យុវជននិងព្រះសង្ឃចំនួន៤អង្គ-នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួនក្នុងរយៈពេលពីរថ្ងៃនេះ ស្របពេលដែលពួកគេមានបំណងទៅប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងមតិនិងអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងព្រំដែន។
តាមគម្រោង ក្រុមពលរដ្ឋសកម្មដើម្បីយុត្តិធម៌ គ្រោងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៥ ខែកញ្ញា ដើម្បីទាមទារឱ្យមានយុត្តិធម៌នៅក្នុងសង្គម និងទាមទារឱ្យដោះលែងលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងមនុស្ស៤នាក់ទៀតដែលជាប់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធនឹងរឿងព្រំដែន។
កាលពីថ្ងៃមិ្សលមិញ សមត្ថកិច្ចបានចាប់ខ្លួនលោក មាន ព្រហ្មមុនី និងព្រះតេជគុណ កើត សារ៉ាយ តំណាងក្រុមពលរដ្ឋសកម្មដើម្បីយុត្តិធម៌ និងលោក គង់ សំអាន អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ។
យុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា បានឱ្យដឹងថា នៅថ្ងៃនេះ យុវជនម្នាក់ទៀតឈ្មោះ ថា ឡាវី ត្រូវសមត្ថកិច្ចបានចាប់ខ្លួន ខណៈដែលលោកកំពុងធ្វើដំណើរទៅទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមតវ៉ាជាមួយយុវជននិងប្រជាពលរដ្ឋផ្សេងទៀត ទាមទារឱ្យមានយុត្តិធម៌នៅក្នុងសង្គម។
កញ្ញាបានចាត់ទុកការចាប់ខ្លួនយុវជនរូបនេះ ថាជាការបំបិទសិទ្ធិសេរីភាពសម្តែងមតិរបស់ពលរដ្ឋ។
កញ្ញាថា៖ «គាត់[សមត្ថកិច្ចខណ្ឌ]ចាប់ចងគ្នាខ្ញុំម្នាក់ព្រឹកមិញហើយ មិនឱ្យយើងមានមាត់និយាយ ដូច្នេះតើឯណាទៅសិទ្ធិសេរីភាពប្រជាពលរដ្ឋ ហើយនេះជាទីសាធារណៈរបស់ប្រជាពលរដ្ឋ ខ្ញុំសុំសួរថា ហេតុអ្វីយើងមកសម្តែងមតិមិនបាន មកដាក់កងកម្លាំងរារាំងពួកយើង ហើយរុញច្រានពួកយើងទៀត»។
នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ ដែលក្រុមយុវជននិងប្រជាពលរដ្ឋជិត៥០នាក់ គ្រោងទៅសម្ដែងមតិនៅថ្ងៃនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជាច្រើននាក់ដាក់របាំងហ៊ុមព័ទ្ធនិងរារាំងពួកគេមិនឱ្យចូលជិតឡើយ។
សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត លោក មួង សុភ័ក្រ ដែលបានចូលរួមតវ៉ា បានលើកឡើងថា ការដែលពួកគាត់ទៅប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនោះ ក្នុងគោលបំណងបញ្ចេញមតិ និងអប់រំផ្នែកច្បាប់និងសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ដោយពុំមានការស្រែកទាមទារឱ្យដោះលែងនរណាម្នាក់ឡើយ។
លោកបន្តថា៖ «យើងចង់បានសេរីភាព យើងត្រូវតែទាមទារឱ្យរដ្ឋាភិបាលគោរពសន្ធិសញ្ញាទីក្រុងប៉ារីស និងកតិកាសញ្ញាស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងច្បាប់រដ្ឋធម្មនុញ្ញដែលចែងក្នុងមាត្រា៣៥ថា ពលរដ្ឋទាំងអស់គឺមានសិទ្ធិបញ្ចេញមតិទាមទារនូវអ្វីដែលខ្លួនពេញចិត្តឬមិនពេញ»។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកទាំង៤នាក់នេះគឺធ្វើតាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។
លោកថា៖ «អ្នកទាំង៤ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” ហើយពួកគេត្រូវបានបញ្ជូនខ្លួនទៅតុលាការអស់ហើយ»។
ពាក់ព័ន្ធនឹងករណីនេះដែរ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសមួយនៅថ្ងៃចន្ទនេះ ដោយស្នើទៅអាជ្ញាធរឱ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនាមាតាធម្មជាតិ ដោយលើកហេតុផលថា ពួកគេបានធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម។
ក្រសួងបានបន្ថែមថា ក្រុមយុវជនទាំងនោះក៏បានធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមិនបានចុះឈ្មោះក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃឡើយ។ ករណីនេះ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋកុំចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមទាំងពីរនេះផងដែរ។
កាលពីថ្ងៃទី២ ខែកញ្ញា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ហើយថា ការស្នើសុំធ្វើបាតុកម្មដោយអហិង្សាដើម្បីទាមទាររកយុត្តិធម៌សង្គមនេះ អាជ្ញាធរមិនអនុញ្ញាតឱ្យធ្វើនោះទេ ដោយសារតំណាងអ្នកដឹកនាំបាតុកម្មមិនអាចកំណត់សមាសភាពនិងចំនួនអ្នកចូលរួមបានច្បាស់លាស់ ដែលអាចបង្កគ្រោះថ្នាក់ណាមួយ ឬនឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ខណៈការអំពាវនាវពួកគេតាមបណ្តាញសង្គមក៏មានចរិតបំផុសញុះញង់ឱ្យប្រឆាំងជាមួយនឹងដំណើរការនីតិវិធីតុលាការផងដែរ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់បន្ថែមថា បើក្រុមយុវជនទាំងនោះនៅតែជួបជុំគ្នាសម្តែងមតិមិនស្របតាមច្បាប់ ពួកគេនឹងប្រឈមនឹងវិធានការរបស់អាជ្ញាធរដែលធ្វើឡើងដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព យល់ថា ការរារាំងនិងការចាប់ខ្លួនយុវជននិងប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ ជាការរឹតត្បិតសេរីភាពក្នុងការជួបជុំ បញ្ចេញមតិដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
លោកស្រីបានថ្លែងថា៖ «ការដែលចាប់ខ្លួនជាបន្តបន្ទាប់ ការទប់ស្កាត់រាល់ពលរដ្ឋគ្រាន់តែចង់ សម្ដែងមតិ ការជួបជុំដោយសន្តិវិធី ដែលត្រូវធានានៅក្នុងច្បាប់នេះ បែរជាត្រូវបានរំខាន ត្រូវបានចោទប្រកាន់ លាបពណ៌ផ្សេងៗ រហូតមានការចោទប្រកាន់ពីបទញុះញង់អីជាដើមហ្នឹង។ អ៊ីចឹងយើងមើលទៅរដ្ឋាភិបាលមិនបានចង់ស្ដាប់ចង់ឮនូវកង្វល់ ចង់ដោះស្រាយបញ្ហាប្រជាពលរដ្ឋចង់ឱ្យរដ្ឋាភិបាលដោះស្រាយនោះទេ។ នេះបង្កនូវបរិយាកាសមួយដែលធ្វើឱ្យមើលឃើញថា រដ្ឋាភិបាលចាត់ទុកប្រជាពលរដ្ឋជាសត្រូវ ដែលទាំងអស់នេះមិនគួរកើតឡើងទេ»។
កាលពីថ្ងៃអាទិត្យនិងនៅថ្ងៃចន្ទនេះ ចលនានិសិ្សតដើម្បីលទ្ធិប្រជាធិបតេយ្យនិងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នាកាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទនេះ ដោយបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលចាប់ឃាត់ខ្លួនសកម្មជនពលរដ្ឋសកម្មដើម្បីយុត្តិធម៌និងក្រុមយុវជនចលនាមាតាធម្មជាតិទាំងនោះ។
អង្គភាពទាំងពីរនេះបានទាមទារឱ្យរដ្ឋាភិបាលនិងតុលាការកម្ពុជាដោះលែងសកម្មជនទាំងអស់ ដោយគ្មានលក្ខខណ្ឌ រួមទាំងលោក រ៉ុង ឈុន យុវតី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ យុវតី ស កន្និកា លោក សួង សុភ័ណ្ឌ និងអ្នកឯទៀត ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធស្របច្បាប់របស់ពួកគេ ក្នុងការការពារផលប្រយោជន៍សង្គមជាតិ៕