រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ វេចខ្ចប់និងទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងទីតាំងរបស់ខ្លួនជាបណ្តោះអាសន្ននៅថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំ ដោយសារកម្មកររបស់ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីមួយចំនួនអវត្តមាន។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានលើកឡើងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាខាងមុខនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងមិនបានល្អដូចថ្ងៃធម្មតាទេ ដោយសារកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីមួយចំនួននឹងអវត្តមាន។
ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំការយោគយល់និងអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈនិងរក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន៕