គណបក្សកាន់អំណាចនៅកម្ពុជា បានសម្រេចផ្អាកការប្រារព្ធពិធីសំខាន់ៗរបស់ខ្លួននៅចុងឆ្នាំងនេះ និងដើមឆ្នាំក្រោយ ដោយសារតែក្ដីបារម្ភជុំវិញការរីករាលដាលនៃវីរុសកូរ៉ូណា។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ បានប្រាប់ទៅសមាជិកបក្សទាំងអស់ថា សន្និបាតប្រចាំឆ្នាំរបស់បក្សដែលគ្រោងធ្វើនៅចុងឆ្នាំនេះ ត្រូវបានផ្អាកទៅវិញ ហើយលោកថា របាយការណ៍បូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ឆ្នាំថ្មី នឹងត្រូវផ្ញើជូនទៅថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់។
លោក សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភាផងដែរនោះ ក៏បានជូនដំណឹងទៅសមាជិកបក្សទាំងអស់ថា ពិធីរំឭកខួប៤២ឆ្នាំនៃទិវាជ័យជម្នះ ៧មករានៅឆ្នាំក្រោយនេះ ក៏ត្រូវបានថ្នាក់ដឹកនាំបក្សសម្រេចផ្អាកផងដែរ ប៉ុន្តែ លោកថា បក្សគ្រោងរៀបចំជាស្លាកសញ្ញា បដាពាក្យស្លោក សម្រាប់ដាក់តាំងនៅទីតាំងនានា។
បើតាមសេចក្ដីជូនដំណឹង គណបក្សកាន់អំណាចបានសម្រេចផ្អាកការប្រារព្ធពិធីសំខាន់ៗរបស់ខ្លួនបែបនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
កាលពីចុងខែមិថុនាកន្លងមកនេះ ការប្រារព្ធខួប ៦៩ឆ្នាំនៃកំណើតបក្សនៅចុងខែមិថុនា និងកម្មវិធីសម្ពោធអគារទីស្នាក់ការថ្មីតម្លៃខ្ទង់ ៤០លានដុល្លារនៅពេលនោះដែរ ត្រូវបានផ្អាកទៅវិញ ដោយប្ដូរមកជារៀបចំត្រឹមពិធីសូត្រមន្តឡើងអគារទីស្នាក់ការថ្មីរបស់បក្សតែប៉ុណ្ណោះ។
គិតត្រឹមថ្ងៃនេះ មនុស្ស ២៨០នាក់ហើយឆ្លងវីរុសកូរ៉ូណា ត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ដល់ទៅ ២៧៦នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ៕