ទាហានវៀតណាមជាច្រើននាក់បានស្លាប់ និងទាហានជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានការបាក់ដីដ៏ធំមួយដែលឡោមព័ទ្ធបន្ទាយទាហាន អំឡុងពេលមានទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់កើតឡើងនៅក្នុងប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ប្រតិបត្តិការស្វែងរក កំពុងបន្តដំណើរការនៅឡើយ ដើម្បីរុករកអ្នកអាចនៅរស់រានមានជីវិតដែលកប់នៅក្រោមល្បាប់ភក់ក្រាស់ឃ្មឹកនៅឯស្ថានីយយោធាមួយកន្លែង ស្ថិតនៅក្នុងខេត្តក្វាងទ្រី ស្ថិតនៅភាគកណ្ដាលនៃប្រទេសវៀតណាម។
សារព័ត៌មានម៉េត្រូរបស់អង់គ្លេស ចុះផ្សាយថា រហូតមកដល់ពេលនេះ មនុស្សចំនួន១១នាក់ហើយត្រូវបានបញ្ជាក់ថាស្លាប់ ហើយមនុស្សចំនួន១១នាក់ទៀតកំពុងបាត់ខ្លួន ដែលនាំឱ្យចំនួនមនុស្សស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅសប្ដាហ៍កន្លងមកនេះ កើនឡើងដល់យ៉ាងតិច៦៤នាក់ហើយ។
អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក ផាន់ វ៉ាន់យ៉ាង (Phan Van Giang) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា៖ «យើងមិនបានដេកពួនទេកាលពីយប់មិញនេះ»។
អ្នកបានឃើញហេតុការណ៍នោះ បានរៀបរាប់ថា ថ្មធ្លាក់ចុះមកដូចជាគ្រាប់បែកធ្លាក់នៅលើជុំរុំដែលបានសាងសង់នៅឯជើងភ្នំ។
មន្ត្រីមូលដ្ឋាន លោក ហា ង៉ុកដួង បាននិយាយប្រាប់គេហទំព័រ VnExpress ថា៖ «ចាប់ពីម៉ោង២ព្រឹក ផ្ទាំងថ្មប្រមាណពី៤ទៅ៥ផ្ទាំងបានផ្ទុះឡើងដូចគ្រាប់បែក ហើយវាហាក់ដូចជាភ្នំទាំងមូលជិតដួលរលំអ៊ីចឹង»។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់តំបន់នេះអស់រយៈពេលជាងមួយសប្តាហ៍ហើយ ដែលបណ្តាលឱ្យមានទឹកជំនន់ធំធេងនិងការរអិលបាក់ដី ហើយមានការព្រួយបារម្ភច្រើនថា ទឹកអាចនឹងកើនឡើងថែមទៀត។
នាយសេនាធិការចម្រុះឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង បានព្រមានថា វាអាចនឹងមានការរអិលបាក់ដីបន្ថែមទៀតនៅក្នុងតំបន់ ហើយលោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះត្រូវតែរកវិធីដែលមានសុវត្ថិភាពជាងមុន ដើម្បីចូលទៅកាន់ទីតាំងនោះ។
វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសមាជិកក្រុមជួយសង្គ្រោះ១៣នាក់ត្រូវបានគេរកឃើញថាបានស្លាប់ បន្ទាប់ពីពួកគេព្យាយាមមិនបានសម្រេចដើម្បីជួយសង្គ្រោះកម្មករពីរោងចក្រវារីអគ្គិសនីមួយកន្លែងដែលត្រូវជុំជិតទៅដោយដីរអិលបាក់ធ្លាក់មក។
សាកសពបុគ្គលិកពីរនាក់នៅរោងចក្រនេះ ត្រូវបានគេរកឃើញ ប៉ុន្តែមនុស្ស១៥នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានសោកនាដកម្មនៅក្នុងខេត្តធួធៀនហឺ ជាខេត្តស្ថិតជាប់នឹងខេត្តក្វាងទ្រី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា កម្ពស់ទឹកទន្លេនៅក្វាងទ្រីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរទសវត្ស។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានបង្កើនការព្រមានប្រុងប្រយ័ត្នគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុតទី២ កាលពីថ្ងៃអាទិត្យ ដោយព្រមានពីទឹកជំនន់និងការបាក់ដីបន្ថែមទៀត។
ប្រទេសវៀតណាមងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ហើយតែងតែទទួលរងនូវព្យុះរាប់សិបដងក្នុងមួយឆ្នាំ ដែលជារឿយៗនាំមកនូវទឹកជំនន់និងការរអិលបាក់ដី។
ការិយាល័យស្ថិតិទូទៅ បាននិយាយថា មនុស្សជាង១៣០នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ឬបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេសកាលពីឆ្នាំមុន។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្រិតទឹក៦០០មីល្លីម៉ែត្រ នឹងបន្តនៅផ្នែកខ្លះនៃភាគកណ្តាលប្រទេសវៀតណាមរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ៕