ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group (UDG) ដោយថា ក្រុមហ៊ុនដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា មានជាប់ពាក់ព័ន្ធនឹងករណីរំលោភយកដីរបស់ពលរដ្ឋខ្មែរ និងបំពានសិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា បានលើកឡើងថា ការដាក់ទណ្ឌកម្មក្រុមហ៊ុនចិនមួយនេះ គឺធ្វើតាមបញ្ជាប្រធានាធិបតីលេខ ១៣៨១៨ ដែលយកតាមច្បាប់សកលម៉ានីតស្គី (Global Magnitsky)។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្រុមហ៊ុនUDG ដែលគ្រប់គ្រងដោយរដ្ឋអំណាចចិននេះ បានពាក់ព័ន្ធនឹងសកម្មភាពរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយ តាមរយៈមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាមួយរូបផងដែរ។
សេចក្តីប្រកាសព័ត៌មាន បានស្រង់ប្រសាសន៍ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្ទីវិន ម៉ានូជីន (Steven T. Mnuchin) ថា បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានចុះបញ្ជីក្លែងបន្លំថាជាក្រុមហ៊ុនកម្ពុជា ដើម្បីទទួលបានដីសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរ ហើយ ក្រោយមកក្រុមហ៊ុននេះ ក៏បានប្ដូរកម្មសិទ្ធិទៅជាក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋអំណាចចិនវិញ និងបានបន្តដំណើរការដោយគ្មានការដាក់ទណ្ឌកម្មណាមួយឡើយ។
លោកបានគូសបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាប្រើប្រាស់អំណាចពេញលេញរបស់ខ្លួន ដើម្បីកំណត់គោលដៅនៃការអនុវត្តបែបនេះនៅគ្រប់ទីកន្លែងដែលបានកើតឡើង»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារអាមេរិក សកម្មភាពរបស់ក្រុមហ៊ុនចិន UDG បានបណ្តាលឱ្យពលរដ្ឋកម្ពុជាជាច្រើននាក់ រងគ្រោះដោយសារការបណ្តេញចេញពីដីធ្លីរបស់ពួកគេដោយបង្ខំ ការបំផ្លាញបរិស្ថាន និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ក្រោមហេតុផលថា កែប្រែតំបន់នោះ ទៅជាគោលដៅទេសចរណ៍ និងច្រកដឹកជញ្ជូនទំនិញប្រចាំតំបន់។
វីអូឌី ពុំអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន និងប្រតិកម្មតបពីតំណាងក្រុមហ៊ុន UDG បាននៅឡើយ នៅថ្ងៃពុធនេះ។
ក្រុមហ៊ុនចិន Union Development Group ទទួលបានដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ចំនួន ៣៦ ០០០ហិកតា នៅខេត្តកោះកុង កាលពីឆ្នាំ២០០៨ ដោយជួលក្នុងរយៈពេល ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិតារាសាគរ ក្នុងទឹកប្រាក់ ៣,៨ពាន់លានដុល្លារ ដែលក្នុងនោះក៏មានការសង់ព្រលានយន្តហោះដ៏ធំជាងគេបំផុតនៅកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន៕