អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្នើទៅអាជ្ញាធរកម្ពុជាឱ្យទម្លាក់ចោលការចោទប្រកាន់ទៅលើយុវជននិងសកម្មជនបរិស្ថាន១៤រូបដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះថា យុវជនទាំង១៤នាក់នោះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ហើយត្រូវបានចោទប្រកាន់ពីបទ«ញុះញង់»ពាក់ព័ន្ធនឹងការចូលរួមតវ៉ាដោយសន្តិវិធីដែលទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ហើយត្រូវបានចោទប្រកាន់ពីបទ«ញុះញង់»ផងដែរ ពាក់ព័ន្ធនឹងការថ្លែងពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានកត់ត្រារកឃើញថា បច្ចុប្បន្ន អាជ្ញាធររាជធានីភ្នំពេញកំពុងឃុំខ្លួនសកម្មជនការពារព្រៃឈើ សកម្មជនគណបក្សសង្គ្រោះជាតិ អ្នកសារព័ត៌មានចំនួនប្រមាណជាង៥០នាក់។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះថា ការចាប់ខ្លួនសកម្មជនរបស់អាជ្ញាធរកម្ពុជា បានបង្ហាញនូវការមិនយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែចំពោះសេរីភាពក្នុងការបញ្ចេញមតិនិងការជួបប្រជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិទ្ធិដីធ្លីនិងបរិស្ថានផងដែរ។
លោក រ៉ូបឺតសុន បន្តថា អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ការប្រើប្រាស់បទបញ្ញតិ្តនៃក្រមពហ្មទណ្ឌមិនត្រឹមត្រូវលើការញុះញង់ដើម្បីរារាំងការរិះគន់ដោយសន្តិវិធីពីការទាមទារជាសាធារណៈរបស់រដ្ឋាភិបាល។
លោក រ៉ូបឺតសុន ថ្លែងថា៖ «អាជ្ញាធរគួរតែដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែបញ្ឈប់ការហាមឃាត់ជាក់ស្តែងចំពោះការធ្វើបាតុកម្មសំខាន់ៗនៅក្នុងរាជធានីភ្នំពេញ។ ការរំលោភបំពានទាំងនេះធ្វើឱ្យរឿងនេះកាន់តែសំខាន់ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តនូវដំណោះស្រាយមួយដែលបង្កើនការឃ្លាំមើលរបស់អង្គការសហប្រជាជាតិ និងរាយការណ៍អំពីសិទ្ធិមនុស្សនៅកម្ពុជាដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស»។
ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៥ បានស្នើឱ្យអ្នករាយការណ៍ពិសេស និងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ធ្វើបទបង្ហាញពីការវាយតម្លៃប្រចាំឆ្នាំអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
យោងតាមការណែនាំរបស់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញា ក្រសួងមហាផ្ទៃបានណែនាំទៅអាជ្ញាធរឱ្យចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងសមាជិកក្រុមយុវជនខ្មែរថាវៈ និងអង្គការមាតាធម្មជាតិកម្ពុជា ដោយឈរលើមូលដ្ឋានមិនគាំទ្រថា សកម្មភាពរបស់ពួកគេបង្កើតជាការញុះញង់និងបង្កឱ្យមានការវឹកវរក្នុងសង្គម៕