ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នបញ្ហាសុខភាពនិងកុំជឿលើការឃោសនាបោកប្រាស់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំខ្មែរដើម្បីព្យាបាលជំងឺគ្រុនឈីករបស់គណនីហ្វេសប៊ុក ឈ្មោះ Sen Sayana។
ការអំពាវនាវរបស់ក្រសួង បានធ្វើឡើងក្រោយពីគណនីហ្វេសប៊ុកឈ្មោះ Sen Sayana បានផ្សព្វផ្សាយពីការប្រើប្រាស់ថ្នាំខ្មែរ ដើម្បីព្យាបាលជំងឺគ្រុនឈីកឱ្យជាសះស្បើយ ដោយប្រើរូបមន្តផ្សំថ្នាំពីជីស្លឹកត្រចៀកជ្រូក ផ្លែចេកណាំវ៉ាខ្ចី និងដូងខ្ចី។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានកាលពីថ្ងៃម្សិលមិញ ដោយច្រានចោលទាំងស្រុងចំពោះការផ្សាយពីថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីករបស់គណនីហ្វេសហ៊ុក ឈ្មោះ Sen Sayana នេះ ដោយថា ជាការឃោសនាបោកប្រាស់និងភូតភរ ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនិងអាយុជីវិត។
ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងករណីមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ដែលសង្ស័យថាជាជំងឺគ្រុនឈីក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ ដូចជា មណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុត។
ក្រសួងបញ្ជាក់ថា៖ «សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅភ្លាមៗដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈីកនេះ»។
ក្រសួងក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sen Sayana នេះផងដែរ ក្នុងករណីមិនបញ្ឈប់ការផ្សព្វផ្សាយឬចែកចាយព័ត៌មានបែបនេះបន្តទៀត៕