មេធាវីការពារក្ដីឱ្យរដ្ឋាភិបាលនៅក្នុងសំណុំរឿងរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជានោះ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានថ្មីនៃគណៈមេធាវីកម្ពុជា ជាមួយសំឡេងគាំទ្រយ៉ាងច្រើនលើសលុបពីសមាជិកមេធាវី។
ការបោះឆ្នោតជ្រើសរើសប្រធានថ្មីនៃគណៈមេធាវីកម្ពុជា ជំនួសប្រធានបច្ចុប្បន្នដែលនឹងត្រូវចប់អាណត្តិនាពេលខាងមុខនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃនេះ នៅរាជធានីភ្នំពេញ។
អគ្គលេខាធិការរងនៃគណៈមេធាវីកម្ពុជា លោកមេធាវី លីវ សុវណ្ណា ប្រាប់វីអូឌីថា លោកមេធាវី លី ច័ន្ទតុលា ទទួលបានសំឡេងគាំទ្រពីក្រុមមេធាវីរហូតដល់ទៅ ១ ៤៤៤សំឡេង ខណៈមេធាវី កែត ឃី ទទួលបានសំឡេងគាំទ្រ ១៣០សំឡេង ហើយលោក សំ សុគង់ មេធាវីការពារក្ដីឱ្យគណបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំបក្សនេះ ស្ថិតនៅលំដាប់ទី៣ ជាមួយសំឡេងគាំទ្រ ៥៦សំឡេងប៉ុណ្ណោះ។
លោក លីវ សុវណ្ណា ប្រាប់ថា៖ «ប៉ុន្តែគុណសម្បត្តិគាត់ [លី ច័ន្ទតុលា] អាចមានលើសពីបេក្ខជនផ្សេងៗ បានជាសហភាតា [សមាជិកមេធាវី] គាំទ្រគាត់ច្រើនលើសលុបបែបនេះ»។
ថ្លែងទៅកាន់ក្រុមមេធាវីដែលចូលរួមនៅព្រឹកថ្ងៃនេះ លោក លី ច័ន្ទតុលា បានបង្ហាញអារម្មណ៍រីករាយ ហើយប្ដេជ្ញាការពារផលប្រយោជន៍រួមរបស់គណៈមេធាវី។
លោក លី ច័ន្ទតុលា ថ្លែងថា៖ «ខ្ញុំសូមប្ដេជ្ញាបន្ថែមថា ខ្ញុំនឹងបម្រើការពារផលប្រយោជន៍រួមវិជ្ជាជីវៈមេធាវីរបស់យើង ផលប្រយោជន៍រួមរបស់គណៈមេធាវី»។
ស្ថិតិរបស់គណៈមេធាវីកម្ពុជា បង្ហាញថា កម្ពុជាមានមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈដល់ទៅ ១ ៥៩៧រូប ក្នុងនោះមេធាវីជាស្ត្រីមានចំនួន ៣៤៩រូប ខណៈមេធាវីកំពុងធ្វើកម្មសិក្សាមានចំនួន ៤០៨រូប ហើយមេធាវីដែលព្យួរមិនប្រកបវិជ្ជាជីវៈ មានចំនួន ១១៣រូប។
លោក លីវ សុវណ្ណា បានឱ្យដឹងថា មានតែមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីព្យួរមិនប្រកបវិជ្ជាជីវៈប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតដោយផ្ទាល់ឬតាមរបៀបផ្ទេរសិទ្ធិ។
មេធាវីរូបនេះ បានឱ្យដឹងថា មេធាវីចូលរួមបោះឆ្នោតដោយផ្ទាល់មានចំនួនជាង ១ ៦០០នាក់ ខណៈមេធាវីដែលបានផ្ទេរសិទ្ធិក្នុងការបោះឆ្នោតនោះ មានចំនួនចន្លោះពី ១០០ ទៅ ២០០រូបអំឡុងការបោះឆ្នោតនៅព្រឹកមិញនេះ។
បេក្ខជនទទួលបានសំឡេងឆ្នោតលំដាប់ទី២ លោកមេធាវី កេត ឃី បានលើកឡើងពីភាពមិនសុក្រឹតនៃការបោះឆ្នោតនេះ ដែលត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតដោយតំណាងសមាជិកមេធាវីដែលមិនបានចូលរួមដោយផ្ទាល់។
លោក កែត ឃី បានបន្ថែមថា៖ «ចំណុចអវិជ្ជមាន គឺបញ្ហាបោះឆ្នោតហ្នឹងហើយ ដោយសារតែវាធើ្វទៅអត់សុក្រឹត ដូចរដ្ឋាភិបាលបានរៀបចំការបោះឆ្នោតរដ្ឋសភា ព្រឹទ្ធសភា ឬក៏ក្រុមប្រឹក្សាឃុំសង្កាត់រាជធានីខេត្តនោះទេ ដែលមិនឱ្យផ្ទេរសិទ្ធ តែគណៈមេធាវីឱ្យផ្ទេរសិទ្ធ ដែលធ្វើឱ្យបាត់ការសម្ងាត់និងខុសឆន្ទៈម្ចាស់ឆ្នោត»។
ឆ្លើយតបនឹងចំណុចនេះ លោក លីវ សុវណ្ណា បានប្រាប់ថា ការបោះឆ្នោតរបៀបនេះ ត្រូវបានអនុញ្ញាតដោយគោលការណ៍របស់គណៈមេធាវី ហើយវាក៏ត្រូវបានស្នើឱ្យមានការកែប្រែដែរ ប៉ុន្តែមិនបានសម្រេច។
ទោះយ៉ាងណា លោក កេត ឃី ប្រាប់ថា លោករីករាយចំពោះលទ្ធផលនៃសំឡេងគាំទ្រទៅលើរូបលោក ហើយអះអាងថា លទ្ធផលនេះកើតចេញពីការប្រកួតប្រជែងមួយដែលលោកថា មិនបានចំណាយថវិកាទៅលើការជប់លៀងផឹកស៊ីនោះឡើយ។
លោក កែត ឃី ប្រាប់ថា៖ «លទ្ធផលនេះ គឺខ្ញុំសប្បាយចិត្តដែលយើងបានចូលរួមប្រកួតប្រជែងទៅតាមប្រព័ន្ធសារព័ត៌មាន ហ្វេសប៊ុក និងតាមតេឡេក្រាម គឺយើងមិនបានទៅចំណាយថវិកាទៅអញ្ជើញគេជប់លៀងនិងផ្តល់អំណោយទេ គឺយើងធ្វើទៅតាម[គោលការណ៍] គេមើលកម្មវិធីគោលនយោបាយរបស់យើង ហើយគេក៏សុខចិត្តបោះឆ្នោតឱ្យយើងដែលយើងមិនបានទៅចំណាយសូម្បីកាហ្វេមួយកែវ»។
ប៉ុន្តែលោក លី ច័ន្ទតុលា ថ្លែងទៅកាន់ក្រុមមេធាវីថា ការប្រកួតប្រជែងត្រូវបានធ្វើឡើងដោយរលូន ហើយមិនមានការវាយប្រហារគ្នានោះឡើយ។
លោក ច័ន្ទតុលា ប្រាប់ថា៖ «យើងបានប្រកួតប្រជែងគ្នាដោយមិនមានបញ្ហានិងមានការវាយប្រហារគ្នា ហើយគឺយើងធ្វើការជជែកអំពីគោលនយោបាយ យើងលើកតែអំពីគុណសម្បត្តិ លក្ខណៈសម្បតិ្តរបស់យើងរៀងៗខ្លួន ដើម្បីទាញយកការស្រលាញ់និងការគាំទ្រ និងការបោះឆ្នោតពីសំណាក់បងប្អូនសហមេត្តមេធាវី»។
បើតាមលោក សុវណ្ណា ដំណើរការផ្ទេរសិទ្ធិទៅប្រធានជាប់ឆ្នោតថ្មី នឹងត្រូវរៀបចំធ្វើចាប់ពីសប្ដាហ៍ក្រោយ បន្ទាប់ពីមានការទទួលស្គាល់លទ្ធផលបោះឆ្នោតជាផ្លូវការ។
អាយុ៤២ឆ្នាំ លោក លី ច័ន្ទតុលា គឺជានាយកក្រុមហ៊ុនមេធាវី អេស.វី.ភី. និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ប្រចាំទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានឋានៈស្មើនឹងរដ្ឋមន្ត្រី។
នៅពេលចោទសួរអំពីទំនាស់ផលប្រយោជន៍នៅក្នុងតួនាទីនេះ លោក លី ច័ន្ទតុលា ប្រាប់ថា៖ «បច្ចុប្បន្ន ខ្ញុំជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែតួនាទីគឺជាតួនាទីមិនមែនលក្ខណៈមុខងារសាធារណៈ ជាមន្ត្រីរាជការទេ។ ដូច្នេះ តួនាទីនេះមិនមានបញ្ហាវិសមភាពជាមួយនឹងការងារជាមេធាវីឬការងារប្រធានមេធាវីទេ។ អ៊ីចឹងតាមរយៈនេះ វាគឺមិនជាបញ្ហាទេ»។
លោក ច័ន្ទតុលា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពី ហ្សង់ មូលឡាំង លីយ៉ុង ៣ ក្នុងប្រទេសបារាំងនៅឆ្នាំ២០០៣ ហើយក្លាយជាមេធាវីពេញសិទ្ធិនៅក្នុងឆ្នាំ២០០៩។ មេធាវីរូបនេះ ក៏ជាសាស្ត្រាចារ្យបង្រៀនច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។
ក្នុងអាជីពជាមេធាវី ១១ឆ្នាំមកនេះ លោក លី ច័ន្ទតុលា បានការពារក្ដីឱ្យរដ្ឋាភិបាលនៅក្នុងសំណុំរឿងដែលនាំទៅរកការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ និងជាសមាជិកមួយរូបនៃក្រុមមេធាវីការពារក្ដីឱ្យរដ្ឋាភិបាលនៅក្នុងសំណុំរឿងកំពុងបន្តដែលចោទប្រកាន់ប្រធានបក្សប្រឆាំង លោក កឹម សុខា ពីបទ«ក្បត់ជាតិ»។
លោកមេធាវី លី ច័ន្ទតុលា ក៏បានការពារក្តីឱ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី ដែលបានប្តឹងវិទ្យុអាស៊ីសេរី ជុំវិញការបញ្ឈប់ពីការងារដោយមិនមានមូលហេតុ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឱ្យវិទ្យុអាស៊ីសេរីចាញ់ក្តី ហើយបង្គាប់ឱ្យវិទ្យុទទួលបានមូលនិធិពីអាមេរិកមួយនេះ បង់សំណងសរុបជាង ២៨ ០០០ដុល្លារ ទៅឱ្យអ្នកស្រី អ៊ុក សាវបូរី។
លោកក៏មានស្នាដៃការពារក្តីឱ្យលោក ហ៊ុន ម៉ានី កូនលោកនាយករដ្ឋមន្ត្រី ដោយយកឈ្នះក្តីប្រឆាំងនឹងលោក រាជ សុធន ប្រធានក្រុមហ៊ុន RSL Royal Shipping Line ដែលបានប្រើឈ្មោះរបស់លោក ដើម្បីបោកប្រាស់មន្រ្តីគយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីដើមខែសីហា ឆ្នាំ២០១៤ ដើម្បីធ្វើសកម្មភាពបន្លំបោកប្រាស់អ្នកដទៃឬធ្វើសកម្មភាពល្មើសច្បាប់៕