រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំឭកដល់មន្ត្រីមុខងារសាធារណៈ ទាំងស៊ីវិលនិងនគរបាល ត្រូវអត់ធ្មត់ក្នុងការដោះស្រាយបញ្ហានានាជាមួយប្រជាពលរដ្ឋ ជាពិសេសវិវាទរឿងធ្លី ដោយចៀសវាងការប្រើហិង្សាលើពលរដ្ឋ និងមិនត្រូវយកកាំភ្លើងទៅបាញ់អ្នកធ្វើបដិវត្តន៍ពណ៌នោះទេ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃម្សិលមិញថា រាល់ការដោះស្រាយវិវាទឬទំនាស់នៅមូលដ្ឋាន ជាពិសេសបញ្ហាដីធ្លីនិងបញ្ហាផ្សេងៗ ទាមទារឱ្យមន្ត្រីមុខងារសាធារណៈ ទាំងកងកម្លាំងមានសមត្ថកិច្ច ត្រូវអត់ធ្មត់ ដើម្បីស្រាវជ្រាវឱ្យឃើញការពិតនិងដាច់ខាតមិនត្រូវប្រើប្រាស់ហិង្សាទៅលើប្រជាពលរដ្ឋ។
លោកថា៖ «ក្នុងនាមជាមន្ត្រីជាមុខងារសាធារណៈទាំងស៊ីវិល ទាំងនគរបាល ក្នុងពេលបំពេញការងារ គឺត្រូវបំពេញតាមតួនាទីជាមន្ត្រីមុខងារសាធារណៈ ហើយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈនគរបាល មន្ត្រីរាជការ ហើយយើងមិនត្រូវបែងចែកប្រជាជនទោះថាគេបក្សនេះបក្សនោះទេ គឺត្រូវមើលប្រជាពលរដ្ឋទាំងអស់ដូចៗគ្នា»។
ជាមួយគ្នានោះដែរ លោក ស ខេង ក៏បានលើកឡើងពីនិយមន័យនៃការប្រឆាំងបដិវត្តន៍ពណ៌ដែរដោយថា មិនមែនជាការយកកាំភ្លើងទៅបាញ់នរណាម្នាក់នោះទេ។
លោកបានថ្លែងថា៖ «យើងនិយាយថា ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ឥលូវនិយមន័យប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ហ្នឹងធ្វើម៉េច? មិនមែនយកកាំភ្លើងទៅបាញ់គេទេ មិនមែនទេ ធ្វើអញ្ចឹងខុសហើយ គឺយើងត្រូវប្រឆាំងខ្លួនយើងជាមុនសិន ចង់និយាយថា យើងធ្វើល្អជាមួយប្រជាពលរដ្ឋ ហ្នឹងហើយជាអាវុធដ៏ធំបំផុត[ក្នុងការប្រឆាំងបដិវត្តន៍ពណ៌] ចុះបើយើងអាងអំណាច យើងទៅរំលោភយកដីប្រជាជន ទៅរំលោភសិទ្ធិឬក៏ផលប្រយោជន៍ផ្សេងទៀតរបស់ប្រជាជន អាហ្នឹងគេម៉េចសុខចិត្ត អាហ្នឹងគេតវ៉ាគឺត្រឹមត្រូវហើយ»៕