យុវជន​​ម្នាក់​​នៅ​​ប៉ោយប៉ែត​​ប្តឹង​​នាយ​រង​​នគរ​បាល​​មួយ​​រូប​​ករណី​​បាញ់​ប្រហារ​​លើ​​ខ្លួន​

ប្រជាពលរដ្ឋម្នាក់ឈ្មោះ នាង មករា ភេទប្រុសអាយុ២១ឆ្នាំ ដែលត្រូវបានមន្ត្រីនគរបាលបាញ់ប្រហារ កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ (បណ្ដាញសង្គម)

​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ នាង មករា ភេទប្រុស ​អាយុ២១ឆ្នាំ​ នៅ​ថ្ងៃទី៣១ ខែសីហា​នេះ បាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​នាយរង​ប៉ុស្តិ៍​នគរបាល​និង​រដ្ឋបាលសង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត​ ឈ្មោះ ឬទ្ធី ពិសិដ្ឋ ចូល​ទៅកាន់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ចោទពី​បទ«មនុស្សឃាត​ដោយចេតនា​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់»។ 

លោក នួន វ័រ ឪពុក​របស់​យុវជន នាង មករា ថ្លែងប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ​ក្រុម​គ្រួសារ​របស់​គាត់​ដាក់ពាក្យ​ប្ដឹង​ចូល​តុលាការ​ដើម្បី​ឱ្យ​តុលាការ​រក​យុត្តិធម៌ បន្ទាប់ពី​កូន​របស់​គាត់​ត្រូវ​នាយរង​ប៉ុស្តិ៍​នគរបាល​ លោក ឬទ្ធី ពិសិដ្ឋ បាញ់ប្រហារ​កាលពី​ថ្ងៃទី២៧ ខែសីហា។

លោក នួន វ័រ មានប្រសាសន៍​ថា៖ «ខ្ញុំ​ទាមទារ​ឱ្យ​ជនល្មើស​ហ្នឹង​ជាប់ទោស​និង​ទារសំណង​ព្យាបាល​កូន​ខ្ញុំ។ ដូចជា​សាហាវ​ពេក​អីចឹង! ជាម​ន្ត្រី​រាជការ​ វា​បាញ់​យើង​ដូចជា​សត្វ ដូចជា​លលក​អីចឹង»។

លោក​បញ្ជាក់​ថា លោក​បាន​យកពាក្យ​បណ្ដឹង​ដាក់​ប្ដឹង​ចូល​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី៣១ ខែសីហា​តែម្ដង។

ក្នុង​លិខិត​ស្វែងរក​អន្តរាគមន៍​ពី​សមា​គម​អាដ​ហុក លោក នាង មករា រៀបរាប់​ថា ខ្លួន​ត្រូវ​លោក ឬទ្ធី ពិសិដ្ឋ​ បាញ់​មួយ​គ្រាប់​ពីក្រោយខ្នង បន្ទាប់ពី​បាន​ទាស់សម្ដី​គ្នា​ពេល​សួរនាំ​លើ​ករណី​នគរបាល​ឃាត់​ម៉ូតូ​អ្នកភូមិ​របស់​ខ្លួន កាលពី​យប់​ថ្ងៃទី២៧ ខែសីហា។ លោក​បន្ត​ថា លោក​ត្រូវ​បាន​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជាជប៉ុន​មង្គលបុរី។

លោក​ នាង ​មករា ​អះអាង​ក្នុង​លិខិត៖ «ខ្ញុំ​បាន​សួរ​ប៉ូល​ិសនោះ​ថា កើត​អី​បង​? គាត់​ឆ្លើយ​ថា​ មិនបាន​កើត​អី​ទេ។ ខ្ញុំ​បន្ត​ថា បើ​អត់មាន​កើត​អី​ទេ​ សូម​ឱ្យ​ពួក​គាត់​ទៅផ្ទះ​ទៅ ​យប់ជ្រៅ​ហើយ​! ប៉ូលិសថា អា​ហ្អែង​ខ្លាំង​ហ្អី​? បើ​ខ្លាំង​ចុះ​មក! ខ្ញុំ​តប​ថា បើ​មិនកើត​អី​ទេ​ ខ្ញុំ​ជិះ​ម៉ូតូ​ទៅផ្ទះ​មុន​ហើយ​[….] ស្រាប់តែ​ប៉ូលិសនោះ​ស្ទុះ​រត់​មក​បាញ់​លើ​រូប​ខ្ញុំបាទ​តែម្ដង ខ្ញុំ​មិនបាន​ដឹង​ថា ​ខ្ញុំ​ត្រូវគ្រាប់​ទេ​ដោយ​គ្រាន់តែ​លឺ​សំឡេង​ផ្ទុះ ​[…]។ ខ្ញុំ​ជិះ​ម៉ូតូ​ដល់​ផ្ទះ​ ខ្ញុំ​ស្ទះ​ដើមទ្រូង លុះដល់​ស្ទាប​ខ្នង​ ទើប​ដឹង​ថា​ ខ្ញុំ​ត្រូវគ្រាប់​កាំភ្លើង​ប៉ូល​ិសបាញ់»។

ទាក់ទង​នឹង​ករណីនេះ ​នាយ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត លោក ម៉ា រិន មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​ថា លោក​បានដឹង​រឿង​នេះនិង​រាយការណ៍​ជូន​ថ្នាក់លើ​រួចហើយ តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទេ។

លោ​ក ម៉ា​រិន មានប្រសាសន៍ថា៖ «ថ្ងៃកើត​ភ្លាម​ ធ្វើ​របាយការណ៍​រួច ថ្ងៃ​បញ្ជូន​ទៅ​អធិការ អធិការ​គាត់​បញ្ជូន​ទៅ​ស្នងការ»។

នៅពេល​ដែល​អ្នកសារព័ត៌មាន​វី​អូ​ឌី​សួរ​ថា តើ​នៅ​ថ្ងៃនេះ លោក ឬទ្ធី ពិសិដ្ឋ គាត់​មក​បំពេញការងារ​ឬទេ​? លោ​ក ម៉ា​រិន ប្រាប់​ថា៖ «អត់ទេ! ​គាត់​អត់​បាន​មក​បំពេញការងារ​ទេ គាត់​នៅ​ស្នងការ​នៅឡើយ»។ ស្នងការ​គាត់​ហៅ​ទៅ​ឬ? «បាទ​បាទ»

វី​អូ​ឌី​មិនទាន់អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អ្នកនាំពាក្យអគ្គស្នងការ​នគរបាល​ជាតិ ស្វែងរក​ការ​ឆ្លើយ​បំភ្លឺ​ពី​ករណីនេះ​បាន​នៅឡើយ​ទេ​ នៅ​ថ្ងៃទី៣១ ខែសីហា។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា មានប្រសាសន៍​ថា ករណី​បាញ់ប្រហារ​នេះ​ជា​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​សមត្ថកិច្ច។

លោ​ក ស៊ុំ ចាន់​គា មានប្រសាសន៍ថា៖ «យើង​កំណត់​ថា​ ជា​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយសារតែ​មន្ត្រី​ភ្នាក់ងារ​របស់​រដ្ឋ​បំពេញ​បេ​សកកម្ម​ មិនមែន​គាត់​ការពារ​ខ្លួន​ទេ។ គាត់​គឺ​មាន​ចេតនា​ទុច្ចរិត​ ហើយ​បាញ់​គេ​ពីក្រោយចំ​ស្លាបប្រជៀវ​ឆ្វេង​ធ្លាយ​មក​ក្រោម​ក្លៀក​ខាងស្តាំ»។ 

លោក​ស្នើ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​ចំពោះ​ករណីនេះ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​ថា ​សង្គម​កម្ពុជា​ជា​សង្គម​នីតិ​រដ្ឋ។

កាលពី​ខែកក្កដា ឆ្នាំ២០២០ អគ្គ​ស្នង​កា​រន​គរបាល​ជាតិ​ លោក ​នេត សាវឿ​ន បានសម្រេច​ដាក់​ពិន័យ​ចំពោះ​មន្ត្រី​នគរបាល​ចំនួន៧នាក់នៃ​ស្នង​កា​រន​គរបាល​ខេត្តព្រៃវែង។ អគ្គស្នងការ​បាន​ផ្អាក​ការងារ​បណ្តោះអាសន្នចំពោះ​ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ និង​មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចំនួន៣នាក់ ព្រោះតែ​រក​ឃើញថា ​មន្ត្រី​ទាំងនោះ​ប្រើប្រាស់​ហិង្សា​និង​ជម្រិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ថាពួក​គេ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ