជំនាញក្រសួងកសិកម្ម ដើម្បីឱ្យប្រជាកសិករធ្វើកសិកម្មតាមស្តង់ដារសុវត្ថិភាព។ ទោះយ៉ាងណា លោកស្រីថា ប្រជាកសិករភាគច្រើនខ្វះដើមទុនក្នុងការធ្វើកសិកម្ម ដែលករណីនេះលោកស្រីស្នើឱ្យស្ថាប័នរដ្ឋនិងគ្រឹះស្ថានឯកជន ផ្តល់ប្រាក់កម្ចីដោយគិតការប្រាក់តិច ដើម្បីផ្តល់ឱកាសឱ្យប្រជាកសិករអាចខ្ចីប្រាក់ធ្វើកសិកម្មបាន។
លោកស្រីមានប្រសាសន៍ថា៖ «កសិករគាត់ត្រូវការវិនិយោគ ដើមទុនក្នុងការសាងសង់ផ្ទះសំណាញ់ [សម្រាប់ការធ្វើកសិកម្មទំនើប] តាមខ្ញុំដឹង រោងមួយត្រូវចំណាយអស់ខ្ទង់ពាន់ដុល្លារឡើង ចំពោះកសិករដែលមិនមានលទ្ធភាពឬក៏គាត់មិនសូវមានដើមទុន នឹងជួបការលំបាកបន្តិច ប៉ុន្តែកសិករដែលគាត់មានដើមទុន គាត់ដូចជាមិនមានបញ្ហាទេ»។
បន្ថែមពីនេះ លោកស្រីក៏បង្ហាញពីក្តីបារម្ភជុំវិញសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលផងដែរ ដែលបញ្ហានេះអាចធ្វើឱ្យទំនិញនាំចេញត្រូវបង់ពន្ធ ហើយប្រជាកសិករធ្វើកសិកម្មមិនសូវទទួលបានផលចំណេញច្រើននោះទេ។
ស្របពេលគ្នានេះដែរ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននោះថា ករណី EBA ជាការទទួលខុសត្រូវរៀងៗខ្លួនរវាងកម្ពុជានិងសហគមន៍អឺរ៉ុប ដោយសារភាគីទាំងពីរមាននិន្នាការឯករាជ្យនិងអធិបតេយ្យភាពរៀងៗខ្លួន។ ករណីនេះ លោកបានប្រាប់ទៅក្រុមអ្នកប្រឆាំងរាជរដ្ឋាភិបាលមួយចំនួនថា កុំឱ្យយកបញ្ហា EBA មកនិយាយ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចនៅកម្ពុជា។
លោកថ្លែងថា៖ «យើងសុំឱ្យអ្នកដែលមិនយល់ពីនយោបាយខ្លះ កុំប្រើពាក្យឬគំនិតណាមួយ ដែលធ្វើឱ្យមានការច្របូកច្របល់ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងការប្រឹងប្រែងរបស់កសិករខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំរបស់យើង»។
របាយការណ៍របស់ក្រសួងកសិកម្មដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២០នេះ ការនាំចេញផលិតផលដំណាំកសិកម្មផ្លូវការ សម្រេចបានចំនួន២ ៦៨៩ ៩៨៧តោន កើនឡើង៩,០៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កន្លងមក ក្រសួងក៏បានបង្ហាញរបាយការណ៍ដែរថា កម្ពុជាបានចំណាយថវិកាខ្ទង់២០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ទៅលើការនាំចូលបន្លែពីបរទេសដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថា បន្លែនាំចូលទាំងនោះ ភាគច្រើននាំចូលពីប្រទេសវៀតណាមនិងប្រទេសចិន។
របាយការណ៍នោះបានបន្តថា កម្ពុជាត្រូវការបន្លែប្រមាណពី៥០០ទៅ៦០០តោនក្នុងមួយថ្ងៃៗ ក្នុងនោះនៅដើមឆ្នាំនេះ កម្ពុជានាំចូលប្រមាណ៣០ភាគរយ បន្ទាប់ពីបរិមាណនៃការនាំចូលបន្លែពីបរទេសចូលមកកម្ពុជាបានកើនឡើងដល់ទៅ៥០% កាលពីពាក់កណ្ដាលឆ្នាំមុន៕