គណៈកម្មការទន្លេមេគង្គ បានដាក់ចេញនូវគោលការណ៍ណែនាំបច្ចេកទេសថ្មី ដើម្បីជួយកាត់បន្ថយហានិភ័យផ្នែកសង្គម និងបរិស្ថាន ពីគម្រោងទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ ពេញមួយវដ្តនៃគម្រោង។
សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ បានលើកឡើងថា គោលការណ៍ណែនាំកាត់បន្ថយហានិភ័យពីគម្រោងទំនប់វារីអគ្គិសនីរបស់ MRCនេះ មានរួមបញ្ចូលនូវសំណុំបច្ចេកទេសចំនួន ៣ផ្នែកផ្សេងគ្នា ដែលអាចជួយដោះស្រាយនូវហានិភ័យជាច្រើន ដែលគេទទួលស្គាល់ថា បានកើតមានក្នុងអំឡុងពេលអភិវឌ្ឍន៍គម្រោង។
MRC បានបន្តថា គោលការណ៍បច្ចេកទេសថ្មីនេះ បានធ្វើឡើងតាមរយៈការវាយតម្លៃលើសកម្មភាពសំខាន់ៗចំនួន៥ រួមមាន ជលសាស្ត្រទន្លេ និងលំហូរនៅផ្នែកខាងក្រោមទន្លេ, ភូមិសណ្ឋានវិទ្យា និងកំណកកករ, គុណភាពទឹក, ជលផល អេកូឡូស៊ីក្នុងទឹក និងជីវសាស្ត្រចម្រុះ, ធនធានធម្មជាតិ, និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី។
MRC បានបន្ថែមថា បើយោងតាមគោលការណ៍ទាំងនេះ ក្នុងអំឡុងពេលរៀបចំផែនការ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងដំណើរការរៀបចំប្លង់សាងសង់ អ្នកអភិវឌ្ឍន៍គម្រោងអាចចាត់វិធានការផ្សេងៗគ្នា ដើម្បីបង្កើនអត្ថប្រយោជន៍ និងជៀសវៀងផលប៉ះពាល់អវិជ្ជមាននានា ដូចជា ការជ្រើសរើសទីតាំងសាងសង់គម្រោងដែលសាកសមបំផុត ការអនុវត្តវិសាលភាពគម្រោងជំនួស ដូចជាទំនប់ទឹកទាប និងការប្រើប្រាស់ប្រភពថាមពលជំនួសជាដើម។
ក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ ដែលផលប៉ះពាល់មួយចំនួនមិនអាចកាត់បន្ថយបាន អ្នកអភិវឌ្ឍន៍គម្រោង ក៏មានជម្រើសផ្សេងទៀតក្នុងការកាត់បន្ថយផលប៉ះពាល់ផងដែរ។
នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC លោកបណ្ឌិត អាន ពេជ្រហត្ថដា មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា គោលការណ៍បច្ចេកទេសទាំងនេះ បានផ្តល់នូវការណែនាំក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ សម្រាប់ការរៀបចំប្លង់សាង់សង់ និងប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធគម្រោងទំនប់វារីអគ្គិសនី ដើម្បីជាជំនួយដល់ការរៀបចំផែនការ និងការគ្រប់គ្រងអាងទន្លេទាំងមូល ក៏ដូចជាតម្រូវការបន្ទាន់ក្នុងការអភិវឌ្ឍគម្រោងផងដែរ។
បើទោះជាឯកសារគោលការណ៍ណែនាំថ្មីនេះ មានយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យជាក់លាក់ ដើម្បីដោះស្រាយហានិភ័យផ្សេងៗគ្នាក៏ដោយ លោកបណ្ឌិត អាន ពេជ្រហត្ថដា បានលើកឡើងថា កិច្ចសហប្រតិបត្តិការនៅទូទាំងតំបន់លើការរៀបចំផែនការគម្រោងទំនប់វារីអគ្គិសនី និងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យ គឺមានសារៈសំខាន់ណាស់ ដើម្បីការពារផលប៉ះពាល់ដែលមានទ្រង់ទ្រាយធំ។
លោកថា៖ «ការកាត់បន្ថយហានិភ័យនៅកម្រិតអាងទន្លេ ទាមទារឲ្យមានផែនការជាប្រព័ន្ធរួមគ្នានៅកម្រិតតំបន់ ឬអាងទន្លេ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ រវាងប្រទេសជាសមាជិក និងដៃគូសន្ទនាដទៃទៀត។ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ស្មើនឹងប្រតិបត្តិការបែបសម្របសម្រួលនៃបណ្តាញទំនប់ និងជម្រើសចែករំលែកអត្ថប្រយោជន៍ផ្សេងៗទៀត»។
ការបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមនៃអតីតគម្រោងទំនប់វារីអគ្គិសនីប្រកបដោយចីរភាព (ហៅកាត់ថា ISH)របស់ MRC គោលការណ៍ណែនាំទាំងនេះ បានឆ្លងកាត់ការប្រឹក្សាយោបល់នៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើនជុំ ជាមួយនឹងអ្នកអភិវឌ្ឍន៍គម្រោង ភាគីពាក់ព័ន្ធនានា និងប្រទេសជាសមាជិករបស់ MRC រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម៕