រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល និយាយថា ចាប់ពីថ្ងៃពុធនេះទៅ ប្រជាពលរដ្ឋអាចធ្វើប័ណ្ណបើកបរអន្តរជាតិបាន ដែលលោកថាអាចប្រើប្រាស់បានជិត ១០០ប្រទេស។
ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅផ្សារទំនើបមួយ ក្នុងរាជធានីភ្នំពេញនាថ្ងៃនេះ លោក ស៊ុន ចាន់ថុល និយាយថា ការដែលកម្ពុជាអាចចេញប័ណ្ឌបើកបរអន្តរជាតិនេះបាន ដោយសារតែកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិ។
លោក ស៊ុន ចាន់ថុល ថ្លែងថា៖ «នៅថ្ងៃនេះជាថ្ងៃទី១ដែលយើង[កម្ពុជា]ចាប់ដំណើរការចេញប័ណ្ឌបើកបរអន្តរជាតិ ដែលបងប្អូនទៅពិភពលលោកទាំងមូលបងយកទៅប្រើ៩៩ប្រទេស ចាប់ដំណើរការពីថ្ងៃនេះ»។
បើតាមលោក ស៊ុន ចាន់ថុល ប័ណ្ណបើកបរអន្តរជាតិនេះ មានតម្លៃ២៥ម៉ឺនរៀល ហើយពលរដ្ឋអាចស្នើសុំបានតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះក៏បាន៕