ស្ថាប័នស្រាវជ្រាវរបស់ចិនរកឃើញថា ទូកនេសាទរបស់វៀតណាមចំនួន១០០គ្រឿងចូលដែនសមុទ្ររបស់កម្ពុជាដោយខុសច្បាប់នៅក្នុងខែកក្កដា។
ស្ថាប័នស្រាវជ្រាវមួយរបស់ចិនឈ្មោះថា គំនិតផ្តួចផ្តើមស្រាវជ្រាវពីស្ថានភាពយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង (South China Sea Strategic Situation Probing Initiativeឬហៅថា SCSPI) ចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៧ខែសីហា ថា ក្នុងខែកក្កដាកន្លងទៅនេះ ទូកនេសាទរបស់វៀតណាម១០០គ្រឿងចូលដែនសមុទ្រកម្ពុជាដោយខុសច្បាប់។ របាយការណ៍បញ្ជាក់ថា ចំនួននេះថយចុះ៣០ភាគរយបើប្រៀបធៀបជាមួយខែមិថុនា ដែលមានទូកនេសាទវៀតណាមចូលសមុទ្រខ្មែរដោយខុសច្បាប់មានចំនួន១៥៧គ្រឿង។
ក្រៅពីកម្ពុជា របាយការណ៍របស់SCSPI ក៏បានបង្ហាញថា នៅក្នុងខែកក្កដា ទូកនេសាទវៀតណាម ក៏បានចូលក្នុងដែនទឹករបស់ចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីដោយខុសច្បាប់ដែរ។
ចាប់តាំងពីចិនផ្សព្វផ្សាយរបាយការណ៍រហូតមកដល់ថ្ងៃទី២៣ខែសីហានេះ ស្ថានទូតវៀតណាមប្រចាំកម្ពុជា និង ទីភ្នាក់ងារព័ត៌មានវៀតណាម មិនទាន់ឃើញមានផ្សព្វផ្សាយខ្លឹមសារបកស្រាយជាផ្លូវការណាមួយពីករណីនេះនៅឡើយ។ ចំណែកក្រសួងការបរទេសកម្ពុជាក៏មិនទាន់មានការបកស្រាយករណីនេះដែរ។
SCSPIជាបណ្តុំរបស់អ្នកស្រាវជ្រាវនិងផ្តល់យោបល់របស់ចិន បង្កើតឡើងកាលពីខែមេសាឆ្នាំ២០១៩ដោយអះអាងថា ការបង្កើតឡើងស្ថាប័ននេះឡើង ដើម្បីជំរុញឱ្យមានការអនុវត្តន៍ឱ្យមានភាពត្រឹមត្រូវខាងសកម្មភាពយោធា សេដ្ឋកិច្ច នយោបាយ និងបរិស្ថាននៅសមុទ្រចិនខាងត្បូង។ ក្រុមប្រឹក្សាភិបាលនៃស្ថាប័ននេះមានសមាសភាពពីសមាគមយោធាចិន អ្នកច្បាប់ សាស្ត្រាចារ្យតាមសកលវិទ្យាល័យ និងអ្នកជំនាញស្រាវជ្រាវនៅសមុទ្រចិនខាងត្បូង ៕