មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំនេះ ទទួលបានថវិកាបរិច្ចាគពីសប្បុរសជននានា ជាង៨០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ក្នុងការលើកកម្ពស់សុខុមាលភាពកុមារនិងទារកនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ចុះថ្ងៃ០៨ ខែតុលា បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៣នៃឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាបានទទួលបានការបរិច្ចាគសរុបចំនួន៣៥២ ៩៣៤ដុល្លារអាមេរិក និង ១ ៩២០ ០៧៤ ១៤៩រៀល (ស្មើប្រមាណជាង៤៦ម៉ឺនដុល្លារ) ដោយរួមបញ្ចូលទាំងថវិកាបរិច្ចាគដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងមន្ទីរពេទ្យជ័យវរ័្មនទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផានៅខេត្តសៀមរាប)។
សេចក្តីប្រកាសព័ត៌មានបន្តថា ចំនួនថវិកាសរុបនេះ ទទួលបានមកពីសំណាក់សប្បុរសជនចំនួន៣៥ ៤១២នាក់ ក្នុងនោះមានសមាជិកកិត្តិយស១៣រូប, សមាជិកគាំទ្រចំនួន៣៣ ០៣២រូប, សប្បុរសជនផ្សេងៗ ២ ៣៦៧រូប និងថវិកាទទួលបានមកពីហិបនៅទីតាំងផ្សេងៗចំនួន១២កន្លែង។
សេចក្តីប្រកាសព័ត៌មាន បន្ថែមថា៖ «មូលនិធិគន្ធបុប្ផា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រនិងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារនិងទារកនៅកម្ពុជា»។
គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងក្នុងទស្សនៈវិស័យ «កុមារជាអនាគតរបស់កម្ពុជា» សម្រាប់ទទួលពិនិត្យនិងព្យាបាលជំងឺឱ្យកុមារនិងទារកនៅទូទាំងប្រទេសដោយឥតគិតថ្លៃ៕