អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ និយាយថា គណៈកម្មការថ្មីមួយត្រូវបានប្រកាសសុពលភាពក្នុងគោលបំណងទប់ស្កាត់បទល្មើសក្នុងពន្ធនាគារ។
គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធនាគារ លើកឡើងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងមហាផ្ទៃបានប្រកាសសុពលភាពគណៈកម្មការដឹកនាំការងារត្រួតពិនិត្យ ឆែកឆេរ ដើម្បីពង្រឹងការងារសន្តិសុខសុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី-ខេត្ត។
គេហទំព័រដដែលនេះបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហាកន្លងមក ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសនិងពង្រឹងការងារសន្តិសុខសុវត្ថិភាពពន្ធនាគារ។
VOD មិនអាចរកការបញ្ជក់ពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ដើម្បីចង់ដឹងថា វាមានបញ្ហាចម្បងអ្វីខ្លះកើតឡើងក្នុងពន្ធនាគារទើបក្រសួងត្រូវការបង្កើតគណៈកម្មការនេះ ដើម្បីទប់ស្កាត់បទល្មើសក្នុងពន្ធនាគារនិងស្ថិរភាពពន្ធនាគារនោះទេ ខណៈរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលធ្វើកិច្ចការនេះ លោក ប៉ាវ ហមផាន អះអាងថា ជាប់រវល់។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គនាយកពន្ធនាគារថ្មីកាលពីថ្ងៃទី១០ ខែសីហា បានបង្ហាញពីការព្រួយបារម្ភទៅលើការបន្តកើនឡើងយ៉ាងគំហុកអ្នកជាប់ឃុំពាក់ព័ន្ធនឹងគ្រឿងញៀន ភាពចង្អៀតណែនក្នុងពន្ធនាគារ ខណៈអ្នកជាប់ឃុំកើនដល់៤ម៉ឺននាក់ មានមន្ត្រីពន្ធនាគារតែជាង៣ពាន់នាក់ (៣០៧១) ដែលគិតជាមធ្យម មន្ត្រីពន្ធនាគារម្នាក់ត្រូវទទួលខុសត្រូវលើអ្នកជាប់ឃុំប្រហែល១៣នាក់។
លោក ស ខេង ថ្លែងថា៖ «បញ្ហាប្រឈមធំបំផុតឥលូវនេះ ជនជាប់ឃុំនៅបន្តកើនឡើង […] ឥលូវឧបមាថា ពន្ធនាគារហ្នឹងវាធ្លាយវឹបមក មិនដឹងថាដោះស្រាយយ៉ាងម៉េចទេ ប្រសេចប្រសាចមក ចោរលួច ចោរប្លន់ វាបញ្ហាអ៊ឺចឹង។ ឥលូវយើងមិនមើល! ពិតតែយើងគ្រប់គ្រងមនុស្សនៅក្នុងអគារមែន កន្លែងឃុំខ្លួនមែន ប៉ុន្តែ៤ម៉ឺននាក់អ៊ីចឹង យើងចែកទៅជាមួយនឹង៣ពាន់ ម្នាក់ទទួលខុសត្រូវប៉ុន្មាន?»
នាយករងអង្គការលីកាដូដែលឃ្លាំមើលសិទ្ធិមនុស្ស និងពន្ធនាគារ លោក អំ សំអាត និយាយថា ប៉ុន្មានឆ្នាំមកនេះ ពន្ធនាគារស្ទើរទូទាំងប្រទេស មានភាពចង្អៀតណែន ដោយថា អ្នកជាប់ឃុំភាគច្រើនពាក់ព័ន្ធគ្រឿងញៀន។ លោកថា វិធានការនេះនឹងមិនជោគជ័យទេ បើរដ្ឋាភិបាលមិនអាចទប់ស្កាត់មន្ត្រីនៅពីក្រោយបទល្មើសនិងទប់ស្កាត់អំពើពុករលួយបានទេនោះ។
អ្នកឃ្លាំមើលពន្ធនាគាររូបនេះ អះអាងដែរថា កន្លងទៅ មន្ត្រីរដ្ឋាភិបាលក៏ធ្លាប់ដាក់ចេញនូវវិធានការផងដែរ កុំឱ្យឧក្រិដ្ឋជនគ្រឿងញៀនយកពន្ធនាគារនៅកម្ពុជាធ្វើជាកន្លែងចែកចាយគ្រឿងញៀន។
លោក អំ សំអាត ប្រាប់ថា៖ «អ្វីដែលសំខាន់ ត្រូវដោះស្រាយបន្ទាន់ គឺអាភាពចង្អៀតណែនក្នុងពន្ធនាគារហ្នឹង ហើយអានៅខាងក្នុង វាជារឿងមួយ ប៉ុន្តែបញ្ហាគ្រឿងញៀននេះ វាត្រូវតែបង្កើនយុទ្ធសាស្ត្រនិងបង្ក្រាបចរាចរណ៍គ្រឿងញៀននៅខាងក្រៅនេះឱ្យវាមានប្រសិទ្ធភាព ល្អជាជាងការដែលយើងទប់ស្កាត់ក្នុងពន្ធនាគារផងដែរ»។
រដ្ឋាភិបាលបានធ្វើយុទ្ធនាការបង្ក្រាបគ្រឿងញៀនចាប់ពីឆ្នាំ២០១៧មក ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា ជាមូលហេតុចម្បងមួយធ្វើឱ្យពន្ធនាគារចង្អៀតណែនពុំទាន់អាចដោះស្រាយបាន។
ប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី១៣ ខែឧសភា បានចេញរបាយការណ៍វាយតម្លៃថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៣ឆ្នាំរបស់រដ្ឋាភិបាលកម្ពុជា បរាជ័យ។
Amnesty ថា ភាពបរាជ័យនេះ វាបានជំរុញឱ្យមានការកើនឡើងនូវការរំលោភសិទ្ធិមនុស្ស ការប្រើមធ្យោបាយឃុំឃាំងហួសកម្រិត បង្កឱ្យមានហានិភ័យដល់សេវាសុខភាពសាធារណៈ និងបង្កើតឱកាសឱ្យប្រព្រឹត្តអំពើពុករលួយ៕